កីឡាអន្តរជាតិ
អន្តរជាតិ
Man City លើកពាន Premier League លើកទី២នារយៈពេល៣ឆ្នាំចុងក្រោយ 12, May 2014 , 12:18 am
× Manchester City បានក្លាយជាម្ចាស់ពាន English Premier League ជាលើកទីពីរសម្រាប់រយៈពេល៣ឆ្នាំចុងក្រោយនេះ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ ២-០ លើ West Ham នៅលើទឹក Etihad Stadium កាលពីថ្ងៃអាទិត្យ ខណៈ Liverpool ដែលជាគូប្រជែងបានត្រឹមតែខកចិត្ត បើទោះបីជាពួកគេបានតាមវាយបកដើម្បីយកឈ្នះ Newcastle United ២-១ ក៏ដោយ។
តាមពិតទៅ Manchester City ដឹងច្បាស់ថា ខ្លួនលើកពានតាំងពីនាទី ទី១៩មកម្ល៉េះ ពោលគឺនៅពេលដែលខ្សែការពារ Martin Skrtel របស់ Liverpool ភ្លាត់ស្នៀតធ្វើឲ្យបានចូលទីខ្លួនឯង ពីព្រោះថា ក្រុមមេឃខៀវមានប្រៀបរួចជាស្រេចហើយ។
តែអ្វីកាន់តែសាងទំនុកចិត្តខ្ពស់បំផុតនោះ គឺការស៊ុតបាល់បញ្ចូលទីរបស់ Samir Nasri នៅក្នុងនាទី ទី៣៩ និងការបន្ថែមគ្រាប់ទីពីររបស់ប្រធានក្រុម Vincent Kompany នៅក្នុងនាទី ទី៤៩ ។
Liverpool ក្រោយពីការភ្លាត់ស្នៀតរបស់ Skrtel ពួកគេបានប្តឹងវាយបកបានពីរគ្រាប់វិញ ដោយ Agger និង Sturridge ប៉ុន្តែវាគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចដើម្បីពង្រឹងតំណែងលេខពីររបស់ពួកគេតែប៉ុណ្ណោះ។ Chelsea បានយកឈ្នះ Cardiff ២-១ ដោយរក្សាតំណែងលេខបីដើម្បីទទួលបានកៅអីនៅក្របខណ្ឌ Champions League អមជាមួយ Manchester City និង Liverpool។
ជ័យជម្នះ ២-០ របស់ Arsenal លើ Norwich បានបង្ហាញយ៉ាងច្បាស់ថា ក្រុមចាបលឿងត្រូវធ្លាក់ទៅលេងក្របខណ្ឌ Championship វិញ ជាមួយ Fulham និង Cardiff ខណៈកាំភ្លើងធំរក្សាការមានឈ្មោះក្នុងក្របខណ្ឌ Champions League នៅវគ្គប្រកួតជម្រុះ។ Everton ដែលឈ្នះ ២-០ លើ Hull មានឈ្មោះក្នុងវគ្គជម្រុះ Europa League ស្របពេលដែល Tottenham Hotspurs មានកៅអីសម្រាប់ការប្រកួតជម្រុះជុំទីបី ក្រោយជ័យជម្នះ ៣-០ លើ Aston Villa។
Manchester United បានជួបនូវរដូវកាលដ៏សែនខកចិត្ត ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ ក្រោយស្មើ ១-១ ជាមួយ Swansea។ វាជាការបាត់ខ្លួនពីតំបន់អឺរ៉ុបជាលើកដំបូងរបស់បិសាចក្រហម បើគិតចាប់តាំងពីរដូវកាល ១៩៨៩-១៩៩០ មក។
សម្រាប់លោក Manuel Pellegrini គ្រូបង្វឹកជនជាតិឈីលីរបស់ក្រុម Manchester City វាជាការទទួលបានពាន Premier League ជាលើកដំបូង ខណៈកាលពីឆ្នាំ២០០៣ លោកបានឈ្នះពាន Clausura ជាមួយក្រុម River Plate នៅក្នុងប្រទេសអាហ្សង់ទីន៕
© រក្សាសិទ្ធិដោយ thmeythmey.com