កីឡាអន្តរជាតិ
អន្តរជាតិ
រាត្រីកាត់ក្តី FA Cup និងLa Liga ខណៈអ្នកគាំទ្រ Arsenal ស្រុកខ្មែរត្រៀមពិធីអបអរ 17, May 2014 , 5:22 pm
× នាវេលាម៉ោង១១យប់នេះ (ម៉ោងនៅកម្ពុជា) ការប្រកួតដ៏សំខាន់ចំនួនពីរនឹងធ្វើឡើងដំណាលគ្នា ដោយ Arsenal ត្រូវជួបជាមួយ Hull City នៅវគ្គផ្តាច់ព្រ័ត្រ FA Cup នៅកីឡដ្ឋាន Wembley ស្របពេលដែល Barcelona ត្រូវខំប្រឹងប្រែងឲ្យឈ្នះ Atletico Madrid នៅលើទឹកដី Camp Nou របស់ខ្លួនដើម្បីមានឱកាសលើកពានរង្វាន់ La Liga របស់អេស្ប៉ាញ។
Arsenal របស់លោក Arsene Wenger រំពឹងបញ្ចប់ការរង់ចាំរបស់ខ្លួនរយៈពេល៩ឆ្នាំកន្លងមកនៃការមិនឈ្នះពានអ្វីទាល់តែសោះ ពោលគឺចាប់តាំងពីពួកគេបានយកឈ្នះ Manchester United នាការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០០៥ ខណៈ Hull City របស់លោក Steve Bruce បង្ហាញវត្តមានជាលើកដំបូងនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទីពីររបស់អង់គ្លេសនេះ។
នៅប្រទេសអេស្ប៉ាញឯណោះវិញ Barcelona ត្រូវការជ័យជម្នះដាច់ខាតដើម្បីមានឱកាសរក្សាតំណែងជើងឯកក្របខណ្ឌ La Liga របស់ខ្លួន ខណៈលទ្ធផលត្រឹមស្មើនឹងជួយឲ្យ Atletico Madrid លើកពានជាលើកដំបូងបើគិតចាប់តាំងពីឆ្នាំ១៩៩៦មក។ យោងតាមតារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៣៧ Atletico មាន៨៩ពិន្ទុ ខណៈ Barcelona មាន៨៦ពិន្ទុ ប៉ុន្តែលើសចំនួនគ្រាប់បាល់នៃការស៊ុតបញ្ចូលទី។ រីឯ Real Madrid បានខកឱកាសក្នុងការដណ្តើមជើងឯកហើយ។
ងាកមកមើលក្រុមអ្នកគាំទ្រ Arsenal ឯណោះវិញ ពួកគេមានគម្រោងហែរពាន FA Cup នៅក្នុងរាជធានីភ្នំពេញនាថ្ងៃអាទិត្យ ប្រសិនបើក្រុមសំណព្វរបស់ខ្លួនយកឈ្នះលើ Hull City នារាត្រីនេះ។ លោក តុង សុប្រាជ្ញ ដែលជាអ្នកខ្វះខ្វែងរៀបចំគម្រោងនេះ បានមានប្រសាសន៍ថា លោកចង់ឲ្យក្រុមអ្នកគាំទ្រទាំងអស់ចូលរួមសប្បាយទាំងអស់គ្នា ក្រោមពាក្យស្លោកថា «ស្រឡាញ់កីឡា ស្រឡាញ់អាសឺណល មិនត្រូវការគ្រឿងញៀន។
ការឆ្លើយឆ្លងតាមអ៊ីម៉ែលរវាងលោក តុង សុប្រាជ្ញ និងអ្នកទទួលខុសត្រូវផ្នែកក្រុមអ្នកគាំទ្រក្លិប Arsenal បានបង្ហាញឲ្យឃើញថា ក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍គាំទ្រសកម្មភាពរបស់អ្នកគាំទ្រកម្ពុជា ហើយកីឡាករនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីដណ្តើមយកពាន FA Cup៕
© រក្សាសិទ្ធិដោយ thmeythmey.com