កីឡាអន្តរជាតិ
អន្តរជាតិ
ស្តេចស Real Madrid ឈ្នះពាន Champions League ជាលើកទី១០ 25, May 2014 , 10:25 am
× Real Madrid បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ជាលើកទី១០ ក្រោយពីមានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីបន្ថែមពីសំណាក់ Gareth Bale, Marcelo និង Cristiano Ronaldo ខណៈដែលពួកគេបានធ្វើការវាយបកដេញតាមពីក្រោយក្រោមបរិយាកាសដ៏រំភើបដើម្បីផ្តួលក្រុម Atletico Madrid ក្នុងលទ្ធផល ៤-១ ក្នុងទីក្រុង Lisbon កាលពីថ្ងៃសៅរ៍។
Atletico ស្ទើរតែធ្វើឲ្យពួកគេឈ្នះពានរង្វាន់កំពូលអឺរ៉ុបជាលើកទី១របស់ពួកគេទៅហើយ ខណៈដែលពួកគេបាននាំមុខរហូតដល់នាទីបន្ថែមនៃម៉ោងធម្មតា បន្ទាប់ពីការតែតបាល់បញ្ចូលទីរបស់កីឡាករ Diego Godin នៅតង់ទី១ ប៉ុន្តែ ខ្សែការពារ Sergio Ramos បានធ្វើឲ្យការប្រកួតនេះឈានទៅកាន់នាទីបន្ថែម១៥នាទីពីរដងជាមួយនឹងការតែតបាល់បញ្ចូលទីនៅនាទី ទី៩។
ក្នុងរយៈពេលជាលើកទី២នៅរដូវកាលនេះ ក្រោយពីរកគ្រាប់បាល់ឈ្នះដើម្បីជួយឲ្យ Real លើកពាន Copa del Rey ពេលប្រកួតជាមួយនឹងក្រុម Barcelona កាលពីខែមុន Bale បានរកគ្រាប់បាល់ដ៏សំខាន់ នៅពេលរូបគេបានតែតបាល់បំប៉ោងសំណាញ់ ក្រោយពីអ្នកចាំទី Thibaut Courtois បានព្យាយាមសង្គ្រោះការស៊ុតរបស់ Angel di Maria។ ខណៈដែល Atletico ព្យាយាមរកគ្រាប់បាល់តាមស្មើវិញ Real អាចមានឱកាសធ្វើការវាយបកយ៉ាងលឿន ហើយ Marcelo បានបញ្ចប់ការប្រកួតនេះ នៅពេលដែលការស៊ុតបាល់ស្រាលៗរបស់គេបានរត់ចូលក្នុងសំណាញ់របស់ Courtois នៅមុនពេល Ronaldo បានបំពេញការវិលទៅកាន់ទីក្រុង Lisbon វិញជាមួយនឹងគ្រាប់បាល់ទី៤ដោយការស៊ុតបាល់ប៉េណាល់ទី៕
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com