កីឡាអន្តរជាតិ
អន្តរជាតិ
MH17៖ Newcastle នឹងរំលឹកវិញ្ញាណក្ខន្ធអ្នកគាំទ្រស្មោះស្ម័គ្រពីររូបដែលបានស្លាប់ 19, Jul 2014 , 11:26 pm
× ក្លិបកីឡាបាល់ទាត់ Newcastle របស់អង់គ្លេសនៅតែមានក្តីសោកសៅចំពោះការបាត់បង់អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ខ្លួនពីររូប ដែលស្ថិតក្នុងចំណោមជនរងគ្រោះ២៩៨នាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ MH17 នៃក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញនៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។
លោក John Alder និង Liam Sweeney បានស្ថិតក្នុងយន្តហោះ MH17 ដើម្បីទៅមើលការប្រកួតមុនបើករដូវកាលរបស់ Newcastle នៅក្នុងប្រទេសនូវែល សេឡង់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោក Alder វ័យ៦០ឆ្នាំដែលតុបតែងរាងកាយដូចជើងខ្លាំងកីឡាកាស «The Undertaker» តែងតែមើលការប្រកួតរបស់ Newcastle ជារៀងរហូតបើគិតចាប់តាំងពីឆ្នាំ១៩៧៣មក រីឯ Sweeney ធ្លាប់បម្រើការស្ម័គ្រចិត្តលើរថយន្តសម្រាប់ក្រុមអ្នកគាំទ្រនៅពេលដែលក្រុមចេញទៅប្រកួតនៅក្រៅដី។ អ្នកទាំងពីរមិនត្រឹមតែមើលការប្រកួតក្នុងឈុតធំនោះឡើយ បន្ថែមពីលើនេះ ពួកគេតែងតែទៅគាំទ្រក្រុមបម្រុង និងក្រុមយុវជនរបស់ក្លិបផងដែរ។
ក្រៅពីចេញសេចក្តីថ្លែងការណ៍រំលែកទុក្ខ ក្លិប Newcastle បានរៀបចំឲ្យមានពិធីដាក់កម្រងផ្កានៅផ្នែកខាងក្រៅនៃកីឡដ្ឋាន St James’s Park នៅក្នុងទីក្រុង Newcastle ផងដែរ។ Newcastle នឹងមានការប្រកួតមិត្តភាពចំនួនពីរនៅក្នុងប្រទេសនូវែល សេឡង់ ដោយថ្ងៃទី២២ ខែកក្កដា ត្រូវប៉ះជាមួយ Sydney FC ហើយ៤ថ្ងៃក្រោយមក ត្រូវជួប Wellington Phoenix។
លោក Alan Pardew គ្រូបង្វឹក Newcastle និងក្រុមកីឡាករនៅពាក់ក្រណាត់ពណ៌ខ្មៅនៅលើដៃនាអំឡុងនៃការប្រកួតមិត្តភាពទាំងពីរនេះ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធអ្នកគាំទ្រដ៏ស្មោះស្ម័គ្រទាំងពីររូបរបស់ខ្លួន។
លោក Pardew បាននិយាយថា រូបលោក និងកីឡាករទាំងអស់មានក្តីសោកសៅយ៉ាងក្រៃលែងចំពោះដំណឹងនៃការបាត់បង់អ្នកគាំទ្រទាំងពីររូប។ «យើងទាំងអស់គ្នាដឹងច្បាស់ពីការគាំទ្រដ៏ស្មោះស្ម័គ្ររបស់ John និង Liam ចំពោះក្រុម និងក្លិបទាំងមូល» នេះជាការកត់សម្គាល់របស់អ្នកចាត់ការក្លិប Newcastle៕
© រក្សាសិទ្ធិដោយ thmeythmey.com