សុខភាព
អន្តរជាតិ
Ebola អាច​សម្លាប់​មនុស្ស​រាប់​រយ​នាក់​នៅ​អាហ្វ្រិក​ដោយសារ​ភាពទន់ខ្សោយ​នៃ​វិស័យ​សុខាភិបាល
04, Aug 2014 , 7:10 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយពី​មេរោគ​ថ្មី​Ebola ផ្ទុះឡើង​និង​សម្លាប់​មនុស្ស​ជាង៧០០នាក់​នៅ​អា​ហ្រិ្វ​ក​ខាងលិច​ពិភពលោក​ទាំងមូល​កំពុង​ភ័យខ្លាច​ខ្លាំង​នៅឡើយ។ គ្មាន​ថ្មាំ​សម្រាប់​ការពារ​មិនអោយ​ឆ្លង ឬ​បើ​ឆ្លង​ក៏​គ្មាន​ថ្នាំ​សម្រាប់​ព្យាបាល​ដែរ តែ​អ្នកជំងឺ​នឹង​ស្លាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ថ្វីបើ​ដូច្នេះ​ក្តី​អង្គការ​និង​ទីភ្នាក់ងារ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា អ្នក​ឆ្លង​អាចមាន​លទ្ធភាព​រស់រាន​មានជីវិត បើសិនជា​គេ​អាច​ទទួលបាន​នូវ​ជំនួយ​វេជ្ជសាស្ត្រ​បានល្អ​ប្រសើរ និង​ឆាប់រហ័ស។ ក្រៅពីនេះ​ស្ថាប័ន​ខាងលើ​បានបង្ហាញ​នូវ​វី​ធី​សាស្ត្រ​មួយចំនួន​ដើម្បី​កាត់បន្ថយ​ការចម្លង​មេរោគ​ប្រភេទ​ថ្មី​នេះ​អោយ​ស្ថិតនៅ​កម្រិត​ទាប​បំផុត​ផងដែរ។មេដឹកនាំ​បណ្តា​ប្រទេស​អាហ្វ្រិក​បាន​ខិតខំ​ប្រឹងប្រែង​រក​វិធានការ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​នេះ​ទៅកាន់​តំបន់​ផ្សេងទៀត​លើ​ពិភពលោក​ផងដែរ។ ជើងហោះហើរ​ទៅកាន់​អាហ្វ្រិក​ខាងលិច​ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន ដោយឡែក​នៅតាម​ព្រលានយន្តហោះ​អ្នកដំណើរ​ដែល​មកពី​តំបន់​អា​ហ្រិ្វ​ក​ត្រូវបាន​គេ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ក្រែង​មាន​អ្នក​ឆ្លង​មេរោគ​នេះ។

សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ​ផល​និស្ស័យ ឆ្លើយតប​ទៅនឹង​សំនួរ​របស់លោក​ភិ​រុណ​ឧ​ត្ត​ម​ទាក់ទិន​ទៅនឹង​បញ្ហា​នេះ៖



១.សំនួរ៖ កាលពី​សប្តាហ៍​មុន​យើង​បាន​ពិភាក្សាគ្នា​ម្តង​ហើយ​ទាក់ទង​ទៅនឹង​ការរីក​រាលដាល​នៃ​មេរោគ​ប្រភេទ​ថ្មី Ebola ហើយ​មកដល់​ថ្ងៃនេះ​និស្ស័យ​ពិភពលោក​នៅតែ​បន្ត​ព្រួយបារម្ភ​ពី​ការឆ្លង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​មេរោគ​ដ៏​អាក្រក់​មួយ​នេះ។ តើ​មកទល់ពេលនេះ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ទទួលបន្ទុក​បញ្ហា​សុខភាព​មាន​តម្រុយ​អ្វីខ្លះ​ទេ​ទាក់ទង​នឹង​នឹង​ការ ស្វែងរក​ថ្នាំ​សម្រាប់​ព្យាបាល ឬ​ថ្នាំ​បង្ការ​នោះ​បាទ?

១.ចម្លើយ៖មកទល់ពេលនេះ​មិនទាន់មាន​ការអះអាង​ណាមួយ​ថា​គេ​រកឃើញ​ថ្នាំ​សម្រាប់​ការពារ​ការឆ្លង ឬ​ព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺ នេះឡើយ។ ប៉ុន្តែ​គេ​បាន​ណែនាំ​និង​បង្ហាត់បង្ហាញ​អោយ​ប្រជាជន​អោយដឹងពី​វិធីសាស្ត្រ​មួយចំនួន​ដែល​អាចជួយ​កាត់បន្ថយ​ការឆ្លង​ជំងឺ​នេះ​ផងដែរ។ ដើម្បី​ការពារ​ខ្លួន​កុំអោយ​ងាយ​ឆ្លង​ជំងឺ​នេះ មនុស្សម្នាក់ៗចាំបាច់​ត្រូវតែមាន​អនាម័យ​ខ្ពស់ និង​ចៀសវាង​ប៉ះពាល់​សត្វ​មួយចំនួន​ដែលជា​ភ្នាក់ងារចម្លងមេរោគ។ មេរោគ​នេះ​មិនមែន​ឆ្លងតាម​ខ្យល់​ទេ តែ​វា​ឆ្លងតាម​ការប្រាស្រ័យ​ទាក់ទង​ផ្ទាល់​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ឆ្លង​មេរោគ និង​ឆ្លង​ដោយ​មិនផ្ទាល់​តាម​ប៉ះពាល់​សារធាតុ​រាវ​ដែល​ចេញពី​រាងកាយ​មាន​ឈាម ឬ​ញើស​ជាដើម។ ដើម្បី​ការពារ​ខ្លួន​ពួកគេ​អាច​ចៀសវាង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដែល​សង្ស័យថា​បាន​ឆ្លង​ជំងឺ តែបើ​ចៀស​មិន​រួច​គេ​អាច​ប្រើប្រាស់​ស្រោមដៃ សម្លៀកបំពាក់​ការពារ​ខ្លួន ពាក់​ម៉ាស​ការពារ កុំអោយ​ឆ្លង​មេរោគ​នេះ​បាន។ ក្រៅពីនេះ​គេ​គួរ​ឧស្សាហ៍​លាងដៃ​អោយ​ស្អាត និង​រក្សា​អនាម័យ​ខ្លួន​បានអោយ​ខ្ជាប់ខ្ជួន។ មួយវិញទៀត គេ​អះអាងថា​មេរោគ​នេះ​ចម្លង​មក​មនុស្ស​តាម​សត្វ​មួយចំនួន​មាន​សត្វ​ស្វា សត្វ​ប្រចៀវ និង​សត្វព្រៃ​មួយចំនួនទៀត។ ដូច្នេះ​ប្រសិនបើ​បរិភោគ​សាច់សត្វ​ចាំបាច់​ត្រូវ​ចម្អិន​អោយបាន​ត្រឹមត្រូវ​និង​ឆ្អិន​ចៀសវាង​បញ្ហា​ឆ្លង។ នៅ​តំបន់​អាហ្វ្រិក​មេរោគ​នេះ​ក៏​អាច​ឆ្លង​បាន​តាមរយៈ​សត្វ​ជ្រូក​ថែមទៀត។ និយាយ​ជារួម បើសិនជា​យើង​អនុវត្តតាម​វិធីសាស្ត្រ​ខាងលើ​ភាគរយ​នៃ​ការឆ្លង​មេរោគ​ថ្មី​នេះ​នឹង​អាច​កាត់បន្ថយ​មក​ត្រឹម​កម្រិត​អប្បបរមា។

២.សំនួរ៖
បើទោះជា​មានការ​លើកឡើង​ថា​មិនទាន់មាន​ថ្នាំ​ព្យាបាល​ក៏ពិតមែន តែបើ​តាម​ខ្ញុំ​ដឹង​ជនជាតិ​អាមេរិក​ពីរ​នាក់​ដែល​ឆ្លង​មេរោគ​នេះ​នៅក្នុង​ប្រទេស​លី​បេ​រី កំពុង​ទទួល​បានការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​នៅ​សហរដ្ឋអាមេរិក។ ខ្ញុំ​ចង់ដឹងថា​តើ​ការព្យាបាល​នៅ​សហរដ្ឋអាមេរិក​នឹង មាន​ដំណើរការ​យ៉ាងណា​ដែរ​ទៅ​បាទ?

២.ចម្លើយ៖ បញ្ហា​ជនជាតិ​អាមេរិក​ពីររូប​ដែល​បាន​ឆ្លង​មេរោគ​នេះ ហើយ​កំពុង​ត្រូវបាន​គេ​សាកល្បង​ព្យាបាល​នោះ​ជាការ​ពិត តែ​មិនមែន​មានន័យថា​ពួកគេ​ទទួលបាន​ការព្យាបាល​ជាសះស្បើយ​ឡើយ។ ពួកគេ​ត្រូវបាន​បញ្ជូនទៅ​ដល់​សហ​រដ្ឋ​អាមេរិក ហើយ​កំពុងស្ថិត​នៅក្នុង​ការត្រួត​ពិនិត្យ​តាមដាន និង​ស្ថិតក្រោម​ការស្រាវជ្រាវ​ដើម្បី​ឈានទៅ​ព្យាបាល​តែប៉ុណ្ណោះ។ បើ​យោងតាម​សារព័ត៌មាន The Washington Post អ្នកជំងឺ​ទាំងពីរ​ស្ថិតនៅក្នុង​លក្ខខណ្ឌ​មួយ​ប្រសើរ​នៅឡើយ​ទេ​ពួកគាត់​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទី​ពេទ្យ​ដែល​ដាច់​ស្រ​យ៉ា​លពី​សហរដ្ឋអាមេរិក។ ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺឆ្លង​សហរដ្ឋអាមេរិក បានអោយដឹងថា​ទោះបីជា​គេ​មិនទាន់​អាច​ស្វែងរក​ការព្យាបាល​បាន គេ​នៅតែ​ព្យាយាម​ដើម្បីអោយ​អស់ចិត្ត តិច​ឬ​ច្រើន​គេ​នៅតែ​ព្យាយាម​ជួយ​ពួកគាត់​ដែរ។ យ៉ាងណាក៏ដោយ​មជ្ឈមណ្ឌល​នេះ​បាន​បញ្ជាក់ថា​គ្រាន់តែ​គេ​សម្រេច​ដឹកជញ្ជូន​អ្នក​ឆ្លង​ទាំងពីរ​មក​អាមេរិក​វិញ  ប្រតិកម្ម​ក្នុងចំណោម​ប្រជាជន​អាមេរិក​បានកើត​ឡើង ហើយ​គេ​ចោទសួរ​ស្ថាប័ន​នេះ​ថា​មូលហេតុ​អ្វី​បានជា​នាំ​អ្នកជំងឺ​ត្រលប់មក​ក្នុងប្រទេស​វិញ​ដូច្នេះ។ គេ​បកស្រាយ​ថា ការធ្វើ​នេះ​ក៏ដោយ​សារ​ពួកគេ​ជា​ជនជាតិ​អាមេរិក ហើយ​ស្ថាប័ន​លោក​មាន​ភារកិច្ច​ក្នុង​ការជួយ​ព្យាបាល​ជនជាតិ​អាមេរិក​គ្រប់រូប ដើម្បីអោយ​ពួកគាត់​មាន​ឳ​កាស​បន្ត​រស់នៅ​ទៀត។ខ្ញុំ​នៅតែ​យល់ថា ប្រទេស​មហាអំណាច​ដូច​អាមេរិក តិច​ឬ​ច្រើន គេ​អាច​ស្រាវជ្រាវ​រក​វិធី​ព្យាបាល​អ្នក​ឆ្លង​មេរោគ​នេះ​ដោយ​ល្អប្រសើរ និង​អាច​ការពារ​មិនអោយ​អ្នកជំងឺ​ស្លាប់បាត់​បង់ជីវិត​បាន​ទៀត​ដោយ​សារភាព​រីកចម្រើន​នៃ​ប្រព័ន្ធ​សុខាភិបាល​របស់គេ។

៣.សំនួរ៖ បើតាម​ការលើកឡើងរ​បស់​និស្ស័យ ហាក់ដូចជា​បង្ហាញ​នូវ​ភាព​សុទិដ្ឋិនិយម​ច្រើន ចំពោះ​ការស្រាវជ្រាវ និង​ព្យាបាល​អ្នក​ឆ្លង​មេរោគ Ebola នៅ​សហរដ្ឋអាមេរិក។  តើ​អ្វីខ្លះ​ដែលជា​ក្តីសង្ឃឹម​ថ្មី​ដែល​គេ​បាន​ស្រាវជ្រាវ​ឃើញ​នោះ​បាទ?

៣.ចម្លើយ៖តាមពិតទៅ ការស្លាប់​នៃ​ប្រជាជន និង​ឆ្លង​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់​អា​ហ្រិ្វ​ក​ខាងលិច នេះ បណ្ត​ល​មកពី​មូលហេតុ​មួយចំនួន ជាពិសេស​ស្ថានភាព​ប្រព័ន្ធ​សុខាភិបាល​តែម្តង។ ប្រទេស ហ្គី​ណេ លី​បេ​រី និង​សេ​រ៉ា​ន​ឡេ​អូន​នេះ​សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​ក្រីក្រ​បំផុត​លើ​ពិភពលោក ហើយ​រដ្ឋាភិបាល​ប្រើប្រាស់​ថវិកា​តិច​បំផុត​ដើម្បី​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ក្នុងប្រទេស។ នៅពេល​មេរោគ​ផ្ទុះឡើង រដ្ឋាភិបាល និង​ស្ថាប័ន​ទទួលបន្ទុក​សុខាភិបាល មិនមាន​វិធានការសំខាន់ៗដើម្បី​ទប់ស្កាត់​មិនអោយ​មេរោគ​បន្ត​ឆ្លង និង​ជួយ​ត្រួតពិនិត្យ​ព្យាបាល​អ្នក​ឆ្លង​ទាំង​នោះឡើយ។ ហេតុនេះហើយ​ទើបបាន​អ្នក​ឆ្លង​លឿន និង​ស្លាប់​ច្រើន​បែបនេះ តែបើ​ដូច​អាមេរិក​វិស័យ​សុខាភិបាល​មាន​ភាព​រីកចម្រើន​ខ្លាំង បច្ចេកវិទ្យា​ទំនើប គេ​ប្រហែលជា​អាចជួយ​សង្គ្រោះ​ជីវិត​អ្នក​ឆ្លង​មេរោគ​បាន។  របាយការណ៍​ខ្លះ​របស់​អង្គការសហប្រជាជាតិ​បាន​បង្ហាញថា មាន​អ្នកជំងឺ​ដែល​បាន​ឆ្លង​មេរោគ​នេះ អាច​រស់រានមានជីវិត​បាន បើ​ពួកគេ​ទទួល​ការព្យាបាល​ផ្នែក​វេជ្ជសាស្ត្រដោយ​ត្រឹមត្រូវ និង​ឆាប់រហ័ស​បំផុត។

៤.សំនួរ៖ជា​សំនួរ​ចុងក្រោយ​មេដឹកនាំ​នៅ​អាហ្វ្រិក​កំពុង​ខ្វែង​ដៃ​ខ្វែងគ្នា​រក​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​នេះ។ តើ​មកដល់ពេលនេះ​ពួកគេ​បានធ្វើ​អ្វីខ្លះ​ហើយ?

៤.ចម្លើយ៖ វិធានការ​ចាំបាច់​បំផុត​នៅពេលនេះ​គឺ​ការត្រួត​ព​និត្យ​លើ​ជើងហោះហើរ​ដែល​ធ្វើដំណើរ​ពី​អាហ្វ្រិក​ខាងលិច​ទៅកាន់​តំបន់​នានា​លើ​ពិភពលោក និង​លើកកម្ពស់​ការយល់ដឹង​ពី​ជំងឺ​នេះ​តែម្តង។ក្រោយ​មេរោគ​ផ្ទុះឡើង​ខ្លាំង មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ទាំងនោះ​សន្យាថា​នឹង​ពង្រាយ​កងទ័ព​របស់ខ្លួន បន្ថែម​ទៅកាន់​តំបន់​ដាច់​ស្រ​យ៉ា​ល​នានា ដែល​វាយលុក​ដោយ​ជំងឺ​នេះ​ខ្លាំងជាងគេ។មួយវិញទៀត​គេ​សម្រេច​ហាមឃាត់ ការដឹកជញ្ជូន​ក៏ដូចជា​រឹតបន្តឹង​ការធ្វើដំណើរ​តាម​ជើងហោះហើរ​អន្តរជាតិ។ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ អាកាស​យន្ត​ដ្ឋា​ន​អន្តរជាតិ​នៃ​ប្រទេស​មួយចំនួន​បានចាប់ផ្តើម​រឹតបន្តឹង និង​ត្រួតពិនិត្យ​ទៅលើ​អ្នកដំណើរ​ដែល​មកពី​តំបន់​អាហ្វ្រិក​ខាងលិច​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត។ មកទល់ពេលនេះ​ប្រទេស​តំបន់​អារ៉ាប់​បាន​ផ្អាក​ជើងហោះហើរ​ទៅកាន់​អាហ្វ្រិក​ខាងលិច រង់ចាំ​ស្ថានការណ៍​ធូរស្រាល​សិន ដោយឡែក​អេ​ហ្ស៊ី​ប​បានចាប់ផ្តើម​រឹតបន្តឹង​ការឆ្លងកាត់​របស់​អ្នកដំណើរ​ណា​ដែល​គួរ​សង្ស័យ​នៅតាម​ព្រលានយន្តហោះ​ផងដែរ៕

  


© រក្សាសិទ្ធិដោយ thmeythmey.com