សុខភាព
អន្តរជាតិ
ថ្នាំ​ពិសោធន៍​ប្រឆាំង​មេរោគ​Ebola ត្រូវ​បញ្ជូនទៅ​អាហ្វ្រិក​ខាងលិច
12, Aug 2014 , 5:10 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន​មួយ​របស់​សហរដ្ឋអាមេរិក​ដែល​ទទួលខុសត្រូវ​ទៅលើ​ការស្រាវជ្រាវ​និង​ពិសោធន៍​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺឆ្លង​មេរោគ Ebola បាន​បញ្ជូន​ប្រភេទ​ថ្នាំ​ដែល​បាន​ស្រាវជ្រាវ និង​ផលិត​រួចរាល់​នោះ ទៅកាន់​អាហ្វ្រិក​ខាងលិច​រួចរាល់​ហើយ ដើម្បី​យកទៅ​ធ្វើការ​សាកល្បង​ទៅលើ​អ្នកជំងឺ Ebola នៅក្នុង​តំបន់​អាហ្វ្រិក​ខាងលិច។

លោក បាន សំអាង លម្អិត​ព័ត៌មាន​នេះ



ក្រោយ​ពេលដែល​មេរោគ Ebola បាន​បន្ត​រាតត្បាត​ខ្លាំង​នៅ​អាហ្វ្រិក​ខាងលិច ហើយ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ខ្លាំង​រហូត​ជិត​ដល់១០០០នាក់​ហើយ​នោះ គេ​សង្កេតឃើញ​ក្រុមហ៊ុន​អាមេរិក​មួយ​ដែល​ទទួលខុសត្រូវ​ក្នុងការ​ស្រាវជ្រាវ និង​ពិសោធន៍​ថ្នាំ​សម្រាប់​ព្យាបាល​មេរោគ Ebola បានប្រកាសថា ខ្លួន​បាន​បញ្ជូន​ថ្នាំ​ដែល​បាន​ស្រាវជ្រាវ​រួច​ទៅកាន់​តំបន់​អាហ្វ្រិក​ខាងលិច​រួចរាល់​ហើយ។

របាយការណ៍​ចុងក្រោយ​ដែល​ចេញ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បញ្ជាក់ថា អ្នកស្លាប់​ដោយសារ​មេរោគ​អេ​បូ​ឡា​នៅក្នុង​តំបន់​អាហ្វ្រិក​ខាងលិច​កើន​ដល់ ៩៦១នាក់ ហើយ​វា​បន្ត​រាតត្បាត​ទៅកាន់​ប្រទេស​មួយចំនួន​ដូចជា​នី​ហ្សេ​រី​យ៉ា និង​លេចលឺ​ព័ត៌មាន​ថា​មេរោគ​នេះ​កំពុង​បន្ត​ឆ្លង​មកដល់​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ី។

សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​ក្រុមហ៊ុន​អាមេរិក​ខាងលើ​បាន​បញ្ជាក់ថា ថ្នាំ​ដែល​ស្រាវជ្រាវ​បាន​សម្រាប់​ព្យាបាល​មេរោគ​Ebola ត្រូវបាន​បញ្ជូន​ទៅកាន់​អាហ្វ្រិក​ខាងលិច ជាការ​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​របស់​រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ខាងលិច ហើយ​ថ្នាំ​ដែល​ផ្តល់អោយ​ទៅនោះ​មិនមាន​គិតថ្លៃ​ឡើយ។ ដោយឡែក ការសម្រេចចិត្ត​ក្នុងការ​ប្រើប្រាស់​ថ្នាំ​សាកល្បង​ដែលមាន​ឈ្មោះ ZMappត្រូវធ្វើឡើង​ដោយ​ក្រុម​អ្នក​ព្យាបាល​មេរោគ​Ebola នៅក្នុង​ប្រទេស​អាហ្វ្រិក​ខ្លួនឯង​តែម្តង។

ទោះជា​យ៉ាងណាក៏ដោយ​ក្រុមហ៊ុន​ខាងលើ​មិនបាន​បញ្ជាក់ថា មាន​ថ្នាំ​ចំនួន​ប៉ុន្មាន​និង​ប្រទេស​មួយណា នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងលិច​ដែល​ត្រូវ​ទទួលបាន​ថ្នាំ​ពិសោធន៍​នេះឡើយ។ ថ្នាំ ZMappនេះ​ត្រូវបាន​ស្រាវជ្រាវ​ឡើង​ដោយ​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​អាមេរិក និង​កាណាដា ហើយ​វា​ត្រូវបាន​គេ​ស្រាវជ្រាវ និង​ផលិត​ចេញពី​ថ្នាំជក់។ ដោយសារ​ឱសថ​នេះ​ត្រូវបាន​ផលិត​ចេញពី​ដើម​ថ្នាំជក់ ដូច្នេះហើយ​ទើបបានជា​គេ​ពិបាក​ផលិត​ថ្នាំ​នេះ​អោយ​ច្រើន។

បើទោះជា​ក្រុមហ៊ុន​មិនមាន​ផ្តល់ព័ត៌មាន​ថា​ប្រទេស​ណាមួយ​ដែល​ទទួលបាន​ថ្នាំ​ពិសោធន៍​ថ្មី​នេះ​ក៏ដោយ ក៏​គេ​បានដឹងថា ប្រទេស​លី​បេ​រី​យ៉ា ជា​ប្រទេសមួយ​ដែល​បាន​ផ្ញើ​ការស្នើសុំ​ជំនួយ​ទៅកាន់​រដ្ឋាភិបាល​អាមេរិក ដើម្បី​ប្រឆាំងនឹង​មេរោគ​Ebolaនេះ។ ការស្នើសុំ​ជំនួយ​ពី​រដ្ឋាភិបាល​លី​បេ​រី​យ៉ា គឺ​សុំ​ថ្នាំ​ដែល​អាមេរិក​ផលិត​បាន ដើម្បី​យកមក​សាកល្បង​លើ​ប្រជាជន​ខ្លួន​ដែល​កំពុង​រងគ្រោះ​ដោយ​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ។
ប្រធានាធិបតី​លី​បេ​រី​យ៉ា​លោកស្រី Ellen Johnson បាន​អំពាវនាវ​ទៅកាន់​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​សុំ​ជំនួយ​ថ្នាំ​ព្យាបាល​មេរោគ កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ ហើយ​រដ្ឋាភិបាល​លី​បេ​រី​យ៉ា បានប្រកាសថា ថ្នាំ​នេះ​នឹង​បញ្ជូន​ទៅដល់​ប្រទេស​របស់ខ្លួន​ដោយ​អ្នកតំណាង​សហរដ្ឋអាមេរិក​នៅ​ចុង​សប្តាហ៍​នេះ។ ដោយឡែក​ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោកស្រី  Margaret Chan បានអនុញ្ញាត​អោយមាន​ការបញ្ជូន​ថ្នាំ​ទៅកាន់​ប្រទេស​លី​បេ​រី​យ៉ា ដើម្បី​គាំទ្រ ការព្យាបាល​អ្នក​ដែល​បាន​ឆ្លង​មេរោគ Ebola នេះ។

ប៉ុន្តែ​ការបញ្ជូន​ថ្នាំ​ដែល​បាន​ស្រាវជ្រាវ​រួច ទៅកាន់​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច​នេះ គឺ​កំពុង​ស្ថិតក្នុង​ភាពចម្រូងចម្រាស និង​ស្ថិតក្នុង​ការជជែក​ដេញដោល​នៅឡើយ​ទេ ព្រោះថ្នាំ​ដែល​នឹងត្រូវ​ប្រើប្រាស់​នេះ​ចាំបាច់​ត្រូវ​ពិសោធន៍​ជាច្រើន​ដំណាក់កាល និង​ត្រូវ​អនុញ្ញាត​អោយបាន​ត្រឹមត្រូវ​ចៀសវាង​ប្រើប្រាស់​ទៅ​បណ្តាលអោយ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ផងដែរ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com