កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអាស៊ី៖ ជនសង្ស័យ១៦នាក់ស្ថិតក្នុងបញ្ជីខ្មៅមិនឲ្យធ្វើដំណើរ 30, Sep 2014 , 4:20 pm
× មនុស្សចំនួន១៦នាក់មកពីប្រទេសអាស៊ីចំនួន៤ ត្រូវបានហាមមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីជុំវិញការសង្ស័យថា ជាបណ្តាយរបស់ក្រុមយោធាអ៊ិស្លាម។ នេះបើយោងទៅតាមការបញ្ជាក់របស់ប៉ូលិសនៅថ្ងៃអង្គារនេះ។
បញ្ជីឈ្មោះរបស់ជនដែលត្រូវបានហាមឃាត់ទាំងនោះ មាន៧នាក់មកពីប្រទេសម៉ាឡេស៊ី ៥នាក់មកពីហ្វីលីពីន ៣នាក់មកពីវៀតណាម និងម្នាក់មកពីសិង្ហបុរី។ មន្ត្រីភ្នាក់ងារប៉ូលិសជាតិម្នាក់បានឲ្យដឹងថា៖ «យើងបានទទួលឈ្មោះមនុស្សទាំងនោះដែលជាប់សង្ស័យថា ជាបណ្តាញរបស់ក្រុមសកម្មប្រយុទ្ធអ៊ិស្លាម ឬក៏មានប្រវត្តិបង្កបញ្ហាក្នុងព្រឹត្តិការណ៍អន្តរជាតិមកពីប្រទេសចំនួន៤»។
បម្រាមនេះត្រូវបានដាក់ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ពោលគឺរយៈពេលបួនថ្ងៃមុនពេលព្រឹត្តិការណ៍កីឡាអាស៊ីបានចាប់ផ្តើមប្រកួតក្នុងទីក្រុងកំពង់ផែ Incheon របស់កូរ៉េខាងត្បូង។
ភ្នាក់ងារប៉ូលិសរូបនោះ មិនបានផ្តល់ឈ្មោះរបស់ជនទាំង១៦នាក់នោះឡើយ ហើយវាមិនច្បាស់ថា តើពួកគេពិតជាបានព្យាយាមធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីដែលកំពុងតែដំណើរនេះឬយ៉ាងណា។
មន្ត្រីរូបនោះបានឲ្យដឹងថា៖ «មនុស្សចំនួន១៦នាក់ត្រូវបានចាត់ទុកថា ជាអ្នកធ្វើដំណើរទៅកាន់បរទេសដើម្បីធ្វើសកម្មភាពទាក់ទងនឹងភេរវកម្ម»។ ការដាក់បម្រាមនេះត្រូវបានដាក់តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលប៉ូលិសអន្តរជាតិនាព្រឹត្តិការណ៍កីឡាអាស៊ីទីក្រុង Incheon ដែលមានមន្ត្រីប៉ូលិសចំនួន២១នាក់មកពី១៧ប្រទេស៕
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com