កីឡាអន្តរជាតិ
អន្តរជាតិ
Schalke តែងតាំងអតីតគ្រូបង្វឹក Chelsea លោក Di Matteo ជាអ្នកចាត់ការទូទៅ 08, Oct 2014 , 2:14 pm
× អតីតអ្នកចាត់ការទូទៅរបស់ក្លិប Chelsea និង West Bromwich Albion លោក Roberto Di Matteo ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិបយក្សអាល្លឺម៉ង់ Schalke។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៤៤ឆ្នាំរូបនេះ នឹងចូលជំនួសតំណែងរបស់លោក Jens Keller ក្រោយពីចាប់ផ្តើមរដូវកាលយ៉ាងខកចិត្តរបស់ក្លិប Schalke របស់ក្របខ័ណ្ឌ Bundesliga។
Schalke កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ១១នៅលើតារាងលីកដោយមាន៨ពិន្ទុពី៧ប្រកួត ក្រោយពីបានកត់ត្រាជ័យជម្នះត្រឹមតែពីរលើកគត់។ ពួកគេកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតតាមពូលនៃក្របខ័ណ្ឌ Champions League ក្រោយពីទទួលបានលទ្ធផលស្មើចំនួនពីរលើក ក្នុងនោះរាប់បញ្ចូលទាំងការទទួលលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Chelsea នៅលើទឹកដី Stamford Bridge ផងដែរ។
លោក Di Matteo នឹងត្រូវដឹកនាំក្រុមដើម្បីជួបជាមួយនឹងអតីតក្លិបរបស់លោក នៅពេលដែលក្រុមទាំងពីរជួបប្រកួតគ្នាក្នុងការប្រកួតជើងទី២នៅក្នុងប្រទេសអាល្លឺម៉ង់នាថ្ងៃទី២៥ ខែវិច្ឆិកា។ លោក Keller បានចូលកាន់តំណែងក្នុងនាមជាគ្រូបង្វឹករបស់ Schalke ចាប់តាំងពីខែធ្នូ ឆ្នាំ២០០២មកម្ល៉េះ ហើយក្រោយពីត្រូវបានទម្លាក់ចេញពីការប្រកួតដណ្តើមពាន German Cup ដោយក្រុម SG Dynamo Dresden ដែលស្ថិតក្នុងក្របខ័ណ្ឌទី៣កាលពីដើមរដូវកាលនេះ ការប្រកួតចុងក្រោយរបស់លោកបានបញ្ចប់ដោយការទទួលបរាជ័យ ២-១ ក្រោមស្នាដៃក្រុម Hoffenheim កាលពីថ្ងៃសៅរ៍។
លោក Horst Heldt ប្រធានផ្នែកកីឡា បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លិបនេះថា៖ «ទម្រង់លេងរបស់ក្រុមក្នុងរយៈពេលប៉ុន្មានសប្តាហ៍នាពេលថ្មីៗនេះ មានភាពប្រែប្រួលយ៉ាងខ្លាំង។ បើទោះបីទទួលបានលទ្ធផលវិជ្ជមានផ្សេងៗ ដូចជាការទទួលបាន៧ពិន្ទុពីកម្មវិធីប្រកួតលីកដ៏មមាញឹក និងការទទួលជ័យជម្នះក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់តែមួយក៏ដោយ ប៉ុន្តែ វាមិនបានបង្ហាញពីប្រសិទ្ធិភាពឡើយ»។
លោក Heldt បានបន្ថែមទៀតថា៖ «តាមរយៈការផ្លាស់ប្តូរអ្នកចាត់ការទូទៅ យើងចង់បង្កើតឲ្យមានកម្លាំងថ្មី។ យើងពិតជាជឿជាក់ថា លោក Roberto di Matteo នឹងធ្វើឲ្យក្រុមនេះមានស្ថេរភាព និងសម្រេចគោលបំណងរបស់យើងក្នុង Bundesliga និង Champions League»៕
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com