សុខភាព
អន្តរជាតិ
ម្តាយ​កើត​អុត​ស្វាយ ចុះ​ទារក​ក្នុង​ផ្ទៃ​ទៅជា​យ៉ាងណា​?
11, Oct 2014 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ
ប្រសិនបើ​អ្នក​កំពុង​មាន​ផ្ទៃពោះ ហើយ​ស្រាប់តែ​កើត​ជំងឺ​អុត​ស្វាយ នោះ​អ្នក និង​កូនតូច​របស់​អ្នក ប្រាកដ​ណាស់​ថា​នឹង​មាន​ការ​ប្រឈម​ជា​មួយ​បញ្ហា​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។ ការ​កើត​ជំងឺ​អុតស្វាយ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​ជា​ម្តាយ​ងាយ​នឹង​មាន​ការវិវត្ត​ជា​ជំងឺ​រលាក​សួត ខណៈ​ដែល​ទារក​ក្នុង​ផ្ទៃ​អាច​មាន​ហានិភ័យ​ខ្ពស់ ដែល​អាស្រ័យ​លើ​អាយុ​នៃ​គភ៌​។


ប្រសិនបើ​អុតស្វាយ​កើតមាន​នៅក្នុង ២០ សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ជាពិសេស នៅ​រវាង​សប្តាហ៍ ៨ និង​ទី ២០ ទារក​អាច​នឹង​មាន​ហានិភ័យ​តិចតួច​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទារក​ទាំងនោះ​អាច​មាន​បញ្ហា​ដូចជា ៖

• ​មាន​ស្លាកស្នាម​នៅលើ​ស្បែក
• ​មាន​ទម្ងន់​តិចពេក​ពេល​កើត​
• ​បញ្ហា​ប៉ះពាល់​ដល់​ដៃ ជើង ខួរក្បាល និង​ភ្នែក​។​

​ប្រសិនបើ​អុតស្វាយ​បានកើត​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​សម្រាល ទារក​អាច​កើត​មក​ជាមួយនឹង​ការឆ្លង​មេរោគ ដែល​គម្រាមកំហែង​ដល់​អាយុជីវិត​។ ប្រសិនបើ​អ្នក​ប្រឈម​នឹង​ជំងឺ​អុតស្វាយ​អំឡុង​ពេល​មាន​ផ្ទៃពោះ ហើយ​អ្នក​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជាមុន សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​របស់​អ្នក​ភ្លាមៗ​។ គ្រូពេទ្យ​នឹង​ចាក់​សេរ៉ូម​ដែល​មាន​អង់​ទីករ​ប្រឆាំង​ទៅ​នឹង​មេរោគ​អុតស្វាយ ​ដល់​អ្នក​៕

ផ្តល់សិទ្ធិផ្សាយដោយគេហទំព័រ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com