សុខភាព
អន្តរជាតិ
តើ​អឺរ៉ុប​កំពុង​មើលងាយ​មេរោគ​អេ​បូ​ឡា​ឬ?
09, Oct 2014 , 9:25 am        
រូបភាព
ដោយ:
ក្រោយ​គណៈកម្មការ​អឺរ៉ុប​ទាមទារ​អោយ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បំភ្លឺ​មូល​ហេតុដែល​នាំអោយមាន​ករណី​ឆ្លង​មេរោគ​អេ​បូ​ឡា​ទៅលើ​គិលានុបដ្ឋាយិកា​អេ​ស្ប៉ា​ញ​ក្នុង​ទឹកដី​អេ​ស្ប៉ា​ញ​ខ្លួនឯង​ផ្ទាល់​នៅ​ថ្ងៃ​ពុធ​នេះ​គ្រូពេទ្យ​ដែល​ព្យាបាល​បុគ្គលិក​ពេទ្យ​ស្រី​អេ​ស្ប៉ា​ញ​បាន​បកស្រាយ​ថា​គិលានុបដ្ឋាយិកា​រូបនេះ​ប្រហែល​អាច​ឆ្លង​មេរោគ​អេ​បូ​ឡា​ដោយសារ​ថា​មុខ​របស់គាត់​អាច​ប៉ះ​ជាមួយនឹង​ស្រោមដៃ​ដែលមាន​ជាប់​មេរោគ។គិលានុបដ្ឋាយិកា​រូបនេះ​ធ្លាប់​ចូលទៅ​ព្យាបាល​បុព្វ​ជិត​អេ​ស្ប៉ា​ញ​មួយអង្គ​ដែល​បាន​ស្លាប់​ដោយ​ជំងឺ​អេ​បូ​ឡា​កាលពី​ចុងខែ​កញ្ញា។ថ្ងៃ​ពុធ​ម្សិលមិញ​អាជ្ញាធរ​អេ​ស្ប៉ា​ញ​បាន​ចាក់​ថ្នាំ​សម្លាប់សត្វ​ឆ្កែ​របស់​គិលានុបដ្ឋាយិកា​រូបនោះ​ដោយ​ខ្លាច​ថា​ឆ្កែ​នោះ​អាចមាន​អង់ទីគ័រ​មេរោគ​អេ​បូ​ឡា​អាច​ចម្លង​អេ​បូ​ឡា​ទៅ​មនុ​ស្សបាន។យោងតាម​អ្នកជំនាញ​អង្គការ​សុខភាព​ពិភព​អឺរ៉ុប​អាច​នឹង​ជួប​ករណី​ឆ្លង​អេ​បូ​ឡាថ្មីៗទៀត។អ្នកស្រាវជ្រាវ​អាមេរិក​គិតថា​នៅ​ចុងខែ​តុលា​នេះ​បារាំង​អាច​នឹងរង​ការប៉ះពាល់​ដោយ​ជំងឺ​អេ​បូ​ឡា​ដែរ។

សូម​ស្តាប់​ការពន្យល់​របស់ ព្រំ​សឿន សូលី​ណា



គួររំលឹកថា​ការឆ្លង​មេរោគ​អេ​បូ​ឡា​ទៅលើ​ស្ត្រី​ជា​បុគ្គលិក​ព្យាបាល​ជំងឺ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ត​អេ​ស្ប៉ា​ញ​ជា​ករណី​ឆ្លង​លើកដំបូង​នៅ​អឺរ៉ុប​ដោយសារ​ថា​អ្នកជំងឺ​មិនបាន​ធ្វើដំណើរ​ទៅ​អាហ្វ្រិក​ជាទី​ជំរក​មេរោគ​អេ​បូ​ឡា​ទេ។  គិលានុបដ្ឋាយិកា​ដែល​ឆ្លង​អេ​បូ​ឡា​រូបនោះ​ឈ្មោះថា​តេ​រេ​សារ៉ូ​មេ​រ៉ូ​រ៉ា​ម៉ូ​សមាន​អាយុ៤៤ឆ្នាំ​ស្ថិតក្នុង​ក្រុម​ដែល​បាន​ព្យាបាល​បុព្វ​ជិត​អេ​ស្ប៉ា​ញ២រូប​ដែល​ឆ្លង​មេរោគ​អេ​បូ​ឡា​នៅ​អាហ្វ្រិក​ហើយ​ត្រូវបាន​គេ​ដឹក​មក​អេ​ស្ប៉ា​ញ​វិញ​កាលពី​ខែសីហា។សង្ឃ​ទាំង២អង្គ​បាន​ស្លាប់​ទៅហើយ។

បុគ្គលិក​ពេទ្យ​ស្រី​អេ​ស្ប៉ា​ញ​ធ្លាប់​ចូលទៅ​មើល​សង្ឃ​កាតូលិក​មួយអង្គ​ដល់​ទៅ២លើក។យោងតាម​គ្រូពេទ្យ​របស់លោក​ស្រី​រ៉ា​ម៉ូ​ស​ស្រោមដៃ​ដែល​លោកស្រី​ប្រើពេល​ចូលទៅ​ព្យាបាល​សង្ឃ​អេ​ស្ប៉ា​ញ​នោះ​ប្រហែល​ជាមាន​ជាប់​មេរោគ​ហើយ​ស្រោមដៃ​នោះ​អាច​ប៉ះ​ទៅលើ​មុខ​លោកស្រី​ពេល​លោកស្រី​ដោះ​សម្លៀកបំពាក់​ការពារ​ខ្លួន​ចេញ​ទើប​ធ្វើអោយ​លោកស្រី​ឆ្លង​មេរោគ​អេ​បូ​ឡា។តើ​នេះ​ជាការ​ធ្វេសប្រហែស​របស់​បុគ្គលិក​ពេទ្យ​ស្រី​រូបនោះ​តែមួយ​មុខ​រឺ​យ៉ាងណា។

យោងតាម​បុគ្គលិក​មន្ទីរពេទ្យ​កា​ឡូ​ទី៣ជា​កន្លែង​ឆ្លង​ជំងឺ​ទៅលើ​គិលានុបដ្ឋាយិកា​នោះ​មន្ទីរពេទ្យ​អនុវត្ត​បទដ្ឋាន​ត្រឹមតែ​កម្រិត​ទី២ ខណៈ​អង្គការ​សុខភាព​ពិភពលោក​តម្រូវ​អោយប្រើ​កម្រិត​ទី៤ពេល​អន្តរាគមន៍​ព្យាបាល​អ្នកជំងឺ​អេ​បូ​ឡា។តាម​ក្បួន​អ្នក​អន្តរាគមន៍​អ្នកជំងឺ​ត្រូវតែ​ប្រើ​សម្លៀកបំពាក់​បិទ​ជិត​តាំងពី​ក្បាល​រហូតដល់​ចុងជើង។តែបើ​គេ​មើល​រូបថត​ក្នុង​កាសែត​អេ​ស្ប៉ា​ញ​វិញ​បុគ្គលិក​ពេទ្យ​បែរជា​ប្រើ​ស្កុ​តបិទ​ភ្ជាប់​ដៃ​អាវ​ពេទ្យ​ដើម្បី​ការពារ​ខ្លួន​ទៅវិញ។តើ​អាច​ការពារ​ម្តេច​បាន​ទៅ​ព្រោះ​ថាបើ​ធ្វេសប្រហែស​តែ​បន្តិច​គឺ​ប្រាកដជា​ឆ្លង​មេរោគ​ពី​អ្នកជំងឺ​ហើយ។ក្នុងនាម​ជា​អ្នកធ្វើការ​នៅ​មន្ទីរពេទ្យ​គ្រប់គ្នា​គួរតែ​ដឹងថា​មេរោគ​អេ​បូ​ឡា​ងាយ​ឆ្លង​ណាស់​គ្រាន់តែ​ប៉ះ​ញើស​ទឹកមាត់​ស្ពែ​ម​រឺក៏​ឈាម​អ្នកជំងឺ​គឺ​ឆ្លង​បាត់ទៅហើយ។

មិនគួរណា​អាជ្ញាធរ​សុខាភិបាល​អេ​ស្ប៉ា​ញ​អាច​ប្រហែស​មើលស្រាល​អេ​បូ​ឡា​ដល់​ថ្នាក់​នេះ​សោះ។ដល់ពេល​មាន​ករណី​ឆ្លង​ជាក់ស្តែង​ទៅលើ​គិលានុបដ្ឋាយិកា​បែបនេះ​ទើបបានជា​អាជ្ញាធរ​ជាន់ជើងគ្នា​ឆ្លេឆ្លា​ដាក់​មនុស្ស​ជាង៥០នាក់​ដែល​អាច​ប៉ះពាល់​ជាមួយ​គិលានុបដ្ឋាយិកា​រូបនោះ​អោយ​ស្ថិតក្រោម​ការតាមដាន​ពិសេស។ឆ្លេឆ្លា​ស៊ើបអង្កេត​រកមុខ​ប្រជាជន​ក្នុង​តំបន់​ដែល​អាច​ប្រឈម​នឹង​អេ​បូ​ឡា​ខ្លាច​អេ​បូ​ឡា​រហូតដល់​ចាក់​ថ្នាំ​សម្លាប់​ឆ្កែ​របស់​គិលានុបដ្ឋាយិកា​រូបនោះ​ចោល​ទៀតផង ទោះជា​ក្រុម​អ្នកការពារ​សត្វ​ជំទាស់​ក៏ដោយចុះ។មុននឹង​ភ័យ​ឆោឡោ​បែបនេះ​ម្តេចក៏​អេ​ស្ប៉ា​ញ​ដែលជា​ប្រទេស​ជឿនលឿន​មួយ​នឹង​គេ​ដែរនោះ​មិន​ត្រៀម​វិធាន​ការអោយ​ខ្លាំងក្លា​ជាមុន​ទៅ? យោងតាម​សហជីព​ពេទ្យ​កន្លងមក​មន្ទីរពេទ្យ​កា​ឡូ​ទី៣បាន​កាត់បន្ថយ​បុគ្គលិក​រឹតត្បិត​ថវិកា​ទើបបាន​ជាមាន​ហេតុការណ៍​ឆ្លង​បែបនេះ​កើត​បាន។បុគ្គលិក​ពេទ្យ​ស្រី​អេ​ស្ប៉ា​ញ​ដែល​បាន​ឆ្លង​មេរោគ​មាន​អារម្មណ៍​ថា​មាន​អាការៈរោគ​តាំងពី​ថ្ងៃ៣០កញ្ញា​ម្ល៉េះ​តែ​មន្ទីរពេទ្យ​មិន​ព្រម​ពិនិត្យ​គាត់​ទេ​ដោយសារ​ថា​ខ្លួន​គាត់​មាន​សីតុណ្ហភាព​ទាប។ទាល់តែ៦ថ្ងៃក្រោយ​ពោលគឺ​ក្រោយ​វិស្សមកាល​របស់គាត់​ទាល់តែ​គាត់​រត់​ចូល​ពេទ្យ​បន្ទាន់​ទើប​មន្ទីរពេទ្យ​ព្រមធ្វើ​តេស្ត​គាត់។ដូច្នេះ​អំឡុង៦ថ្ងៃមុន​ដឹងថា​គាត់​ឆ្លង​មេរោគ​មិនដឹងថា​មនុស្ស​ប៉ុន្មាន​នាក់​ទេ​បាន​ប៉ះពាល់​ជាមួយ​គិលានុបដ្ឋាយិកា​អេ​ស្ប៉ា​ញ។ដោយសារ​ការធ្វេសប្រហែស​បែបនេះ​យើង​មិនបាច់​ឆ្ងល់​ទេ​បើ​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​ហ៊ាន​អះអាងថា​អឺរ៉ុប​អាច​នឹងរង​ករណី​ឆ្លង​អេ​បូ​ឡាថ្មីៗទៀត​នៅពេល​ខាងមុខ​នោះ។

នៅ​អឺរ៉ុប​បារាំង​ក៏​ប្រហែល​ចៀស​មិន​ផុត​ដូច​អេ​ស្ប៉ា​ញ​ដែរ​នៅ​ចុងខែ​តុលា​នេះ​លទ្ធភាព​ឆ្លង​អេ​បូ​ឡា​កើតឡើង​ក្នុង​ទឹកដី​បារាំង​អាចមាន​ដល់​ទៅ២០ភាគរយ​ឯណោះ​នេះ​បើ​យោងតាម​ការប៉ាន់ស្មានរ​បស់​អ្នកស្រាវជ្រាវ​អាមេរិក​ជាច្រើនរូប​ក្នុងពេលថ្មីៗនេះ។ទោះ​បារាំង​អាច​ប្រឈម​ករណី​ឆ្លង​អេ​បូ​ឡា​ក៏​រដ្ឋាភិបាល​បារាំង​អួតថា​មាន​មធ្យោបាយ​មានលទ្ធភាព​ព្យាបាល​អ្នកជំងឺ។កន្លងមក​បារាំង​ធ្លាប់​ព្យាបាល​អ្នកជំងឺ​ខ្លួន​ម្នាក់​ដែល​បាន​ឆ្លង​មេរោគ​អេ​បូ​ឡា​នៅ​អាហ្វ្រិក​អោយ​ជាសះស្បើយ​រួចមកហើយ។

លទ្ធភាព​ឆ្លង​នៅ​បារាំង​ហាក់​ត្រូវបាន​គេ​មើលឃើញថា​ងាយ​នឹង​កើតឡើង។កាលពី​ថ្ងៃ៣តុលា​សាលារៀន​មួយ​នៅ​តំបន់ Haut de Seine ខាងត្បូង​ក្រុងប៉ារីស​បានអនុញ្ញាត​អោយ​ក្មេងប្រុស​ម្នាក់​អាយុ៩ឆ្នាំ​ចូលរៀន​ទោះជា​ដឹងថា​កុមារ​រូបនោះ​ទើប​ត្រលប់​មកពី​ប្រទេស​ហ្គី​ណេ​ដែល​រង​ការ​រាតត្បាត​ខ្លាំង​ក៏ដោយចុះ។ឳ​ពុក​ម្តាយ​សិស្ស​មួយចំនួន​មិនបាន​យក​កូន​ទៅ​សាលា​នោះទេ។ពួកគេ​មិន​យល់ថា​ហេតុអ្វី​សាលា​មិន​ព្រម​ចាំ​អោយដល់​គ្រប់២១ថ្ងៃ​សិន​ដើម្បី​ប្រាកដថា​ក្មេងប្រុស​នោះ​ពិតជា​មិនបាន​ផ្ទុក​ជំងឺ​មុននឹង​អោយគេ​ចូល​សាលា​វិញ។តែ​អ្នកគ្រប់គ្រង​សាលា​ប្រាប់ថា​សាលា​តាមដាន​កំដៅ​ខ្លួន​កុមារ​រូបនោះ​ជាប្រចាំ​ហើយ​កុំភ្លេចថា​បើ​កុមារ​គ្មាន​អាការៈរោគ​ទេ​គឺ​គ្មាន​លទ្ធភាព​ឆ្លង​ទៅលើ​សិស្ស​ដទៃទៀត​ទេ។

ប្រហែល​ដូច្នេះ​ដែរ​ហើយ​ទើប​បារាំង​មិនសូវ​ភ័យ​ពី​អេ​បូ​ឡា​តែ​បារាំង​ក៏​មិនត្រូវ​ភ្លេច​ថា​ប្រទេស​អាហ្វ្រិក​ខាងលិច​ដែល​រង​ការ​រាតត្បាត​មេរោគ​នោះ​ជា​ប្រទេស​ប្រើ​ភាសា​បារាំង​ប្រទេស​ទាំងនោះ​មាន​ជើងយន្តហោះ​ទៅមក​ជាមួយ​បារាំង​ច្រើន។អ្នក​ឆ្លង​ជំងឺ​ណាមួយ​ដែល​មិនទាន់​បង្ហាញ​រោគសញ្ញា​អាចធ្វើ​ដំណើរ​មកដល់​បារាំង​បាន។ដូច​ករណី​អ្នកជំងឺ​ជនជាតិ​លី​បេ​រី​យ៉ា​ដែល​បាន​ស្លាប់​ម្សិលមិញ​នៅ​តិច​សាស​សហរដ្ឋអាមេរិក​ដែរ​បើ​អ្នកដំណើរ​ដែល​កំពុង​ឆ្លង​មេរោគ ហ៊ាន​កុហក​អាជ្ញាធរ​ថា​មិនបាន​ទាក់ទង​ជាមួយ​អ្នកជំងឺ​នៅ​អាហ្វ្រិក​ទេ​ហើយ​អាជ្ញាធរ​អោយគេ​នោះ​ដើរហើរ​ដោយ​សេរី​អាចជា​គ្រោះថ្នាក់​មិន​ខាន​ទេ។មិន​ថា​បារាំង​ប្រទេស​ណាក៏ដោយ​មិនគួរ​មើលស្រាល​បញ្ហា​នេះ​ទេ​ទោះ​ជាមាន​ប្រព័ន្ធ​សុខាភិបាល​ខ្ពស់​ម្តេចក្តី៕ 




© រក្សាសិទ្ធិដោយ thmeythmey.com