កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុម​អាល្លឺ​ម៉ង់​រង​បរា​ជ័យ​ដ៏​មិន​​នឹក​ស្មាន​ដល់​នៅ​លើ​ទឹក​ដី​ប៉ូ​ឡូញ
12, Oct 2014 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមម្ចាស់​ជើង​ឯក​ពិភព​លោក អាល្លឺ​ម៉ង់ បាន​​រង​បរា​ជ័យ​ជា​លើក​ទី​១​ក្នុង​ចំ​ណោម​ការ​ជួប​​ប្រកួត​​គ្នា​ចំនួន​១៩​លើក ខណៈ​ដែលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​ប៉ូ​ឡូ​បាន​ផ្តួល​ពួក​គេ​ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លើ​កំ​ពូល​តា​រាង​ក្នុង​ពូល​នៃ​ការ​ប្រកួត​ជម្រុះ Euro ឆ្នាំ​២០១៦ កាល​ពី​ថ្ងៃ​សៅរ៍​។


គ្រាប់​បាល់​តែត​បញ្ចូល​ទី​នៅនាទី ទី​៥១​របស់​កីឡាករ Arkadiusz Milik ត្រូវ​បាន​បន្ថែមនៅ​ជិត​បញ្ចប់​ការ​ប្រកួត​ដោយ​កីឡាករ Sebastian Mila​។ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប៉ូ​ឡូ​មិន​ធ្លាប់​ឈ្នះក្រុមអាល្លឺ​ម៉ង់​​ពីមុន​ឡើយ ខណៈ​ដែល​ក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោក​មួយ​នេះ​ក៏មិន​ធ្លាប់​ចាញ់​ផ​ងដែរ​ក្នុង​ចំណោម​ការ​ប្រកួត​ជម្រុះ​ចំនួន​៣៣​លើក បើ​គិត​ចាប់​តាំង​ពី​២០០៧​។

ប៉ូ​ឡូញ បាន​ឡើង​​ទៅ​ឈរ​ពីលើ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អៀរ​ឡង់​​ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង ហើយ​​​ពួក​គេ​នឹង​ត្រូវ​​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ភ្ញៀវ​​ស្កុត​ឡេន​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​។

ក្រុម​ឈរ​លេខ​១​នៅលើ​កំ​ពូល​តា​រាង​មួយ​នេះ​មាន​៦​ពិន្ទុ ខណៈ​ដែល​​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ និង​ស្កុត​ឡេន មាន​៣​ពិន្ទុ​ដូច​គ្នា ហើយ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ហ្សក​ហ្ស៊ី និង​ហ្គី​ប្រា​តា សុទ្ធ​សឹង​បាន​ទទួល​បរា​ជ័យ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ទាំង​ពីរ​លើក​របស់​ពួក​គេ​។

ការ​រង​បរា​ជ័យ​ជា​លើក​​ចុង​ក្រោយ​របស់​ក្រុម​​អាល្លឺ​ម៉ង់ បាន​​កើត​​ឡើង​ក្នុង​លទ្ធ​ផល ៣-០ ក្នុង​ការ​ប្រកួត​លើ​ទឹក​ដី​ខ្លួន​ឯង​ជា​មួយ​នឹង​ក្រុម​សា​ធារណៈ​រដ្ឋ​ឆែក​កាលពី​​ខែ​តុលា ឆ្នាំ​២០០៧​។ ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ អាច​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​ចំនួន​៥​គ្រាប់​យ៉ាង​ងាយ​ក្នុង​ការ​ប្រកួត​នេះ ប៉ុន្តែ ខ្សែ​បម្រើ​ស្លាប​ចំ​ណូល​ថ្មី Karim Bellarabi របស់​អាល្លឺ​ម៉ង់ បាន​ធ្វើ​ឲ្យ​ខូច​ឱកាស​សំ​ខាន់​ៗ​ចំនួន​បី​លើក ខណៈ​ដែល​កីឡាករ Thomas Muller និង Mats Hummels ក៏​បាន​ខ្ជះ​ខ្ជាយ​ឱកាស​ផង​ដែរ​៕

លទ្ធ​ផល​កាលពី​ថ្ងៃ​សៅរ៍
ក្រប​ខ័ណ្ឌ Euro ឆ្នាំ​២០១៦

Armenia 1-1 Serbia
Ireland 7-0 Gibraltar
Romania 1-1 Hungary
Scotland 1-0 Georgia
Albania    1-1 Denmark
Finland    1-1 Greece
Northern Ireland 2-0 Faroe Islands
Poland    2-0 Germany

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com