កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ កម្ពុជាបញ្ចប់បេសកកម្មនៅឡាវដោយចាញ់២ប្រកួត និងឈ្នះ២ប្រកួត 21, Oct 2014 , 9:42 am
× ខ្សែបម្រើ ឈិន ឈឿន បានស៊ុតបាល់បញ្ចូលទីនៅដើមតង់ទីពីរដើម្បីនាំឲ្យកម្ពុជាទទួលជ័យជម្នះលើប្រ៊ុយណេ ១-០ នាការប្រកួតចុងក្រោយក្នុងវគ្គជម្រុះ AFF Suzuki Cup នៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ជ័យជម្នះកាលពីល្ងាចថ្ងៃចន្ទ ទី២១ ខែតុលា ម្សិលមិញនេះ បាននាំឲ្យកម្ពុជាត្រឡប់មកផ្ទះវិញ ដោយមាន៦ពិន្ទុ និងស្ថិតនៅចំណាត់ថ្នាក់លេខបី បន្ទាប់ពីមីយ៉ាន់ម៉ា និងម្ចាស់ផ្ទះឡាវ។
នៅលើទីលាន Chao Anouvong កម្ពុជាបានរក្សាទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ដូចជាការប្រកួតបីលើកកន្លងមកផងដែរ។ ក្រុមដែលស្ថិតក្រោមការដឹកនាំបង្វឹករបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Lee Tae Hoon មានឱកាសជាច្រើនក្នុងការទម្លាយសំណាញ់របស់ប្រ៊ុយណេក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកក្លិប Blackburn Rovers លោក Steve Kean ប៉ុន្តែផលសម្រេចពិតប្រាកដគឺកើតឡើងនៅក្នុងនាទី ទី៥៦ ដែលធ្វើបានដោយខ្សែបម្រើក្លិបក្រសួងការពារជាតិ ឈិន ឈឿន។
ប្រធានក្រុម គួច សុគម្ភៈ ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ខ្សែបម្រើ សុះ ស៊ូហាណា និងកីឡាករបម្រុង ចាន់ វឌ្ឍនាកា សុទ្ធតែខកខានឱកាសមាសរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបញ្ចប់យុទ្ធនាការរបស់ខ្លួនដោយទទួលបាន៦ពិន្ទុ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបី ដោយចាញ់ម្ចាស់ផ្ទះឡាវ ៣-២ ចាញ់មីយ៉ាន់ម៉ា ១-០ ឈ្នះទីម័រខាងកើត ៣-២ និងឈ្នះប្រ៊ុយណេ ១-០ ។
មីយ៉ាន់ម៉ាដែលមានពិន្ទុខ្ពស់ជាងគេ (១០ពិន្ទុ) ត្រូវចូលទៅលេងក្នុងពូល B សម្រាប់វគ្គចុងក្រោយនៅក្នុងប្រទេសសិង្ហបុរី ជាមួយសិង្ហបុរី ម៉ាឡេស៊ី និងថៃ ខណៈឡាវ (៩ពិន្ទុ) ស្ថិតក្នុងពូល A ដែលត្រូវជួបម្ចាស់ផ្ទះវៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី។ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា។
លោក Lee Tae Hoon បានដឹកនាំកម្ពុជាឲ្យស្ថិតនៅក្នុងចំណាត់ថ្នាក់ទីបីដូចកាលពីឆ្នាំ២០១០ ខណៈទីម័រខាងកើត ទទួលបាន៤ពិន្ទុ និងប្រ៊ុយណេ ចាញ់ទាំងបួនប្រកួត។ ខ្សែប្រយុទ្ធ សុក ចាន់រស្មី របស់កម្ពុជាស្ថិតក្នុងចំណោមកីឡាករដែលរកបានគ្រាប់បញ្ចូលទីច្រើនជាងគេប្រចាំព្រឹត្តិការណ៍ប្រកួតជម្រុះនេះ ដោយមាន៤គ្រាប់ស្មើកីឡាករឡាវ Soukaphone Vongchiengkham។
នៅមុនដំណើរមកកាន់ប្រទេសកម្ពុជាវិញ ស្ថានទូតខ្មែរប្រចាំប្រទេសឡាវ បានរៀបចំពិធីជប់លៀងជូនដំណើរប្រតិភូកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាយ៉ាងអធិកអធមផងដែរ។ នៅឆ្នាំ២០១៦ កម្ពុជានឹងទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតជម្រុះនេះ៕ © រក្សាសិទ្ធិដោយ thmeythmey.com