កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន ប៉ះ ជើងឯកវៀតណាម Becamex Binh Duong ម៉ោង៨យប់នេះ 31, Oct 2014 , 12:09 pm
លោក Sam ដឹកនាំការហ្វឹកហាត់ត្រៀមប្រកួតនៅយប់នេះ។ រូបថត ភ្នំពេញក្រោន
× ក្រុមបាល់ទាត់ជើងឯកលីកកម្ពុជារដូវកាល ២០១៤ ភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយក្រុមជើងឯកលីកវៀតណាម Becamex Binh Duong ក្នុងពានរង្វាន់ Mekong Toyota Club Championship 2014 នៅ កីឡដ្ឋាន Go Dau Stadium ក្បែរក្រុងហូជីមិញ វេលាម៉ោង ៨ យប់នេះ ដោយមានការផ្សាយបន្តផ្ទាល់តាមប៉ុស្ដិ៍ BTV។
និយាយពីពានរង្វាន់ Toyota Mekong Club វិញ បានចាប់គូនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចរាល់ហើយដោយ ក្រុមភ្នំពេញក្រោន ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Becamex Binh Duong ស្របពេល ក្រុមជើងខ្លាំងឡាវ HAGL Attapeu ត្រូវជួបក្រុមមកពីមីយ៉ាន់ម៉ា Ayeyawady United។ ក្រុមឈ្នះ នឹងឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ២ វិច្ឆិកា តែម្ដង ចំណែកក្រុមចាញ់ប្រកួតដណ្ដើមលេខ៣។
ព័ត៌មានច្បាស់មុនចេញដំណើរទៅលោកគ្រូបង្វឹកក្លិបភ្នំពេញក្រោន Sam Schweingruber បានឱ្យដឹងថាក្រុម Becamex Binh Duong មានកីឡាករបរទេសមួយចំនួនចូលសញ្ជាតិវៀតណាម ហើយមានកីឡាករ ៦ នាក់ផ្សេងទៀតជាប់ក្នុងឈុតក្នុងជម្រើសជាតិវៀតណាមផ្ទាល់តែម្ដង។ បើមើលមួយភ្លែតគេអាចនិយាយបានថាក្រុមមួយនេះមានលទ្ធភាពច្រើនក្នុងការប្រជែងយកពានរង្វាន់លើទឹកដីរបស់ខ្លួន។
ចំណែកប្រវត្តិរបស់ក្រុមម្ចាស់ផ្ទះមួយនេះធ្លាប់លើកពានលីកកំពូលរបស់វៀតណាម ចំនួន ៣ លើកគឺនៅឆ្នាំ ២០០៧, ២០០៨ និង ២០១៤ ហើយធ្លាប់បង្ហាញខ្លួននៅពានរង្វាន់លំដាប់កំពូលប្រចាំទ្វីបអាស៊ី AFC Champion League នៅឆ្នាំ ២០០៨។ នៅឆ្នាំបន្ទាប់ធ្លាប់ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន AFC Cup និង ចុងក្រោយឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយនៅឆ្នាំ ២០១០។
សម្រាប់ក្រុមភ្នំពេញក្រោន វិញ កម្លាំងសំខាន់ៗ មួយចំនួនដួចជា កីឡាករប្រធានក្រុម គួច សុកុម្ភៈ, អ្នកចាំទី ស៊ូ យ៉ាទី, ខ្សែការពារ ងយ ស្រ៊ីន, ហុង ផេង និង ខ្សែប្រយុទ្ធ សុះ ស៊ូហាណា ទើបតែត្រឡប់មកពីជួយក្រុមជម្រើសជាតិវិញក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup កាលពីពាក់កណ្ដាលខែតុលា កន្លងទៅនៅប្រទេសឡាវ។
តាមរយៈប្រកួតមិត្តភាពក្នុងស្រុកប៉ុន្មានប្រកួតចុងក្រោយ ភ្នំពេញក្រោន ជោគជ័យច្រើនជាងបរាជ័យ ស្របពេលមានកីឡាករថ្មីមួយចំនួនគួរឱ្យចាប់អារម្មណ៍។ អ្វីដែលជាពិសេសគឺគ្រូជំនួយថ្មីជនជាតិបរទេស ២ នាក់សុទ្ធតែមានបទពិសោធន៍ជោកជាំលើទីលានបាល់ទាត់។
ងាកទៅមើលប្រាក់រង្វាន់ Mekong Toyota Club ត្រៀមសម្រាប់ក្រុមចូលរួមវិញមានដូចជា ក្រុមជើងឯកនឹងទទួលបានប្រាក់ ៧៥,០០០ ដុល្លារអាមេរិក ចំណែកក្រុមជើងឯករងទទួលបានប្រាក់រង្វាន់៥០,០០០ដុល្លារ ហើយក្រុមលេខ៣ទទួលបាន៣០,០០០ដុល្លារ និងលេខ៤ទទួលបាន១០,០០០ដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com