កីឡាជាតិ
ជាតិ
ភ្នំពេញក្រោនបានចំណាត់ថ្នាក់លេខបីក្នុងព្រឹត្តិការណ៍ Toyota Mekong Club 02, Nov 2014 , 3:25 pm
× ក្លិបភ្នំពេញក្រោនរបស់កម្ពុជា បានទទួលចំណាត់ថ្នាក់លេខបីក្នុងព្រឹត្តិការណ៍ Toyota Mekong Club Championship បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ ២-០ លើក្រុមជើងឯកឡាវ Hoang Anh Anh Attapeu នៅកីឡដ្ឋាន Go Dau ខេត្ត Binh Duong ប្រទេសវៀតណាម នារសៀលថ្ងៃអាទិត្យនេះ។
ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Bisan George គឺជាអ្នកស៊ុតបាល់បញ្ចូលទីទាំងពីរគ្រាប់ឲ្យភ្នំពេញក្រោននៅក្នុងនាទី ទី២១ និងនាទី៥២ ។ វាក៏ជាគ្រាប់បាល់ទីបីផងដែររបស់ Bisan ប្រចាំព្រឹត្តិការណ៍នេះ បន្ទាប់ពីរូបគេរកបានមួយគ្រាប់ក្នុងនាមជាកីឡាករបម្រុង នាបរាជ័យ ៥-២ ក្រោមថ្វីជើងម្ចាស់ផ្ទះ Becamex Binh Duong កាលពីថ្ងៃសុក្រ។
ចំណាត់ថ្នាក់លេខបីនាំឲ្យភ្នំពេញក្រោនទទួលបានប្រាក់រង្វាន់ចំនួន៣ម៉ឺនដុល្លារអាមេរិក ខណៈក្រុមឡាវ Hoang Anh Anh Attapeu បាន១ម៉ឺនដុល្លារអាមេរិកសម្រាប់តំណែងលេខបួន។ ម្ចាស់ផ្ទះ Becamex Binh Duong និងក្រុមមីយ៉ាន់ម៉ា Ayeyawady ត្រូវប្រជែងយកជើងឯកដោយលេខមួយបាន នឹងទទួលបានប្រាក់រង្វាន់ចំនួន៧៥០០០ដុល្លារអាមេរិក ជើងឯករងបាន៥០០០០ដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com