កីឡាជាតិ
ជាតិ
កម្ពុជាឈ្នះមេដាយពីកីឡាឆ្នេរខ្សាច់អាស៊ី លោក វ៉ាត់ ចំរើន បកស្រាយពីការមិនបញ្ជូនកីឡាប៉េតង់ 21, Nov 2014 , 3:00 pm
នី សំណាង រំភើបចិត្តពេលឃើញលោក ថោង ខុន និងថ្នាក់ដឹកនាំក្រសួងអប់រំ ទៅទទួលខ្លួន និងប្រតិភូចំបាប់នៅព្រលានយន្តហោះ។ រូបថត NOCC
× កីឡាការិនីចំបាប់ នី សំណាង បានឈ្នះមេដាយសំរឹទ្ធនៅក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៤ នៅក្នុងខេត្តភូកេត ប្រទេសថៃ ហើយក៏ជាមេដាយលើកដំបូងផងដែររបស់កម្ពុជា បើគិតចាប់តាំងពីឆ្នាំ២០០៨ មក។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានវាយតម្លៃថា កីឡាកម្ពុជាកំពុងតែឈានទៅដល់ការទទួលស្គាល់ក្នុងតំបន់ ហើយលោកក៏បានបកស្រាយផងដែរ ទាក់ទងនឹងការមិនបញ្ជូនកីឡាប៉េតង់ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ីនេះ។
កម្ពុជាបានចូលរួមយ៉ាងទៀងទាត់ក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ីដែលបានចាប់ផ្តើមឡើងកាលពីឆ្នាំ២០០៨ នៅក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែឆ្លងកាត់ការចូលរួមជាបន្តបន្ទាប់នៅក្នុងទីក្រុង Muscat ប្រទេសអូម៉ង់ និងក្រុង Haiyang ប្រទេសចិន កម្ពុជាមិនដែលទទួលបានមេដាយណាមួយឡើយ។ ទីបំផុតកីឡាការិនីចំបាប់ នី សំណាង បានក្លាយជាអត្តពលិកទីមួយ ដែលបានត្រឡប់មកមាតុភូមិវិញ ជាមួយនឹងមេដាយសំរឹទ្ធមួយពីព្រឹត្តិការណ៍ប្រចាំទ្វីបដែលរៀបចំរៀងរាល់ពីរឆ្នាំម្តងនេះ។
នី សំណាង និងប្រតិភូកីឡាចំបាប់ បានវិលត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដោយទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅផងដែរនៅព្រលានយន្តហោះពីសំណាក់លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រៀបប្រដូចកីឡាការិនី នី សំណាង ទៅនឹងកីឡាករប្រដាល់ យូ ជិនហេង ដែលចារក្នុងកំណត់ត្រាជាអ្នកដែលដណ្តើមបានមេដាយទីមួយជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) កាលពីឆ្នាំ១៩៦២ ។
ក្នុងការ ប្រកួតទម្ងន់៦០កីឡូក្រាម កីឡាការិនី នី សំណាង ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៣ បានបើកឆាកចាញ់កីឡាការិនីវៀតណាម Nguyen Thi Nga ក្នុងលទ្ធផល ២-០ ប៉ុន្តែបានយកឈ្នះកីឡាការិនីឥណ្ឌូនេស៊ី ២-១ វិញ នាការប្រកួតបន្ទាប់។ សំណាង បានទទួលត្រឹមមេដាយសំរឹទ្ធ បន្ទាប់ពីចាញ់កីឡាការិនីថៃ Thongkan Kanjana ក្នុងលទ្ធផល ២-០ ។
លោក វ៉ាត់ ចំរើន បានវាយតម្លៃថា ឆ្នាំ២០១៤ បានក្លាយជាឆ្នាំមួយនៃការបំបែកកំណត់ត្រាក្នុងវិស័យកីឡានៅកម្ពុជា ពោលគឺបន្ទាប់ពីកីឡាការិនី តេក្វាន់ដូ ស៊ន សៀវម៉ី ឈ្នះមេដាយមាសដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ៦០ឆ្នាំនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ Asian Games កីឡាការិនី នី សំណាង បានក្លាយជាជ័យលាភីមេដាយទីមួយរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ទ្វីបអាស៊ី (Asian Beach Games)។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ីលើកទី៤ ដែលចាប់ដំណើរការពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងមក កម្ពុជា មានអត្តពលិកចូលរួមចំនួន៨នាក់លើបីប្រភេទកីឡា គឺចំបាប់លើឆ្នេរខ្សាច់ បាល់ទះលើឆ្នេរខ្សាច់ និងកីឡា Footvolley។ សម្រាប់កីឡាចំបាប់លើឆ្នេរខ្សាច់ មានតែកីឡាការិនី នី សំណាង ប៉ុណ្ណោះដែលបានទទួលជ័យជម្នះលើគូប្រកួត ខណៈកីឡាករពីររូបទៀត សុទ្ធតែរងបរាជ័យនៅវគ្គជម្រុះ។
ដោយឡែក កីឡា Foot-volley ដែលមានលក្ខណៈស្រដៀងនឹងកីឡាបាល់ទះលើឆ្នេរខ្សាច់ បានទទួលបទពិសោធន៍យ៉ាងល្អនាការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះ ដោយកីឡាករអាយុ១៦ឆ្នាំទាំងពីររូប គឺ គីម ហាប់ និង សឿង ខន្តី បានប្រកួតចាញ់ម៉ាឡេស៊ី ឡាវ អារ៉ាប់រួម-អេមីរ៉េត ប៉ុន្តែបានយកឈ្នះក្រុមឥណ្ឌា។
ងាកទៅកីឡាបាល់ទះលើឆ្នេរខ្សាច់វិញ កីឡាករ ស៊ឹម ឃ្លោក និងលឹម សំអាត បានឆ្លងកាត់ការប្រកួតដ៏តឹងតែងនាវគ្គជម្រុះក្នុងពូល B ដោយបញ្ចប់ចំណាត់ថ្នាក់លេខបី បន្ទាប់ពីកាតា និងវៀតណាម។ កីឡាករកម្ពុជាបានយកឈ្នះប៉ាឡេស្ទីន ដោយស្វ័យប្រវត្តិ ហើយបានចាញ់ក្រុមកាតា ២-១ និងចាញ់វៀតណាម ២-០ ប៉ុន្តែស្តារមុខមាត់វិញជាមួយនឹងជ័យជម្នះ ២-០ លើលីបង់។
ឈានដល់ការប្រកួតវគ្គ៣២ក្រុមចុងក្រោយ កីឡាករ ស៊ឹម ឃ្លោក និងលឹម សំអាត បានរងនូវការខកចិត្ត បន្ទាប់ពីចាញ់ក្រុមអូម៉ង់ ២-១ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា។ នៅក្នុងសិតទីមួយ កម្ពុជាបានយកឈ្នះក្នុងលទ្ធផល ២១-១៦ ប៉ុន្តែក្រុមអូម៉ង់បានវាយបកវិញនៅសិតទីពីរក្នុងលទ្ធផល ២១-១៧ ។ ឈានដល់សិតទីបី ក្រុមអូម៉ង់ បានទទួលជ័យជម្នះ ១៥-១១ លើកម្ពុជា ។
ទោះបីជាយ៉ាងណាក៏ដោយ លោក វ៉ាត់ ចំរើន បានវាយតម្លៃថា សមត្ថភាពរបស់កីឡាករកម្ពុជា កាន់តែរីកចម្រើនទៅមុខ។ អគ្គលេខាធិការអូឡាំពិករូបនេះ ក៏បានឆ្លើយតបផងដែរចំពោះការចោទប្រកាន់ទាក់ទងនឹងការមិនបញ្ជូនកីឡាប៉េតង់ទៅចូលរួមក្នុងព្រឹត្តិ្កការណ៍កីឡាលើឆ្នេរខ្សាច់នេះ។ លោកបានលើកឡើងថា ថ្វីត្បិតតែប៉េតង់ជាកីឡាដ៏មានសក្តានុពលពិតមែន ប៉ុន្តែកម្ពុជាមិនដែលធ្លាប់មានបទពិសោធន៍ក្នុងការប្រកួតវិញ្ញាសាលើឆ្នេរខ្សាច់នោះឡើយ។
លោកបានលើកឡើងថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានសាកសួរខ្ញុំពីបញ្ហានេះផងដែរ ប៉ុន្តែខ្ញុំបានបកស្រាយថា វាជារឿងបច្ចេកទេសសុទ្ធសាធ។ គ្មានម្នាក់ដែលមិនចង់បញ្ជូនកីឡាដែលមានសក្តានុពលទៅប្រកួតដណ្តើមមេដាយថ្នាក់អន្តរជាតិនោះឡើយ»។
លោកបានបន្ថែមថា៖ «ប៉េតង់ជាប្រភេទកីឡាសក្តានុពល មិនមែនជាកីឡាដែលត្រូវដកស្រង់បទពិសោធន៍ឡើយ ដូច្នេះនៅពេលដែលកម្ពុជាមានភាពរឹងមាំគ្រប់គ្រាន់លើការប្រកួតកីឡាប៉េតង់លើឆ្នេរខ្សាច់ យើងច្បាស់ជាបញ្ជូនឲ្យទៅចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិជាមិនខានឡើយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com