កីឡាជាតិ
ជាតិ
Pate 310 ឈានទៅវគ្គផ្តាច់ព្រ័ត្រ ខណៈ Mekong Tigers ត្រៀមប្រជែងយកលេខបី 23, Nov 2014 , 12:45 pm
× ក្រុម Mekong Tigers បានតាំងចិត្តជាអ្នកកីឡាតាមរយៈការវិលមកប្រកួតតទល់ជាមួយក្រុម Pate 310 នាវគ្គកណ្តាលផ្តាច់ព្រ័ត្រលើកទីពីរ បន្ទាប់ពីពួកគេបានបោះបង់ចោលការប្រកួតដោយសារខឹងអាជ្ញាកណ្តាលកាលពីសប្តាហ៍មុន។ ទោះបីជាយ៉ាងណាក៏ដោយ ជំនួបលើកទីពីរនៃក្របខណ្ឌកីឡាបាល់បោះ CBL នេះ បានបន្តភាពរីករាយដល់ Pate 310 តាមរយៈជ័យជម្នះ ៨១ ទល់នឹង៦៩ លើក្រុម Mekong Tigers។
នាជំនួបកាលពីរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ Pate 310 បានធ្វើការនាំមុខពីរតង់ជាប់គ្នា ក្នុងលទ្ធផល ២០-១៨ និងបន្តទៅ ៣៧-៣៤ ។ ឈានចូលដល់តង់ទីបី ក្រុម Mekong Tigers ធ្វើការវាយបកយ៉ាងខ្លាំងក្លា រហូតដល់តាមស្មើក្នុងលទ្ធផល ៤៨-៤៨ ។ ប៉ុន្តែ Pate 310 បានបង្កើនយុទ្ធសាស្ត្រទប់ទល់ និងវាយលុក រហូតដល់ទទួលបានជ័យជម្នះក្នុងលទ្ធផល ៨១-៦៩ ។
Pate 310 រង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ ខណៈ Mekong Tigers ត្រៀមដណ្តើមតំណែងលេខបី។ ក្រុមទាំងពីររងចាំអ៊ុតមើលលទ្ធផលនៃការប្រកួតសប្តាហ៍ក្រោយរវាងក្រុម Emperors និងក្រុម Davies Paints។ Emperor ត្រូវមានការប្រឹងប្រែងខ្ពស់ដើម្បីស្វែងរកកៅអីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីចាញ់ Davies Paints ៦៩-៦៣ នាជំនួបលើកទីមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com