កីឡាជាតិ
ជាតិ
លោក Yoshioka Daisuke គ្រូបង្វឹកក្លិបត្រាយអាស៊ី លាឈប់ពីតំណែង 24, Nov 2014 , 1:15 pm
× បុរសជនជាតិជប៉ុនដែលជាគ្រូបង្វឹក និង ជាអ្នកចាត់ការទូទៅក្លិបបាល់ទាត់ត្រាយអាស៊ីភ្នំពេញ (TriAsia Phnom Penh FC) ដែលជាសមាជិកនៅក្នុងលីកបាល់ទាត់កម្ពុជា គឺលោក Yoshioka Daisuke បានលារឈប់ពីតំណែង ដោយហេតុផលបញ្ហាសុខភាព។ នេះបើយោងលើសេចក្ដីជូនដំណឹងរបស់ក្លិបតាមរយៈទំព័រ ហ្វេសប៊ុក កាលពីចុងសប្ដាហ៍កន្លងទៅ។
ស្របពេលនឹងការចាកចេញរបស់គ្រូបង្វឹកស្ថាបនិក្រុមរូបនេះ ក្លិបនៅមិនទាន់បង្ហាញមុខគ្រូបង្វឹកថ្មីនៅឡើយនោះទេ ដោយបញ្ជាក់ថានឹងជូនដំណឹងពេលក្រោយ។ ដំណាលគ្នានេះក្លិបក៏ថ្លែងអំណរគុណ និង ជូនពរឱ្យលោក Daisuke ឆាប់មានសុខភាពប្រសើរឡើងវិញ។
លោក Yoshioka Daisuke គឺជាបុគ្គលសំខាន់មួយរូបដែលជម្រុញបង្កើតឱ្យមានក្លិបនេះឡើង ក្នុងចុងឆ្នាំ ២០១២។ កាលពីពាក់កណ្ដាលឆ្នាំ ២០១៣ លោកបានជួយឱ្យក្រុមដណ្ដើមកៅអីឡើងចូលលេងលីកកំពូលកម្ពុជា រដូវកាល ២០១៤ បានសម្រេច។ បញ្ចប់រដូវកាល ត្រាយអាស៊ី ប្រកួតបាន ២២ លើក ឈ្នះ ១០ ស្មើ ៤ និង ចាញ់ ៨ មាន ៣៤ ពិន្ទុក្នុងដៃ ឈរលេខរៀងទី ៥ ក្នុងចំណោមក្លិបចំនួន ១២។
នៅក្នុងយុគ្គសម័យខ្លួន ប្រមាណជា ២ ឆ្នាំ លោក Daisuke បានទាក់ទងចងសម្ព័ន្ធនិមិត្តជាមួយក្លិបបាល់ទាត់ក្នុងលីកកំពូលរបស់ប្រទេសជប៉ុន (J-League) Yokohama F. Marinos បានសម្រេចកាលពីដើមឆ្នាំ ២០១៤។
តាមពិតលោកគ្រូបង្វឹកជនជាតិជប៉ុនរូបនេះមកប្រទេសកម្ពុជាតាំងពីអំឡុងឆ្នាំ ២០១០ មកម៉្លេះដោយជាបន្តបន្ទាប់លោកបានចូលខ្លួនដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦ ឆ្នាំរបស់កម្ពុជាទៅចូលរួមប្រកួតជម្រុះតាមពូលនៃពានរង្វាន់ AFC U16 Championship ថែមទាំងបណ្ដុះកីឡាករក្មេងៗមួយចំនួនទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com