កីឡាជាតិ
ជាតិ
ភួង សុខសាន់ណា៖ បរិច្ចាគឈាមជាអ្វីដែលខ្ញុំចង់ធ្វើ ក្រៅពីលេងកីឡាដើម្បីជាតិ 04, Dec 2014 , 10:21 am
× «បរិច្ចាគឈាមជាអ្វីដែលខ្ញុំចង់ធ្វើ ក្រៅពីលេងកីឡាដើម្បីជាតិ» នេះសម្ដីរបស់កីឡាករបាល់ទាត់ ភួង សុខសាន់ណា ខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិកម្ពុជា មកពីក្លិបបាល់ទាត់ក្រសួងការពារជាតិ (ទ័ព) បានលើកឡើងក្រោយរូបគេបានធ្វើអំពើរសប្បុរសធម៌មួយនេះ។
កីឡាករវ័យ ២២ ឆ្នាំរូបនេះបានស្ម័គ្រចិត្តបរិច្ចាគឈាមដល់អ្នកជិតខាងរបស់ខ្លួនក្រោយពេលទទួលបានដំណឹងតាម Facebook ថាត្រូវការឈាមជាបន្ទាន់ដើម្បីព្យាបាលជំងឺក្រលៀនទាំងសងខាង។ «ខ្ញុំធ្វើបែបនេះព្រោះយល់ថា ផ្ដល់ឈាមមិនមានប៉ះពាល់ដល់សុខភាពសម្រាប់អ្នកលេងកីឡាដូចជាខ្ញុំនោះទេ។ ខ្ញុំធ្វើនេះដើម្បីលើកទឹកចិត្តដល់អ្នកជំងឺ តាមលទ្ធភាពដែលអាចធ្វើទៅបាន»។ សាន់ណា បញ្ជាក់។
បើតាម Facebook កីឡាករដែលបណ្ដុះបណ្ដាលនៅក្លិបទ័ពមួយនេះបានជូនពរដល់អ្នកដល់អ្នកជំងឺដែលមានឈ្មោះថា «ធា» បានឆាប់ជាសះស្បើយ ក្រោយពេលបរិច្ចាកឈាមកាលពីថ្ងៃទី ១ ធ្នូ ឆ្នាំ ២០១៤ ថ្មីៗ ។
ភួង សុខសាន់ណា បានផ្ដាំផ្ញើដល់មិនរួមអាជីព ឬ មហាជនទាំងអស់ថា ការផ្ដល់ឈាមមិនមានប៉ះពាល់ដល់សុខភាពឡើយ ហើយថែមទាំងអាចជួយដល់អ្នកជំងឺថែមទៀតផង។ ដូច្នេះប្រសិនបើគ្រប់គ្នាចង់ជួយដល់អ្នកជំងឺដែលត្រូវការឈាម សូមកុំរួញរាអី។
កើតនៅឆ្នាំ ១៩៩២ សាន់ណា បានប្រកបអាជីពបាល់ទាត់នៅក្លិបក្រសួងការពារជាតិ កាលពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ន។ រូបគេត្រូវបានលោកគ្រូជម្រើសជាតិជនជាតិកូរ៉េខាងត្បូង កោះហៅឱ្យចូលបម្រើជាតិជាប្រចាំទាំងឈុតយុវជន និងក្រុមឈុតធំ ហើយចុងក្រោយនេះគេបានធ្វើដំណើរជាមួយមិត្តរួមជាតិទៅប្រកួតវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2014 នៅប្រទេសឡាវ កាលពីខែ តុលា៕
© រក្សាសិទ្ធិដោយ thmeythmey.com