ជាតិ
​​​ន​យោ​បាយ​ជាតិ​
តើន​រណា​អាចជា​អគ្គលេខាធិការ​ប្រតិបត្តិ​របស់​ហ្វ៊ុនស៊ិនប៉ិច?
18, Jan 2015 , 11:20 am        
រូបភាព
ព្រះអង្គម្ចាស់​ រណឬទ្ធិ ជួប​ជាមួយ​មន្ត្រី​ដឹកនាំហ៊្វុនស៊ិនប៉ិច​ នៅព្រឹក​ថ្ងៃទី​១០​មករា​
ព្រះអង្គម្ចាស់​ រណឬទ្ធិ ជួប​ជាមួយ​មន្ត្រី​ដឹកនាំហ៊្វុនស៊ិនប៉ិច​ នៅព្រឹក​ថ្ងៃទី​១០​មករា​
រចនាសម្ព័ន្ធ​របស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ថ្មី​នឹងត្រូវ​ផ្លាស់ប្តូរ។ គណបក្ស​ដែល​ដឹកនាំ​ដោយ​សមាជិក​រាជវង្ស​មួយ​នេះ​ដែល​ធ្លាប់​តែមាន​តំណែង​ប្រធាន​នោះ នឹង​ត្រូវមាន​អនុប្រធាន​ដល់​ទៅ២ទៅវិញ នៅក្រោយ​ការយាងត្រឡប់​របស់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ។

នៅក្នុង​សន្និសីទកាសែត​របស់​ព្រះអង្គម្ចាស់រ​ណ​ឬ​ទ្ធិ​កាលពីប៉ុន្មាន​សប្តាហ៍​មុន ព្រះអង្គ​បាន​មាន​ព្រះបន្ទូល​ឲ្យ​ដឹង​ហើយ​ថា ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អា​រុណ រស្មី និង​លោក ញឹក ប៊ុនឆៃ នឹង​ក្លាយជា​អនុប្រធាន​ទីមួយ និង​អនុប្រធាន​ទី២របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ ក៏បាន​បង្ហើប​ឲ្យ​ដឹង​អំពី​ដំណែង«អគ្គលេខាធិការ​ប្រតិបត្តិ»របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែរ។

គេ​នៅ​មិនទាន់​ដឹងថា តើ​ដំណែង​អគ្គលេខាធិការ​ប្រតិបត្តិ​នេះ នឹងមាន​អំណាច​ប៉ុណ្ណា? ហើយ​តើ​មន្ត្រី​សំខាន់​រូប​ណា​នឹងត្រូវ​តែងតាំង​សម្រាប់​ដំណែង​នេះ? នៅពេលដែល​ដំណែង​មួយ​នេះ​នឹងត្រូវ​តែងតាំង​ដោយ​ប្រធាន​គណបក្ស គឺ​ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ​នោះ វា​ប្រាកដ​ណាស់​ថា ព្រះអង្គម្ចាស់​នឹងត្រូវ​សំឡឹងមើល​មនុស្ស​ស្និទ្ធ​ជុំវិញ​ព្រះអង្គ។

មាន​មន្ត្រី​សំខាន់​មួយចំនួន​ដែល​បាន​ទ្រាំ​ដង្ហែ​តាម​ព្រះអង្គ​តាំងពីដើម​រៀងមក​ដោយ​មិនបាន​រត់​ចេញពី​ព្រះអង្គ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ផ្សេង និង​មាន​មន្ត្រី​មួយចំនួនទៀត​ដែល​បាន​ចាក​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ហើយ​បានមក​ចូលរួម​បង្កើត​គណបក្ស«សង្គម​រាស្ត្រ​រាជាធិបតេយ្យ»ជាមួយ​ព្រះអង្គ។ គណបក្ស​នេះ​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ខែមីនា​ឆ្នាំ២០១៤ ហើយ​បាន​លើកស្លា​កនៅ​ទូទាំងប្រទេស​មិនតិចជាង៥០០ស្លាក​នោះឡើយ។

អ្នក​ដែល​នៅ​រួមរស់ និង​បង្កើត​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​រួមមាន៖ លោក ឈឹម សៀកឡេង លោក សាយ ហាក់ លោកស្រី កង បូរ៉ាណ លោក ប៉ោ ប៊ុន​ស្រ៊ឺ លោក ទុំ សម្បុរ លោក គីង សំណាង និង​លោក ញ៉េប ប៊ុនជិន​ជាដើម។ ក្នុងចំណោម​មន្ត្រី​សំខាន់​ទាំងនេះ អាចមាន​មន្ត្រី​ម្នាក់​នឹងត្រូវ​បានតែងតាំង​ជា​អគ្គលេខាធិការ​ប្រតិបត្តិ​របស់​ហ្វ៊ុនស៊ិនប៉ិច​សម័យថ្មី។ ទោះយ៉ាងណា​ក៏ដោយ គេ​ក៏​មិនទាន់​ច្បាស់​ថា បេក្ខភាព​អគ្គលេខាធិការ​ប្រតិបត្តិ​នេះ អាច​ត្រូវ​ប្រកាស​នៅក្នុង​សមាជ​នៅ​ថ្ងៃទី១៩មករា​ខាងមុខ​នេះដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com