ជាតិ
សេដ្ឋកិច្ច
មាន​បុរី​សរុប៧០គម្រោង ក្នុង​រាជធានី​ភ្នំពេញ
11, Jan 2015 , 3:03 pm        
រូបភាព
ពិធីសម្ពោធគម្រោង​បុរី The Royal ដោយ​លោក​អភិបាល ប៉ា សុជាតិវង្ស លោក គង់ វិបុល អគ្កនាយក​ពន្ធដារ និង​លោកស្រី ហ៊ុន ម៉ាណា កូនស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
ពិធីសម្ពោធគម្រោង​បុរី The Royal ដោយ​លោក​អភិបាល ប៉ា សុជាតិវង្ស លោក គង់ វិបុល អគ្កនាយក​ពន្ធដារ និង​លោកស្រី ហ៊ុន ម៉ាណា កូនស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា រហូតដល់​ពេលនេះ​មាន​គម្រោង​បុរី​សរុប​ចំនួន៧០ នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ក្នុងចំណោម​នោះ ២០គម្រោង​ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ។

លោក​អភិបាល​រាជធានី​បាន​និយាយ​អំពី​ចំនួន​គម្រោង​បុរី​នៅក្នុង​រាជធានី បន្ទាប់ពី​លោក​ចូលរួម​សម្ពោធ​បុរី The Royal របស់​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី១១ខែមករា​នេះ។ សម្រាប់​លោក​អភិបាល តម្រូវការ​លំនៅដ្ឋាន​បាន​ក្លាយជា​បញ្ហា​ចាំបាច់​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​កំណើនប្រជាជន​ដល់​ជាង២លាន​នាក់​ហើយ។ លោក ប៉ា សុជាតិ​វង្ស បាន​សរសេរ​យ៉ាង​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​យ៉ាង​ដូច្នេះ​ថា៖«ការរីក​ស្គុសស្គាយ​នៃ​កំណើន​លំនៅដ្ឋាន​នាពេល​បច្ចុប្បន្ន​គឺ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​កំណើន​នៃ​ការអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ច ជាពិសេស​កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ។ ខ្ញុំ​សង្ឃឹមថា បុរី​ថ្មី​សន្លាង​របស់​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ដែល​នឹង​ដំណើរការ​សាងសង់​នាពេលនេះ ពិតជា​បាន​ចូលរួម​អភិវឌ្ឃន៍​រាជធានី​ភ្នំពេញ​យ៉ាងពិត​ប្រាកដ»។

សំណង់​បុរី​លំនៅដ្ឋាន​កំពុង​ពេញនិយម​នៅ​កម្ពុជា​សព្វថ្ងៃ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​កន្លងមក គេ​ឃើញ​មានបញ្ហាសំខាន់ៗមួយចំនួន​ក៏​កើតឡើង​ដែរ។ ម្ចាស់​បុរី​ខ្លះ​បាន​ផ្តើម​ការដ្ឋាន​សាងសង់ លក់​ផ្ទះ​អស់​ជាច្រើន​ហើយ តែក្រោយមក ​ត្រូវ​ក្រសួង​ពាក់ព័ន្ធ​ប្រកាស​មិន​ទទួលស្គាល់ថា​ជា​គម្រោង​ស្របច្បាប់។ សំណង់​នៃ​បុរី​ខ្លះទៀត គ្មាន​គុណភាព​ដែល​អាច​បង្ក​គ្រោះថ្នាក់ និង​បង្ក​ការខាតបង់​ថវិកា​របស់​ពលរដ្ឋ​កា​ន់​តែ​ច្រើន។ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិនបាន​គិតគូរ​ពី​ផលប្រយោជន៍​របស់​ពល​រដ្ឋ​ឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com