ជាតិ
​​​ន​យោ​បាយ​ជាតិ​
១៤មករា១៩៨៥-១៤មករា២០១៥ លោក ហ៊ុន សែន ធ្វើ​នាយករដ្ឋមន្ត្រីបាន​៣០ឆ្នាំ
13, Jan 2015 , 5:38 pm        
រូបភាព
នៅ​ថ្ងៃ​ពុធ​ទី១៤ខែមករា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​សម្ពោធ​ភ្ជាប់​ស្ពាន​អ្នក​លឿង ដែលជា​ជំនួយ​របស់​ប្រទេស​ជប៉ុន។ នៅ​ថ្ងៃទី១៤មករា​ឆ្នាំ២០១៥ វា​គឺជា​ថ្ងៃ​គម្រប់​ឆ្នាំ​ទី៣០ ដែល​លោក ហ៊ុន សែន បាន​កាន់ដំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា។

ក្នុង​រយៈពេល៣០ឆ្នាំនេះ លោក ហ៊ុន សែន ដែល​គេស្គាល់​ថា ជា​បុរស​ខ្លាំង​នៅ​កម្ពុជា បាន​ឆ្លងកាត់​ការសរសើរ និង​ព្យុះ​រិះគន់​មិនតិច​ឡើយ ទាំងពី​ប្រជាជន​ខ្មែរ និង​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន។

មាន​ចលនានយោបាយ​ជា​បន្តបន្ទាប់​ដែល​ព្យាយាម​ទម្លាក់​លោក ហ៊ុន សែន ពី​អំណាច។ ប៉ុន្តែ​ការប៉ុនប៉ង​ទាំងនោះ​មិនដែល​ទទួលបាន​ជោគជ័យ​ឡើយ ហើយក៏​ត្រូវ​កម្លាំង​រដ្ឋា​ភិ​បាល​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ក្រាប​វិញ​រហូត។

ទន្ទឹមនឹង​ការរិះគន់ធ្ងន់ៗពី​សំណាក់​ចលនា​ប្រឆាំង អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​អំពី​អំពើហិង្សា និ​ទណ្ឌ​ភាព គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ អំពើ​ពុរ​រលួយ ជាដើម​នោះ លោក ហ៊ុន សែន ក៏​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​ដែល​នៅតែ បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ទទួលបាន​ការសរសើរ​ថា លោក​ដឹកនាំ​ដើរ​លើផ្លូវ​ត្រូវ តាមរ​រយៈ​ការកសាង ហេដ្ឋា រចនាសម្ព័ន្ធ​ជាតិ​ជាច្រើន។

ឆ្លើយតប​នឹង​ការរិះគន់​របស់​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា អំពី​ការ​កាន់អំណាច​យូរ  លោក ហ៊ុន សែន ធ្លាប់​ប្រតិកម្ម​វិញ​ថា លោក​នឹង​ដឹកនាំ​ប្រទេស​រហូតដល់​លោក​អាយុ៩០ឆ្នាំ។ នៅ​ឆ្នាំ​នេះ​ លោក ហ៊ុន សែន​ អាយុ​៦២​ឆ្នាំ។ នៅ​ក្នុង​អាណត្តិទី​៥​នេះ លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា ក្នុង​ស្ថានភាពប្រកួតប្រជែង​ផ្នែក​ប្រជាប្រិយ​ភាព​នយោបាយ​យ៉ាង​ខ្លាំង​ ខណៈ​គណបក្ស​ប្រឆាំង​បាន​កើនការគាំទ្រ៕




© រក្សាសិទ្ធិដោយ thmeythmey.com