ជាតិ
នយោបាយជាតិ
ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ជាអ្នកនយោបាយគ្មានទស្សនវិស័យ 19, Jan 2015 , 7:39 pm
× អតីតប្រធានក្រុមប្រឹក្សាអភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានចាត់ទុកព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ថា ជាអ្នកនយោបាយដែលគ្មានទស្សនវិស័យសោះឡើយ ។ លើសពីនេះទៅទៀត សម្រាប់លោក អ៊ូ វីរៈ ព្រះអង្គម្ចាស់ រណឬទ្ធិ ជាអ្នកនយោបាយ ដែលមិនសូវចូលប្រឡូកក្នុងកិច្ចការសង្គមនោះទេ។ ការអត្ថាធិប្បាយរបស់លោក អ៊ូ វីរៈ បានធ្វើឡើង ខណៈដែលនៅថ្ងៃចន្ទនេះ គណបក្ស ហ្វ៊ុនស៊ិនប៉ិច បានរៀបចំធ្វើសមាជសម្រេចជ្រើសព្រះអង្គម្ចាស់ រណឬទ្ធិ ឲ្យធ្វើជាប្រធានបក្សឡើងវិញ។
ស្របពេលដែលព្រះអង្គម្ចាស់ នរោត្ត រណឬទ្ធិ យាងមកធ្វើជាប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច វិញ លោក អ៊ូ វីរៈ បាននិយាយបន្តុះបង្អាប់ព្រះអង្គម្ចាស់ រណឬទ្ធិ ថា ជាអ្នកនយោបាយ ដែលគ្មានទស្សនវិស័យឡើយ។ លោកថា ឆាកជីវិតលើវិថីនយោបាយរបស់ទ្រង់កន្លងមក គឺពឹងផ្អែកតែលើប្រជាប្រិយភាពរបស់ព្រះបិតាទ្រង់ គឺព្រះបរមរតនកោដ្ឋតែប៉ុណ្ណោះ ។ លោក អ៊ូ វីរៈដែលកំពុងតែដឹកនាំក្រុមបញ្ញវន្តមួយក្រុមស្រាវជ្រាវរកដំណោះស្រាយបញ្ហាជាតិផងនោះ បានបញ្ជាក់ប្រាក់សារព័ត៌មានថ្មីៗ យ៉ាងនេះថា៖ « សម្តេចក្រុមព្រះ ទ្រង់ធ្វើនយោបាយពឹងតែលើកេរបិតាទ្រង់ទេ។ ព្រះអង្គអត់មានទស្សនវិស័យឡើយ ។ ព្រះអង្គមិនមានភាពរឹងមាំ ហើយមិនសូវមានការលះបង់ទេ ដោយសារជីវិតព្រះអង្គធ្លាប់ស្រួល។ លើសពីនេះទៀត ទ្រង់មិនសូវចូលរួមក្នុងការងារសង្គមប៉ុន្មាននោះទេ » ។
ស្តាប់សំឡេង លោក អ៊ូ វីរៈ
ទន្ទឹមនឹងការបង្អាប់ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ បែបនេះ លោក អ៊ូ វីរៈ ក៏បាននិយាយពីចំណុចល្អរបស់ទ្រង់មួយចំនួនផងដែរ ។ លោកថា ព្រះអង្គម្ចាស់ រណឬទ្ធិ ពូកែយកចិត្តពលរដ្ឋ។ លោក អ៊ូ វីរៈ បន្ថែមថា៖ « ព្រះអង្គរៀនតាមបិតាទ្រង់ ។ ពេលខ្លះព្រះអង្គ មានបន្ទូលមក គួរឲ្យអាណិតតែម្តង » ។
ស្តាប់លោក អ៊ូ វីរៈ ម្តងទៀត
© រក្សាសិទ្ធិដោយ thmeythmey.com