សង្គមអន្តរជាតិ
អន្តរជាតិ
គូស្វាមីភរិយាថ្មីស្កុតឡែនមួយគូ មានកូននិងរៀបការនៅក្នុងថ្ងៃតែមួយ 14, Mar 2015 , 9:15 pm
×
គូស្វាមីភរិយាថ្មីថ្មោងមួយគូ ទទួលបានកូនប្រុសមួយ ក្នុងពេលដែលពួកគេកំពុងតែប្រារព្ធពិធី រៀបអាពាហ៍ពិពាហ៍ នៅក្នុងទីក្រុង Gretna Green ប្រទេសស្កុតឡែន។ នេះបើយោងតាមកាសែត Daily mail ។
ប្រភពដដែលបានផ្សាយថា លោក Karl និងនាង Jasmine Storey បានប្រកាសរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ នៅក្នុងរយៈពេលតែប៉ុន្មានម៉ោងក្រោយពេលដែលនាង Jasmine សម្រាលបានកូនប្រុសម្នាក់ក្នុងថ្ងៃតែមួយនេះ។ បើតាមសេចក្ដីរាយការណ៍នោះ គូស្វាមីភរិយានេះ បានចេញពីមន្ទីរពេទ្យនៅឯស្រុកកំណើតក្នុងទីក្រុង Kielder នៅពេលព្រឹក ដើម្បីមក ជួបជុំសាច់ញាតិ និងធ្វើពិធីរៀបការនៅទីក្រុងGretna Green នៅពេលល្ងាច។
ជាមួយនឹងក្ដីរីករាយក្នុងថ្ងៃរៀបការ និងថ្ងៃដែលពួកគេមានកូន ជាលើកដំបូងនេះ មានហេតុការណ៍អាក្រក់មួយបានកើតឡើង គឺកូនក្រមុំត្រូវបានក្រុមប៉ូលីសចាប់ នៅក្នុងពិធីរៀបការនោះ ដោយសារតែនាង យកកែវគប់ទៅកាន់បុរសជាភ្ញៀវ ដែលកំពុងវាយតប់ជាមួយបងប្រុសរបស់នាង ប៉ុន្តែវាបែរជាត្រូវចំភ្ញៀវម្នាក់ផ្សេងទៀត។
ក្រោយពេលដែលមានការស៊ើបអង្កេតរួចរាល់មក តុលាការបានសម្រេចមិនដាក់ទោសនាងJasmine នៅក្នុងពេលនេះទេ ដោយហេតុថា ពួកគេទើបតែមានកូន និងរៀបការថ្មីថ្មោង ប៉ុន្តែតុលាការនឹងសើរើរឿងក្ដីនេះម្ដងទៀតនៅពេលក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com