ជាតិ
សង្គមជាតិ
រួមគ្នាដាំដើមឈើ ហើយសូមកុំបន្ទោសរៀមច្បង! 15, Mar 2015 , 3:52 pm
× ក្រុមនិស្សិតច្បាប់ផ្នែកភាសាបារាំង បានរៀបចំពិធីសម្អាតឆ្នេរ និងដាំកូនឈើដើម្បីបរិស្ថាន នៅខេត្តព្រះសីហនុ។ ក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានគ្នាប្រមាណ១៥០នាក់ បានរៀបចំដំណើរកម្សាន្ត ប្រចាំឆ្នាំ ដែលមានរយៈ៣ថ្ងៃនៅក្នុងខេត្តជាប់សមុទ្ររបស់កម្ពុជា។
ជាអ្នករៀបចំកម្មវិធីម្នាក់ យុវនិស្សិត ហេង ឧត្តម បានថ្លែងទៅកាន់សិស្សវិទ្យាល័យហ៊ុនសែនមិត្តភាព កាលពីថ្ងៃសៅរ៍ម្សិលមិញថា៖ «សូមកុំបន្ទោសរៀមច្បង ឬអ្នកជំនាន់មុនថា មិនបន្សល់ទុកអ្វីឲ្យអ្នក! ឬថា អ្នកទាំងនោះ ជាអ្នកបំផ្លាញធនធានធម្មជាតិ និងកាប់ព្រៃឈើ! តែត្រូវសួរខ្លួនយើងថា យើងបានធ្វើអ្វីខ្លះសម្រាប់អនាគតកម្ពុជា និងអ្នកជំនាន់ក្រោយ»? យុវនិស្សិតរូបនេះ ចង់ឲ្យប្រជាជនខ្មែរ ពិសេសយុវជនចូលរួមដាំកូនឈើឲ្យបានច្រើន បើយ៉ាងហោចណាស់ ឲ្យបានម្នាក់១ដើមដែរ ដើម្បីអនាគតបរិស្ថានល្អនិងអ្នកជំនាន់ក្រោយ។
កូនឈើមានតម្លៃ ប្រភេទ បេង ក្រញូង ឈើទាល រំដួល ជាង៣០០ដើម ត្រូវបានដឹកជញ្ជូនពីរាជធានីភ្នំពេញ ទៅដាំនៅវិទ្យាល័យហ៊ុនសែនមិត្តភាព និងសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស ដុនបូស្កូ។ កម្មវិធីធ្វើឡើងចាប់ពីថ្ងៃទី១៣មីនានិងបញ្ចប់នៅថ្ងៃអាទិត្យ ទី១៥មីនានេះ ក្រោមការគាំទ្រពី លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី, ក្រុមហ៊ុនកូកាកូឡា (CocaCola), ក្រុមហ៊ុន ណាហ្គាវើល (Naga World) និងក្រុមហ៊ុនទេសចរណ៍ All dream Cambodia ព្រមទាំងសប្បុរសជនមួយចំនួនទៀត។
គួរជម្រាបជូនផងដែរ ក្រៅពីលំហែកម្សាន្ត សម្តែងសិល្បៈបុរាណខ្មែរ សិល្បៈសម័យ ការដាំកូនឈើ និងសម្អាតបរិស្ថាននៅឆ្នេរសមុទ្រ ពួកគេបានរៀបចំអំណោយសប្បុរសធម៌ជូន មណ្ឌលកុមារកំព្រាមួយ នៅខេត្តកំពង់ស្ពឺទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com