ពីនេះ ពីនោះ
លក់​ឲ្យ​ជនបរទេស​ថ្លៃ លក់​ឲ្យ​ខ្មែរ​ថោក មិន​យល់…?
09, May 2015 , 3:49 pm        
រូបភាព

ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចំណាយ​ពេលវេលា ថាមពល និង​ប្រាក់កាស​ជាច្រើន​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស។ ប៉ុន្តែ នៅពេលដែល​ភ្ញៀស​ទេសចរ​បរទេស​មក​ដល់ ពួកគេ​ខ្លះ​បែរ​ជាមាន​អារម្មណ៍​ថា ខ្មែរ​បោកប្រាស់​គេ​ទៅវិញ។
 


អារម្មណ៍​ថា​ត្រូវបាន​គេ​បោក​នេះ ពីព្រោះ អ្នកទេសចរ​បរទេស​ឆ្ងល់​ថា ហេតុអ្វី​អ្នកលក់ដូរ​ជនជាតិខ្មែរ លក់​របស់​គ្រប់យ៉ាង​ទៅអោយ​ជនបរទេស​ក្នុងតម្លៃ​ខ្ពស់​ទាំងអស់។ គុយទាវ​មួយ​ចាន​នៅ​តំបន់​អង្គ​រលក់​ជូន​ជនជាតិខ្មែរ​តម្លៃ២ដុល្លារ។ តែ​គុយទាវ​មួយ​ចាន​ដូចគ្នា លក់​ជូន​បរទេស​ក្នុងតម្លៃ៤ដុល្លារ។ សំបុត្រ​រថយន្តក្រុង​ពី​ក្រុងភ្នំពេញ​ទៅ​សៀមរាប​លក់​ជូន​ជនជាតិខ្មែរ៨ដុល្លារ តែ​លក់​ជូន​ជនជាតិ​បរទេស​ក្នុងតម្លៃ១០ដុល្លារ។ ត្រី​ម៉ាស្សា​នៅក្នុង​សៀមរាប​យកប្រាក់​ពី​ខ្មែរ​ប្រាំ​កាក់​ជា​ដុល្លារ តែ២ដុល្លារ​សម្រាប់​ជនបរទេស(បញ្ជាក់​សម្រាប់​កន្លះ​ម៉ោង)។ បន្ទប់​សម្រាន្ត​ក្នុង​សណ្ឋាគារ​សម្រាប់​ខ្មែរ២៥ដុល្លារ ជន
បទេស៤០ដុល្លារ។

ជាធម្មតា សេវាកម្ម​ណា​ដែលមាន​ចរិត​ដូចគ្នា ទំហំ​ប៉ុនគ្នា អ្នកលក់​ខ្មែរ​មិនត្រូវ​កំណត់​ថ្លៃ​ខុសគ្នា​ឡើយ លើកលែងតែ​ជា​បេតិកភណ្ឌ​ជាតិ​របស់​ខ្មែរ ដូចជា ប្រាសាទអង្គរវត្ត​ជាដើម។ គំនិត​ដែល​គិតថា ជនបរទេស​មាន​ថវិកា​ច្រើនជាង​ខ្មែរ​នោះ គឺជា​គំនិត​ខុស។ ជនបរទេស​ខ្លះ មាន​ថវិកា​មិន​ច្រើន​ដូច​ការគិត​ខុស​របស់​ខ្មែរ​នោះទេ។ តែ​ទោះបី បើ​ពួកគេ​មាន​ប្រាក់​ច្រើនជាង​ខ្មែរ​ក៏ដោយ​ក្តី ក៏​អ្នកលក់​ខ្មែរ​មិនគួរ​មានគំនិត​កោរ ឬ​កិបកេង​ពី​គេ​ដែរ។

ការបែងចែក​តម្លៃ​រវាង​ពូជសាសន៍​ខុស​នេះ ជំរុញ​អោយ​ភ្ញៀវ​បរទេស​មិន​សប្បាយ​ចិត្តនឹង​ស្ថានភាព​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​ឡើយ។ ហើយ​នៅ​ទីបញ្ចប់ ពួកគេ​នឹង«បាយ​បាយ»កម្ពុជា​នៅ​ថ្ងៃ​ណាមួយ។ លក់​អោយ​ជនបរទេស​ថ្លៃ លក់​អោយ​ខ្មែរ​ថោក មិន​យល់…?



© រក្សាសិទ្ធិដោយ thmeythmey.com