ពីនេះ ពីនោះ
នៅក្នុង​ប្រទេស​រំដួល ក្រុមហ៊ុន​ត្រឹមត្រូវ​ស្របច្បាប់​ជា​អ្នករងគ្រោះ
06, Jun 2015 , 3:07 pm        
រូបភាព
ដោយ: ថ្មីៗ

នៅក្នុង​ប្រទេស​និតិរដ្ឋ​គោរព​ច្បាប់ ក្រុមហ៊ុន​គ្រប់​ប្រភេទ មិន​ថា តូច ឬ​ធំ​ទេ ត្រូវតែ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ទាំងអស់គ្នា។ សូម្បីតែ​បើក​លក់​បារី​មួយ​ធុង ក៏​ត្រូវតែ​ចុះបញ្ជី​ដែរ។ និយាយ​អោយ​ខ្លី មានន័យថា គ្មាន​អ្នកធ្វើ​ជំនួញ​មួយណា​អាច​គេច​ផុតពី​សំណាញ់​នៃ​ច្បាប់​បានឡើយ​នៅក្នុង​ប្រទេស​គោរព​ច្បាប់។ ប៉ុន្តែ នៅក្នុង​ប្រទេស​រំដួល​វិញ ក្រុមហ៊ុន​ណា​ដែល​ចុះបញ្ជី​ស្របច្បាប់ ច្រើនតែ​រងគ្រោះ​គ្រប់បែបយ៉ាង ដូចជា ត្រូវ​បង់ពន្ធ​នាំចូល បង់​ពន្ធលើប្រាក់ចំណេញ បង់ពន្ធ​លើ​ប្រាក់ខែ​បុគ្គលិក និង​បង់ពន្ធ​លើ​សេវាផ្សេងៗដទៃទៀត។


តែ​ចំពោះ​គ្រប់​ហ៊ុន ឬ​សហគ្រាស​ដែល​មិន​ចុះបញ្ជី​វិញ ពួកគេ​មួយចំនួន​ហាក់បីដូចជា​មិនជា​ប់​កាត​ព្វ​អ្វី​ទាំងអស់។ នេះហើយ​គឺជា​ការប្រកួតប្រជែង​មិន​ស្មើភាព​នៅក្នុង​ប្រទេស​រំដួល។ ម្យ៉ាងទៀត អ្វីដែល​អយុត្តិធម៌​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​នោះ គឺថា សមត្ថកិច្ច​ពន្ធដារ ឬ​គយ​នៃ​ប្រទេស​រំដួល​ចុះ​ឆែកឆេ​ក្រុមហ៊ុន ឬ​សហគ្រាស​ដោយ​ប្រកាន់​បក្សពួក។ ក្រុមហ៊ុន ឬ​សហគ្រាស​ណា​ជា​បក្សពួក​របស់​ពួកគេ ពួកគេ​មិនសូវ​ឆែកឆេ​ទេ។ នរណា​ដែល​មិនមែនជា​បក្សពួក ឬ​ជា​ខ្សែ​របស់​ពួកគេ អ្នកនោះ​គឺជា​មុខព្រួញ​ដែល​គេ​ត្រូវតែ​ប្រមាញ់​ដើម្បី«កៀបស៊ី»៕


© រក្សាសិទ្ធិដោយ thmeythmey.com