ពីនេះ ពីនោះ
តើពាក្យ «កា, ការ, ការណ៍» ប្រើខុសគ្នាយ៉ាងដូចម្តេច? 07, Jun 2015 , 7:19 am
×
នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងបីនេះប្រើក្នុងន័យផ្សេងពីគ្នា។
១. ពាក្យ «កា» ជានាម មានន័យថា បំពង់សម្រាប់ដាក់ទឹកធ្វើដោយលោហធាតុផ្សេងៗ ឬដោយដីលាយព័ណ៌។ ឧទាហរណ៍៖ ការទឹក។ បើជាកិរិយាសព្ទ មានន័យថា សរសេរអាសយដ្ឋាន គឺសរសេរចុះឈ្មោះលំនៅអ្នកដែលនឹងទទួលសំបុត្រ នៅស្រោមសំបុត្រដែលនឹងផ្ញើទៅ, សរសេរថែមសេចក្តីផ្សេងៗ លើខ្នងសំបុត្រជាសញ្ញា។ ឧទាហរណ៍៖ ការស្រោមសំបុត្រ, កាខ្នងសំបុត្រ។
២. ពាក្យ «ការ» ជានាម មានន័យថា កិច្ច ឬ អំពើដែលត្រូវធ្វើ។ ឧទាហរណ៍៖ ធ្វើការ, មានការ, ការអ្វីខ្លះ? ។ មួយវិញទៀត ជាពាក្យសម្រាប់ប្រើដាក់ខាងដើមពាក្យដែលជាកិរិយាសព្ទផ្សេងៗ ដើម្បីធ្វើឲ្យទៅជានាមស័ព្ទ ដូចជា សំពះ (កិ) ទៅជា ការសំពះ (ន)។ បើជាកិរិយាសព្ទ មូរសរសៃសូត្រ, សរសៃអំបោះជាដើមដោយខ្នារ, ផ្សំផ្គុំបុរសនិងស្រីឲ្យបានជាគូស្វាមីភរិយា។ ឧទាហរណ៍៖ ការសូត្រ, ការអំបោះ, ការកូន, ការក្មួយ, ស៊ីការ។
៣. ពាក្យ «ការណ៍» ជានាម មានន័យថា ហេតុ, ដំណើរ។ ឧទាហរណ៍៖ ទាស់ការណ៍ហើយឯង, សេចក្តីរាយការណ៍៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com