ជាតិ
ពីនេះ ពីនោះ
ប្រទេស​រំដួល៖ ដោះ​ស្លាក​លេខ​រដ្ឋ បំពាក់​ស្លាក​លេខ​ធម្មតាសិន​
09, Jun 2015 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​នៃ​ប្រទេស​រំដួល លោក មាណព បានចេញ​បញ្ជា​ដល់​មន្ត្រី​ដែល​កាន់កាប់​រថយន្ត​ដែល​បំពាក់​ស្លាក​លេខ​រដ្ឋ មិន​ឲ្យ​ពួកគេ​ប្រើប្រាស់​រថយន្ត​ទាំងនោះ​ក្រៅពី​ការងារ​រដ្ឋ និង​ត្រូវ​ប្រើប្រាស់​រថយន្ត​ទាំងនោះ​ដោយ​សេចក្តីថ្លៃថ្នូរ។ តែ​នៅមាន​មន្ត្រី​មួយចំនួន​នៅ​មិនទាន់​គោរព​បញ្ជា​នោះឡើយ ហើយ​បាន​ព្យាយាម​រក​ល្បិចកល​ប្រើប្រាស់​រថយន្ត​រដ្ឋ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ទៀតផង។


សារព័ត៌មាន​រស្មី​រំដួល​នៃ​ក្នុងប្រទេស​រំដួល​បាន​ផ្សាយ​ឲ្យ​ដឹងថា មន្ត្រី​មួយចំនួន​តូច​ដែលមាន​ចរិត​មិន​ស្មោះត្រង់ ហើយ​ដែល​ចង់​ប្រើប្រាស់​រថយន្ត​រដ្ឋ បាន​ដោះ​ស្លាក​លេខ​រដ្ឋ​ចេញ​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ដោយ​បំពាក់​ស្លាក​លេខ​ធម្មតា​វិញ ដើម្បី​ពួកគេ​អាច​ប្រើប្រាស់​រថយន្ត​រដ្ឋ​ដែល​ប្រើប្រាស់​ប្រេងសាំង​របស់​រដ្ឋ។ ពេល​ខ្លះ​ក្រោម​លេស​បេសកកម្ម រថយន្ត​រដ្ឋ​ក៏ត្រូវបានប្រើប្រាស់​ដដែល។

សារព័ត៌មាន​ប្រចាំ​ប្រទេស​នេះ​ដដែល​សរសេរ​បន្តថា បើទោះបីជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ណែនាំ​ដល់​អ្នកប្រើប្រាស់​រថយន្ត​រដ្ឋ​ឲ្យ​បើកបរ​ដោយ​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ ដោយ​សេចក្តីថ្លៃថ្នូរ​ក៏ដោយ តែ​បញ្ជា​នេះ​មិនបាន​ជ្រាប​ចូលដល់​ក្បាល​អ្នក​កាន់​ចង្កូតរថយន្ត​ដែលជា​អ្នកបើកបរ​របស់​មន្ត្រី​ឡើយ ពិសេស​នៅពេលដែល​ពួកគេ​បើកបរ ដោយ​គ្មាន​ចៅហ្វាយ​នៅ​អង្គុយ​ពីក្រោយ៕



© រក្សាសិទ្ធិដោយ thmeythmey.com