ពីនេះ ពីនោះ
ពង្រូល​មាន​ស្រការ​ដូច​ដំបូល​ប្រក់​ក្បឿង
28, Jun 2015 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
ពង្រូល​មាន​ស្រការ​ដូច​ដំបូល​ប្រក់​ក្បឿង
 
ភិនភាគ៖ ពង្រូល ជា​ប្រភេទ​សត្វ​ធ្វើ​ចលនា​ដោយ​វារ មាន​ថ្ងាស​ផត ស្រការ​មាន​ពណ៌​ស្រអាប់ និង​ពណ៌​ដី​ដោយ​សៀត​បញ្ចូល​ជាប់​នឹង​ស្បែក​ដូច​ដំបូល​ប្រក់​ក្បឿង និង​គ្មាន​ធ្មេញ​ទេ។ ស្រការ​ទាំងនេះ​គ្រប​ដងខ្លួន​ទាំងមូល ពិសេស​ផ្នែក​ខាងលើ​ចាប់ពី​ក្បាល ដងខ្លួន ជើង​មុខ-ក្រោយ​រហូតដល់​កន្ទុយ លើកលែងតែ​ផ្នែក​ពោះ និង​ផ្នែក​ក្រោម​ក្បាល​របស់​វា។ ជើងមាន​ម្រាម​ប្រាំ និង​មាន​ក្រចក​គ្រប់​ម្រាម​ទាំងអស់ ក្រ​ញុំ​ាំ​ជើង​មុខ​វែង​ជាង ក្រ​ញុំ​ាំ​ជើង​ក្រោយ។ វា​ប្រើ​ក្រ​ញុំ​ាំ​ជើង​មុខ ដើម្បី​កកាយ​រក​ចំណី។ ពង្រូល​មាន​ចលនាយឺតៗ និង​ពត់​ពែន​ក្នុងការ​វារ​ចុះឡើង ហើយ​ពូកែ​ឡើងដើមឈើ​ដោយ​ប្រើ​ជើង​ទាំង​បួន និង​ជំនួយ​ដោយ​កន្ទុយ។ ប្រវែង​ពី​ក្បាល​ទៅ​ដងខ្លួន ៤២០-៥០០ម.ម កន្ទុយ ៣៤០-៤៧០ម.ម ទម្ងន់ ៥-៧គ.ក ជូន​កាល គេ​ប្រទះឃើញ​ពង្រូល​កម្ពុជា​អាចមាន​ទម្ងន់​រហូតដល់ ៨-១២គ.ក។ 
 
ជីវសាស្ត្រ៖ វា​មាន​ទីជម្រក​នៅក្នុង​ប្រភេទ​ព្រៃ​ដែលមាន​ដើមឈើខ្ពស់ៗ ព្រៃ​ក្រោយ​ការធ្វើ​អាជីវកម្ម និង​ដី   កសិកម្ម។ ពង្រូល​ជា​សត្វ​រកស៊ី​លើដី ឬ​ក្នុង​រន្ធ​ឈើ ពេល​ថ្ងៃ​វា​ដេក​ក្នុង​រន្ធ​ដី។ ចំណីអាហារ​របស់​វា​មាន ស្រមោច សង្អារ អង្ក្រង ដុក​ឌឿ និង​កណ្តៀរ ដ៏​ច្រើន​សន្ធឹកសន្ធាប់។ វា​មាន​អណ្តាត​លិ​ត ងាយ​ក្នុង​ការចាប់​ចំណី ដោយ​អាច​លាន​ចេញ​ក្រៅ​បាន​រហូតដល់ ២៥ស.ម ដើម្បី​ប្រមូល​សត្វល្អិត។ ពង្រូល​មាន​ត្រចៀក​តូច​មាន​ស្បែក និង​ស្រការ​ក្រាស់។ នៅពេល​ជួប​ឧបសគ្គ​វារ​មូរ​ខ្លួន ដោយ​យក​កន្ទុយ​រុំ​ព័ទ្ធជុំវិញ​រាង​មូល​ដូច​បាល់​ក្នុងការ​ការពារ​ខ្លួន​ពី​មំ​សា​សត្វ​នានា។ ជា​ញឹកញាប់ ពង្រូល​ញី​បង្កើតកូន​ម្តង​បាន១ក្បាល ជួនកាល២ក្បាល​ក្រោយពី​ពរ​ពោះ​រយៈពេល ២-៣ខែ។ កូន​រស់នៅ​ជាមួយ​មេ​ដោយ​តោង​ជាប់​នឹង​កន្ទុយ​ពេល​មេ​របស់​វា​បម្លាស់​ទី។ វា​ជា​ប្រភេទ​សត្វ​ស្លូត​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ។ 

រប៉ាយ​រស់នៅ៖ នៅ​ប្រទេស​កម្ពុជា​ពង្រូល​មាន​ដោយ​កន្លែង​ក្នុង​ទីជម្រក​សមស្រប។ វា​មាន​ផងដែរ​នៅ​ប្រទេស​ភូមា​ភាគ​ខាងកើត ថៃ​ភាគ​កណ្តាល ឡាវ​ភាគខាងត្បូង រៀ​ត​ណា​ម ប៉េ​ណាំង​សុល​ឡា ម៉ាឡេស៊ី កោះ​ស៊ូ​ម៉ា​ត្រា កោះ​ចា​វ៉ា និង​កោះ​បរ​ណ​អូ។
 
ស្ថានភាព​អភិរក្ស៖ ពង្រូល​ជា​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ និង​បាន​ចុះ​ក្នុង​បញ្ជី IUCN (NT) ជា​ប្រភេទ​ជិត​ទទួលរង​ការគំរាមកំហែង​លើ​ពិភពលោក។ ប្រភេទ​នេះ​បាននិងកំពុង​ទទួល​នូវ​ការ​ទាក់​ចាប់​យ៉ាងខ្លាំង​ពី​សំណាក់​មនុស្ស ដើម្បី​ធ្វើ​អាជីវកម្ម និង​នាំ​ចេញទៅ​ក្រៅប្រទេស៕   
 
 

© រក្សាសិទ្ធិដោយ thmeythmey.com