កីឡាជាតិ
ភ្នំពេញ​ក្រោ​ន បរាជ័យ​ជា​លើក​ទី២ ស្របពេល​បឹងកេត​អង្គរ ឡើង​កំពូល​តារាង​បណ្តោះអាសន្ន
25, Sep 2015 , 9:22 am        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​បរាជ័យ​ជា​លើក​ទី២ ក្រោយ​ថ្វី​ជើង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ២ ទល់ ១ គិត​ត្រឹម​សប្ដាហ៍​ទី ១៨ នៃ​ពានរង្វាន់​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល២០១៥ នេះ (Metfone Cambodian League 2015) ស្រប​ពេលដែល​គូប្រជែង​កំពូល​តារាង​គឺ​បឹងកេត​អង្គរ ឡើងឈរ​កំពូល​តារាង​វិញ។
 
សរុប​លទ្ធផលត្រួសៗ ក្នុង​សប្ដាហ៍​ទី១៨ នៃ​ពាន MCL 2015 ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ កន្លងទៅ​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ បាន​យកឈ្នះ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ដោយ​លទ្ធផល ៤ ទល់ ១ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្ដា​ត​ចាស់)។ ៤ គ្រាប់​របស់​ការពារជាតិ រកបាន​ដោយ​កីឡាករ កែ វណ្ណៈ ២ គ្រាប់ កីឡាករ​ជនជាតិ​ជប៉ុន Kazuki Tazuta និង​កីឡាករ​ជនជាតិ​កូរ៉េខាងត្បូង Kim Jeongho រកបាន​ម្នាក់១គ្រាប់។ ចំណែក១ គ្រាប់​របស់​បៀ​ល​ប្រាយ រកបាន​ដោយ​កីឡាករ ថៃ ផល្លា នៅ​នាទី ៩០ បូក។ 
 
សម្រាប់​មួយគូ​ទៀត​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​ថ្មី​ស៊ីម៉ាក់ បាន​យកឈ្នះ​ក្រុម​វេ​ស្ទើ​ន ៣ ទល់ ។ កីឡាករ Okereke Chimerie  រក​គ្រាប់​បាល់ ២ គ្រាប់​ម្នាក់ឯង​អោយ​ស៊ីម៉ាក់ ស្របពេល​កីឡាករ Anthony Robert រកបាន១ គ្រាប់។ ១ គ្រាប់​របស់​វេ​ស្ទើ​ន តដៃ​វិញ​របស់​វេ​ស្ទើ​នរក​បាន​ដោយ​កីឡាករ Mathew Osa។ 
 
ប្រកួត​ចុងក្រោយ​នៅ​ល្ងាច​ថ្ងៃ​ពុធ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ដោយ​លទ្ធផល ៣ ទល់ ២ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។ ៣ គ្រាប់​របស់​ប៉ូលិស រកបាន​ដោយ​កីឡាករ នួន បុរី, Ippei Shimizu និង ១ គ្រាប់​ទៀត​ជា​គ្រាប់​បាល់​ដែល​ធ្វើឱ្យ​ចូល​ទី​ខ្លួនឯង (Own Goal) ដោយ​ខ្សែការពារ ផន ដុល្លារ របស់​អាស៊ី​អឺរ៉ុប។ ២ គ្រាប់​របស់ អាស៊ី​អឺរ៉ុប រកបាន​ដោយ​កីឡាករ Gorge Kelechi Stanley។ 
 
ចំណែក​គូប្រកួត​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​វិញ ក្រុមបាល់ទាត់​ស្វាយរៀង បាន​យកឈ្នះ​ក្រុម ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដោយ​លទ្ធផល ៣ ទល់ ០ លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន។ កីឡាករ Kipson បា​នរក​គ្រាប់​បាល់​តាម ៣២ និង​នាទី ៧០ ខណៈ​ប្រធាន​ក្រុម ប្រាក់ មុន្នី​ឧ​ត្ត​ម បា​នរក​គ្រាប់​បាល់​ទី ៣ នៅ​នាទី ៨១។
 
ចំណែក​ក្រុម​បឹងកេត​អង្គរ បាន​យកឈ្នះ​ក្រុម​ណាហ្គា​វើ​ល ដោយ​លទ្ធផល ២ ទល់ ១ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។ ខ្សែប្រយុទ្ធ ឃឹម បុរី របស់​ណាហ្គា​វើ​ល បា​នរក​គ្រាប់​បាល់​នាំមុខ​គូប្រកួត​នៅ​នាទី ៥៧ ស្របពេល​កីឡាករ ចាន់ វឌ្ឍនាកា របស់​បឹងកេត​អង្គរ បា​នរក​គ្រាប់​បាល់​យកឈ្នះ ២ គ្រាប់​ម្នាក់ឯង​វិញ នៅ​នាទី ៦៦ និង នាទី ៨៧ ចុង​តង់​ទី២។
 
សម្រាប់​មួយ​ប្រកួត​ចុងក្រោយ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​ចាញ់​គីរីវង់​សុខ​សែន​ជ័យ ២ ទល់ ១ លើ​ទីលាន​កីឡដ្ឋាន RSN Stadium របស់ខ្លួន។ កីឡាករ Ayoyinka និង ឯម ផាន់​ណា ជា​អ្នករក​គ្រាប់​បាល់​ឱ្យ​គីរីវង់​សុខ​សែន​ជ័យ ស្របពេល​កីឡាករ កែវ សុខ​ផេង ជា​អ្នក​បំបែក​ពងមាន់​ឱ្យ​ភ្នំពេញ​ក្រោ​ន បាន១គ្រាប់​វិញ។ 
 
ចំពោះ​កីឡាករ​ដែល​រក​គ្រាប់​បាល់ប​ញ្ជូ​ល​ទី​គូប្រកួត​បាន​ច្រើនជាង​វិញ​មាន ចាន់ វឌ្ឍនាកា របស់​បឹងកេត រកបាន ២៨ គ្រាប់ ស្របពេល​កីឡាករ Dzarma Bata របស់​ស្វាយរៀង រកបាន ២០ គ្រាប់​ហើយ​កីឡាករ Bisan George និង Booysen Shane របស់​ភ្នំពេញ​ក្រោ​ន រកបាន​ម្នាក់ ១៩ គ្រាប់ ហើយ​កីឡាករ Gorge Kelechi Stanley របស់​អាស៊ី​អឺរ៉ុប រកបាន ១៧ គ្រាប់​ម្នាក់ឯង។ 
 
សរុប​តារាង​ចំណាត់ថ្នាក់​ប្រចាំ​សប្ដាហ៍​ទី១៨ នៃ​ពាន MCL 2015 នេះ សម្រាប់​ក្រុម​ខ្លាំង​ទាំង៤ មាន បឹងកេត​អង្គរ ឡើងឈរ​លេខ១ បណ្ដោះអាសន្ន តាម​ពីក្រោយ​ដោយ​ក្រុម​លេខ២ ភ្នំពេញ​ក្រោ​ន មាន​ពិន្ទុ​ស្មើគ្នា​តែ​ខុស​ត្រង់​គ្រាប់​ចំណេញ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ មាន​ចំណាត់ថ្នាក់​លេខ ៣ មាន៣១ ពិន្ទុ និង​លេខ៤ ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី មាន ២៩ ពិន្ទុ។ ចំណែក​ក្រុម​បាត​តារាង​ចំនួន ២ ក្រុម​គឺ វេ​ស្ទើ​ន​ភ្នំពេញ លេខ ១១ មាន ១៣ ពិន្ទុ និង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ លេខ ១២ មាន ៨ ពិន្ទុ៕
 

Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com