កីឡាជាតិ
ភ្នំពេញ​ក្រោ​ន និង​បឹងកេត កក់​កៅអី Top 4 ដោយ​ទុក​ឲ្យ៥ក្រុម​ទៀត​ប្រជែង​គ្នា
28, Sep 2015 , 10:17 am        
រូបភាព
ដោយ:
 
គិត​ត្រឹម​សប្តាហ៍​ទី១៩ ភ្នំពេញ​ក្រោ​ន និង​បឹងកេត​អង្គរ ដែលមាន៤៥ពិន្ទុរៀងៗខ្លួន​បាន​កក់​កៅអី​រួចជាស្រេច​សម្រាប់​ការប្រកួត​វគ្គ​ខ្វែង​ក្នុង​ជំហាន​ឆ្ពោះទៅរក​តំណែង​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៥ ខណៈ​កៅអី​ចំនួន២ផ្សេងទៀត រង់ចាំ​ការ​ប្រជែង​គ្នា​រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងការពារជាតិ ណាហ្គា​វើ​ល ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​ស្វាយរៀង។ សម្រាប់​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​បើទោះបីជា​ពួកគេ​ឃ្លាតឆ្ងាយ​ពី​តំបន់​គ្រោះថ្នាក់​ក៏ដោយ ប៉ុន្តែ​ក្រុម​មួយ​នេះ រួមជាមួយ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ស៊ីម៉ាក់​យូ​ណាយ​ធី​ត វេ​ស្ទើ​ន និង​គិរីវង់​សុខ​សែន​ជ័យ អស់​ឱកាស​ប្រជែង​ចូល​តំបន់ Top 4 ហើយ។

កៅអី​ក្នុង​តំបន់​ក្រុម​ខ្លាំង​ទាំង៤ (Top4) កំពុងស្ថិត​ក្នុង​ភាពស្រពិចស្រពិល​នៅឡើយ​គិត​ក្រោយ​ដំណើរការ​អស់ ១៩ សប្ដាហ៍​ប្រកួត​មកនេះ ក្នុង​ពានរង្វាន់​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក២០១៥ (Metfone Cambodian League 2015) ខណៈ​ការប្រកួត​នឹង​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ត្រឹម​សប្ដាហ៍​ទី២២ ។ 
 
បើ​និយាយ​ពី​លទ្ធផល​សប្ដាហ៍​ទី១៩ កន្លងមក​ដែល​រៀបចំឡើង​នៅ​ចុង​សប្ដាហ៍​កន្លងទៅ ពោល​ល​គឺ​នៅ​ល្ងាច​ថ្ងៃ​សៅ​រិ៍ ទី ២៦ ខែ កញ្ញា ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដោយ​លទ្ធផល ១០ ទល់ ០ លើ​ទីលាន​កីឡដ្ឋាន RSN Stadium របស់ខ្លួន។ ១០ គ្រាប់​របស់​ភ្នំពេញ​ក្រោ​ន រកបាន​ដោយ​កីឡាករ Bisan Goerge រកបាន ៤ គ្រាប់ ម្នាក់ឯង ស្របពេល មិត្ត​រួម​ក្រុម កែវ សុខ​ផេង រកបាន ៣ គ្រាប់ ឡេង មករា ២ គ្រាប់​និង​កីឡាករ Booysen Shane រកបាន​ម្នាក់១គ្រាប់។
 
ចំណែក​ក្រុម​បឹងកេត​អង្គរ បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៥ ទល់ ២ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ(ស្ដា​ត​ចាស់)។ កីឡាករ​ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​បឹងកេត បាន ៤ គ្រាប់​ម្នាក់ឯង ស្របពេល​កីឡាករ Omogba រកបាន​គ្រាប់​ទី៥ ឱ្យ​ក្រុម។ ចំណែក ២ គ្រាប់​វាយបក​វិញ​ដោយ​អាស៊ី​អឺរ៉ុប វិញ​រកបាន​ដោយ​កីឡាករ Gorge Kelechi Stanley និង កីឡាករ យម វណ្ណា។
 
ចំពោះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ដែល​នៅ​តំបន់​បាត​តារាង​វិញ​បាន​យកឈ្នះ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ដោយ​លទ្ធផល ៣ ទល់ ។ ដំបូង​ឡើយ​ក្រុម​បៀ​ល​ប្រាយ បាន​នាំ​មុខមុន១គ្រាប់​តាំងពី​តង់​ទី១ ពោលគឺ​នៅ​នាទី​ទី៨ ដោយ​កីឡាករ ស៊ឹម វុត្ថា។ តែ​ចូលដល់​តង់​ទី២ គីរីវង់​សុខ​សែន​ជ័យ បាន​វាយបក​វិញ ដោយ​កីឡាករ Akeep Ayoyinkaចំនួន ៣ គ្រាប់​ម្នាក់ឯង​គឺ​នៅ​នាទី ៦២, ៧៧ និង ៨៣ មុន​ចប់​តង់​ទី២ ។
 
ដោយឡែក​ប្រកួត​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី ២៧ ខែកញ្ញា វិញ ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី បាន​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ ក្រសួងការពារជាតិ ដោយ​លទ្ធផល ១ ទល់ ០ នៅ​កីឡដ្ឋាន​កងយោធពល​ខេរ​ភូមិន្ទ (ស្ដា​ត​ចាស់)។ ១ គ្រាប់​របស់​ក្រសួងការពារជាតិ រកបាន​ដោយ​កីឡាករ ពៅ ភា​រិ​ទ្ធ នៅ​នាទី ៧៤ នៃ​ការប្រកួត។
 
ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ ប្រកួត​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន វិញ​ក្រុម​ណាហ្គា​វើ​ល បាន​យកឈ្នះ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដោយ​លទ្ធផល ២ ទល់ ។ កីឡាករ​ជនជាតិ​ហ្គី​ណេ Barry បា​នរក​គ្រាប់​បាល់​ទី១ ឱ្យ​ណាហ្គា​វើ​ល នាំមុខ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ក្នុង​នាទី ៤៣ មុន​ចប់​តង់​ទី។ ចូលដល់​តង់​ទី២ កីឡាករ គូ​ច សុ​កុម្ភៈ បា​នរក​គ្រាប់​បាល់១គ្រាប់​ទៀត​ឱ្យ​ណាហ្គា​វើ​ល នៅ​នាទី៧៤ មុន​ចប់​ការប្រកួត។
 
ប្រកួត​ចុងក្រោយ​ប្រចាំ​សប្ដាហ៍​ទី ១៩ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​យកឈ្នះ​ក្រុម​ស៊ីម៉ាក់ ៣ ទល់ ១ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។ កីឡាករ នួន បុរី របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បា​នរក​គ្រាប់​បាល់​នាំមុខ​ស៊ីម៉ាក់ ១ ទល់ ០ នៅ​នាទី ៣៧ មុន​ចង់​តង់​ទី១ ។ ចូលដល់​តង់​ទី២ កីឡាករ ទិ​ត្យ ឌី​ណា បា​នរក​គ្រាប់​បាល់​ទី២ អោយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រឹម​នាទី៦៧ ប៉ុន្ដែ​កីឡាករ​ប្រធាន​ក្រុម​របស់​ស៊ីម៉ាក់ គឺ​កីឡាករ សេង កុ​សែន បា​នរក​គ្រាប់​បាល់​វាយបក​វិញ​នៅ​នាទី៧។ នៅ​មិន​អស់ចិត្ត នួន  បុរី បាន​បន្ថែម​គ្រាប់​ទី៣ អោយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុង​នាទី៨៩ មុន​ចប់​តង់​ទី២ ។
 
សរុប​ត្រឹម​សប្ដាហ៍​ទី១៩ នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​កំពូល​តារាង​មាន ៤៥ ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ២ បឹងកេត​អង្គរ តែ​ឈ្នះ​ត្រង់​គ្រាប់​បាល់​ចំណេញ​ច្រើនជាង។ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឡើង​មកឈរ​លេខ៣ ខណៈ​ក្រុម​ក្រសួងការពារជាតិ ជាប់​លេខ ៤ មាន ៣២ ពិន្ទុ​ដូចគ្នា។ លេខ ៥ ក្រុម​ណាហ្គា​វើ​ល លេខ ៦ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ លេខ៧ ស្វាយរៀង​អែ​ហ្វ​ស៊ី លេខ៨ បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត លេខ៩ អាស៊ី​អឺរ៉ុប និង​លេខ ១០ ស៊ីម៉ាក់។ ចំពោះ២ ក្រុម​ដែល​នៅ​តំបន់​បាត​តារាង​មាន លេខ១១ វេ​ស្ទើ​ន​ភ្នំពេញ មាន ១៣ ពិន្ទុ និង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ លេខ១២ មាន ១១ ពិន្ទុ។
 
បើទោះជា​ភ្នំពេញ​ក្រោ​ន និង​បឹងកេត​អង្គរ មាន​កៅអី​នៅក្នុង​តំបន់ Top 4 ក៏ដោយ ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រជែង​គ្នា​ដើម្បី​បញ្ចប់​ចំណាត់ថ្នាក់​លេខ​មួយ​សម្រាប់​កៅអី​ក្នុង​ការប្រកួត​ជម្រុះ​ពានរង្វាន់ Mekong Toyota Cup នៅ​ប្រទេស​ឡាវ៕
 
 
 

Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com