កីឡាជាតិ
ឡៅ ចន្ទ្រា សន្លប់​ក្នុង​ទឹក​ទី ២ ឯ បឺត ខាំ និង ពេជ្រ សីហា ឈ្នះ​ថៃ​ដោយ​លំបាក
28, Sep 2015 , 5:03 pm        
រូបភាព
ដោយ:
នា​ការប្រកួត​កីឡាប្រដាល់​មិត្តភាព​អន្តរជាតិ​ដែល​រៀបចំ​ដោយ​ទូរទស្សន៍​បាយ័ន​កាលពី​ចុង​សប្តាហ៍​កន្លងមក កីឡាករ ឡៅ ចន្ទ្រា បាន​សន្លប់​ក្នុង​កណ្តាប់ដៃ ថៃ ក្នុង​ទឹក​ទី ២ នៅលើ​សង្វៀន បឹង​ស្នោ រីឯ កីឡាករ បឺត ខាំ និង ពេជ្រ សីហា ឈ្នះ​ថៃ ដោយ​ពិន្ទុ​ទាំង​លំបាក នៅលើ​សង្វៀន​ស្ទឹងមានជ័យ។
 
កីឡាករ​ជើង​ខ្លាំង​របស់ ថៃ KAOPHONG  CHAIPHUM ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន ១១៩ដង ឈ្នះ៩៩ដង និង​ផ្តួល​គូរ​ប្រកួត​ឱ្យ​សន្លប់ ៣៦ បាន​ផ្តួល​ឡៅ ចន្ទ្រា មកពី​ក្លិប​កងពលតូច​ឆ័​ត្រ​យោង ៩១១ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី ២ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ កាលពី​ល្ងាច​ថ្ងៃអាទិត្យ នៅលើ​សង្វៀន​បាយ័ន​បឹង​ស្នោ។ 
 
នៅ​ទឹក​ទី​ពីរ កីឡាករ​ថៃ បាន​ប្រើ​កណ្តាប់ដៃ​ដ៏​ធ្ងន់​របស់ខ្លួន​វាយ​សម្រុកចូល​ចំ​ផ្ទៃមុខ ចន្ទ្រា ពេញៗ ឯ​កីឡាករ​កម្ពុជា​បាន​ព្យាយាម​វាយបក និង​គេចខ្លួន​ផងដែរ តែ​មិនអាច​គេច​ផុតពី​កណ្តាប់ដៃ​របស់​កីឡាករ​ថៃ​រូបនេះ  ដែលជា​ហេតុ​ធ្វើ​ឲ្យ ចន្ទ្រា ត្រូវបាន​អាជ្ញាកណ្តាល​រាប់​ចំនួន ៣ដង និង​បញ្ឈប់​ការប្រកួត តែម្តង។ 
 
ចំណែក​នៅលើ​សង្វៀន​ស្ទឹងមានជ័យ ក្នុងការ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​វគ្គ​ទី៤ ដ​ណ្តើ​ខ្សែក្រវ៉ាត់​អន្តរជាតិ​ខា​រ៉ា​បៅ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​នោះ​វិញ កីឡាករ​ជើង​ខ្លាំង បឺត ខាំ មកពី​ក្លិប​សាល​វ័​ន្ត​កីឡា កម្ពស់ ១.៦៩ម៉ែត្រ បាន​យកឈ្នះ​កីឡាករ​ថៃ​ដោយ​ពិន្ទុ​ទាំង​លំបាក ដោយសារ​កីឡាករ​ថៃ​រូបនេះ​មាន​កម្ពស់​ខ្ពស់ជាង  ជាហេតុ​ធ្វើ​ឲ្យ​គេ​ពិបាក​ក្នុងការ​វាយ​ចូល។ 
 
ទោះបីជា​យ៉ាងនេះ​ក្តី ក្នុងការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ចំនួន ៥ទឹក ក្នុង​ទឹក​ទី២ និង​ទី៣ បឺត ខាំ បាន​ប្រើ​កណ្តាប់ដៃ និង​កែង​វាយ​ចូល​មុខ​កីឡាករ​ថៃពេញៗ ចំណែក​កីឡាករ​ថៃ នៅក្នុង​ទឹក​ទី៤ បាន​ព្យាយាម​សម្រុក​វាយបក ដោយ​ប្រើ​ជង្គង់​ហោះ និង​កណ្តាប់ដៃ​ចូលមក​លើ​កីឡាករ បឺត ខាំ ពេញៗផងដែរ ក៏ប៉ុន្តែ​កីឡា​រករ​ថៃ ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​នៅក្នុង​ទឹក​ទី៤ ដោយសារ​វាយ​ខុស​លក្ខន្តិកៈ។ ចុងបញ្ចប់​នៃ​ការប្រកួត​កីឡាករ បឺត ខាំ ត្រូវបាន​អាជ្ញាកណ្តាល​លើកដៃ​ឱ្យ​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ។ 
 
ចំណែក​កីឡាករ ពេជ្រ សីហា មកពី​សមាគម កីឡាប្រដាល់​ក្រសួងការពារជាតិ  បាន​យកឈ្នះ​កីឡាករ​ថៃ JONGANGFIGHT LUK.CHOMPACHAI ដោយ​ពិន្ទុ។ នៅក្នុង​ការប្រកួត៥ទឹក ចាប់ពី​ទឹក​ទី១ រហូតដល់​ទឹក​ទី៤ កីឡាករ កម្ពុជា​បាន​ប្រើ​កណ្តាប់ដៃ ហើយ​វាយ​សម្រុកចូល​កីឡាករ​ថៃ ចំណែក​កីឡាករ​ថៃ បាន​ព្យាយាម​វាយបក​ប្រើ​ជង្គង់​មកលើ​កីឡាករ​កម្ពុជា​ផងដែរ។ ជា​លទ្ធផល​ចុងក្រោយ​កីឡាករ ពេជ្រ សីហា បាន​យកឈ្នះ​កីឡាករ​ថៃ ដោយ​ពិន្ទុ៕
 
 
 

Tag:
 បដាល់
© រក្សាសិទ្ធិដោយ thmeythmey.com