កីឡាជាតិ
សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា នឹង​រៀបចំ​ការប្រណាំង​ឡាន​ហ្គោ​ខាតលក្ខណៈ​អន្តរជាតិ​ធំ​ម្តងទៀត
30, Sep 2015 , 8:19 am        
រូបភាព
ដោយ:
 
តាមរយៈ​លទ្ធផល​នៃ​ព្រឹត្តិការណ៍​ប្រណាំង​ឡាន​ហ្គោ​ខាត (Go Kart) ពេលយប់​លើក​ទី១ ឆ្នាំ២០១៥ ទំហំ​ការចូលរួម​គាំទ្រ និង​អ្នក​ឧបត្ថម្ភ ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ឡាន​ហ្គោ​ខាត​ពេលយប់(Go Kart) ជា​លក្ខណៈ​អន្តរជាតិ​ធំ​ម្តងទៀត នៅ​ចុងឆ្នាំ២០១៥នេះ។  
 
«តាមរយៈ​លទ្ធផល​ប្រកួត ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​កីឡាករ​ជាតិ និង​អន្ដរជាតិ អ្នកគាំទ្រ អ្នក​ឧបត្ថម្ភ​នឹង​ដោយមាន​កិច្ចសហការ​ល្អជា​មួយក្រុម​ហ៊ុន AP Cart Racing សហព័ន្ធ អាច​វាយតម្លៃថា យើង​មាន​សមត្ថភាព​អាច​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​លក្ខណៈ​អន្តរជាតិ​ធំ​បាន​នៅ​ចុងឆ្នាំ២០១៥នេះ»។ នេះ​ជាការ​លើកឡើង​របស់លោក មៀ​ច សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា នា​ពិធី​បិទ​ការប្រកួត កាលពី​រាត្រី​ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា។ 
 
ការប្រណាំង​ឡាន​ហ្គោ​ខាត (Go Kart) ពេលយប់ លើក​ទី១ដែល មាន​កីឡាករ កីឡាការិនី​ចម្រុះ​ជាតិ​សាសន៍​ចំនួន៣០នាក់ មកពី​ប្រទេស​បារាំង សហរដ្ឋអាមេរិក ហូ​ឡង់ អាល្លឺម៉ង់ ស្កុ​តឡែ​ន សិង្ហ​បុរី ហ្វីលីពីន និង​កម្ពុជា​ជា​ម្ចាស់ផ្ទះ ដោយ​ប្រកួត​ទៅតាម​កម្រិត​ទាំង៣ ដោយ​ក្នុង​កម្រិតនីមួយៗមាន​កីឡាករ​ប្រកួតប្រជែង​ជាង ១០នាក់ បានបញ្ចប់​ហើយ ខណៈ​ម្ចាស់​ជើងឯក​ទាំង៣កម្រិត ធ្លាក់​ទៅលើ​កីឡាករ​បរទេស​ទាំងអស់។ 
 
សម្រាប់​ការប្រកួត​អ្នកជំនាញ (កម្រិត​A) ម្ចាស់​ជើងឯក​បាន​ទៅ​កីឡាករ David មកពី​ប្រទេស​ស្កុ​តឡែ​ន លេខ២បាន​ទៅ កីឡាករ​សិង្ហ​បុរី យ៉ា​រ៉ូ និង​លេខ៣បាន​ទៅ​កីឡាករ​កម្ពុជា ពី​លី។ រីឯ​កម្រិត​B សម្រាប់​អ្នក​ពាក់កណ្ដាល​អាជីព កីឡាករ Max មកពី​បារាំង ទទួលបាន​បាន​ចំណាត់ថ្នាក់​លេខ១ លេខ២ កីឡាករ Tavis របស់​សិង្ហ​បុរី និង​លេខ៣បាន​ទៅ Glenn មកពី​ហ្វីលីពីន ហើយ​កម្រិត​C សម្រាប់​អ្នក​ទាន់​អាជីព​វិញ លេខ១បាន​ទៅ Alex ដែលជា​កីឡាករ​វ័យក្មេង​ជាងគេ​ជនជាតិ​ហូ​ឡង់ លេខ២ កីឡាករ​កម្ពុជា សុភា​រៈ និង​លេខ៣ បាន​ទៅ Elton មកពី​សិង្ហ​បុរី៕
 

Tag:
 Go Kart
© រក្សាសិទ្ធិដោយ thmeythmey.com