កីឡាជាតិ
ជាតិ
វេ​ស្ទើ​ន ទទួល​ប៉ូលិស គីរីវង់​ប៉ះ​ស្វាយរៀង និង​បៀ​ល​ប្រាយ​ជួប​ភ្នំពេញ​ក្រោ​ន
30, Sep 2015 , 10:49 am        
រូបភាព
ដោយ:
ក្រុមកីឡា​បាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​ប្រកួត​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (ប៉ូលិស) នៅវេលា​ម៉ោង ៣:៣០ រសៀល​ថ្ងៃទី ៣០ ខែ កញ្ញា នេះ​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ស្របពេល​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ជួប​ក្រុម​ស្វាយរៀង​អេ​ហ្វ​ស៊ី នៅវេលា​ម៉ោង ៣:៣០ នាទី​ដូចគ្នា​តែ​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ចំពេល​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធិ​ត ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង៦ ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ដូចគ្នា ក្នុង​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី ២០នៃ​ពានរង្វាន់​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក២០១៥ (Metfone Cambodian League 2015) ។


*វេ​ស្ទើ​ន ទទួល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វេលា​ម៉ោង៣:៣០ រសៀល
វេ​ស្ទើ​ន ក្រោម​ការដឹកនាំ​របស់​លោក ប៉ែន ផាត អតីត​កីឡាករ​ជម្រើសជាតិ​ជំនាន់​ទសវត្ស​ទី៦០ កំពុងតែ​ត្រូវការ​ពិន្ទុ​ជា​ចាំបាច់​ដើម្បី​គេច​ឱ្យ​ផុតពី​តំបន់​បាត​តារាង។ ប្រកួត​ចុងក្រោយ វេ​ស្ទើ​ន បាន​បរាជ័យ ក្រោម​ថ្វីដៃ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោ​ន ១០ ទល់ ។ ក្រុម​ដែលមាន​ម្ចាស់​ក្លិប​វិនិយោគ​លើ​សិក្សាធិការ​មួយ​នេះ កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ ១១ មាន ១៣ ពិន្ទុ ក្រោយ​ប្រកួត​បាន ១៩ លើក​ឈ្នះ ៤ ស្មើ ១ និង​ចាញ់ ១៤ លើក។

ចំណែក​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វិញ​ក៏​ត្រូវការ៣ពិន្ទុ​ជា​ចាំបាច់​ដែរ ដើម្បី​ប្រជែង​យក​កៅអី​ក្រុម​ខ្លាំង​ទាំង៤ (Top4) មុន​បញ្ចប់​រដូវ​កាល២០១៥នេះ។ លោក អ៊ុង កង​យ៉ា​និ​ត គ្រូបង្វឹក​របស់​ក្រុមប៉ូលិស កំពុង​រៀបចំ​ពង្រឹង​កូនក្រុម​បន្ថែមទៀត ក្រោយ​ប្រកួត១៩ លើក​ឈ្នះ ៩ ស្មើ ៥ និង ចាញ់ ៥ លើក​មាន ៣២ ពិន្ទុ ឈរ​ចំណាត់ថ្នាក់​លេខ ៣ បណ្ដោះអាសន្ន។

*គីរីវង់​សុខ​សែន​ជ័យ ជួប​ស្វាយរៀង​អែ​ហ្វ​ស៊ី នៅ​ម៉ោង៣:៣០នាទី​ល្ងាច
និយាយ​ពី​គីរីវង់​សុខ​សែន​ជ័យ ២ ប្រកួត​ចុងក្រោយ​ឈ្នះ​ទាំង២ ពោលគឺ​ឈ្នះ​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោ​ន ២ ទល់ ១ និង​បន្ត​ឈ្នះ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ៣ ទល់ ១ ក្នុងនាម​ជា​ក្រុម​បាត​តារាង។ លោក ផាន់ ចាន់​ផាត នៅតែមាន​ទស្សនៈ​វិជ្ជមាន​ក្នុងការ​រក្សា​ក្រុម​ឱ្យ​ឆ្លង​ផុត​តំបន់​បាត​តារាង​ទោះជា​ការប្រកួត​នៅសល់តែ ២ លើក​ទៀត​ប៉ុណ្ណោះ​ក៏ដោយ។

ចំណែក​ស្វាយរៀង​អែ​ហ្វ​ស៊ី របស់លោក សំ វ៉ាន់​ដេ​ត ៣ ពិន្ទុ​នៅក្នុង​ប្រកួត​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់ ដើម្បី​ប្រជែង​តំណែង Top ឆ្ពោះទៅកាន់​វគ្គ​ខ្វែង ទោះជា​ពេលនេះ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៧ តែមាន ២៩ ពិន្ទុ​ក្នុង​ដៃ។ ប្រកួត​ចុងក្រោយ​ស្វាយរៀង បាន​បរាជ័យ​ក្រោម​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ ១ ទល់ ០ ។

*បៀ​ល​ប្រាយ​យូ​ណាយ​ធិ​ត ជួប​ភ្នំពេញ​ក្រោ​ន នៅ​ម៉ោង៦ល្ងាច
សម្រាប់​ក្រុម​បៀ​ល​ប្រាយ ជា​ក្រុម​ដែល​ស្ថិតនៅ​កណ្ដាល​គឺ​មិន​បារម្ភ​ខ្លាច​ធ្លាក់​ចេញពី​លី​ក ហើយក៏​អស់​ឱកាស​ប្រជែង​យក​ជើងឯក​ដែរ។ មាន ២១ពិន្ទុ​ក្នុង​ដៃ ទោះជា​ប្រកួត​ចុងក្រោយ៣លើក​ឈ្នះ​ទាំង៣ ក៏​ក្រុម​មួយ​នៅ​មិនអាច​ដណ្ដើម​តំណែង Top4 បានដែរ។ កាលពី​ជើង​ទី១ បៀ​ល​ប្រាយ ចាញ់​មែន​តែ​របូត​តែ១គ្រាប់​ប៉ុណ្ណោះ​ពេល​ជួប​ភ្នំពេញ​ក្រោ​ន។

ចំពោះ​ភ្នំពេញ​ក្រោ​ន កំពុង​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន បន្ទាប់ពី​មាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង​ក្រុម​លេខ២ បឹងកេត​អង្គរ ព្រោះ​ក្រុម​ទាំង២ មាន ៤៥ ពិន្ទុ​ស្មើគ្នា។ ភ្នំពេញ​ក្រោ​ន ត្រូវការ​ពិន្ទុ​ជា​ចាំបាច់​ដើម្បី​បន្ត​តំណែង​លេខ១ កំពូល​តារាង និង​ប្រជែង​យក​កៅអី​ឡើង​ទៅលេង​ក្នុង​ពាន Toyota Mekong Championship 2015 ។

តើ​ក្រុម​ណា​អាច​រកបាន ៣ ពិន្ទុ​នៅ​ល្ងាច​ថ្ងៃ​ពុធ នេះ?


Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com