កីឡាជាតិ
ការប្រកួត​ជើងឯក​កីឡា​វាយ​សី​ថ្នាក់ជាតិ បានចាប់ផ្តើម​ហើយ
16, Oct 2015 , 3:48 pm        
រូបភាព
ដោយ:
 ការប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​វាយ​សី​ថ្នាក់ជាតិ​ប្រចាំឆ្នាំ២០១៥ ដើម្បី​ពង្រឹង និង​ត្រៀមខ្លួន​ប្រកួត​ក្នុង ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ បាន​ចាប់ដំណើរការ ហើយ​កាលពី​ថ្ងៃទី១៥ ខែតុលា ម្សិលមិញ​នៅ​អគារ​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយមាន​កីឡាករ​ចូលរួម​ប្រកួត​ចំនួន ១២៩នាក់ (កីឡា​ការ​នី ១៧នាក់) មកពី​ក្លិប សមាគម​ចំនួន ១១ ប្រកួត​ក្នុង២ក្របខណ្ឌ  ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី២០ ខែតុលា ខាងមុខនេះ។
 
លោក ជាម សុភា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បានឱ្យដឹងថា អត្ត​ព​លិ​ក​ទាំង១៤៦នាក់ ប្រកួត​តំណាងឱ្យ ក្លិប សមាគម​ចំនួន១១ រួមមាន​ក្លិប​មកពី ខេត្តស្វាយរៀង ព្រះសីហនុ កំពង់ចាម កំពង់ឆ្នាំង ក្លិប​ត្រពាំង​ស្រែ ក្លិប​មុនី​ឋា​ប​នា ក្លិប​ខេមរៈ ក្លិប​ព្រះខ័ន​រាជ ក្លិប​ទីចាត់ការ​បច្ចេកទេស​ក​ង​យោធពលខេមរភូមិន្ទ ក្លិប​ខេត្តកោះកុង និង​ក្លិប​ពហុ​កីឡដ្ឋាន​ជាតិ ។ 
 
លោក ជាម សុភា បាន​បញ្ជាក់ថា ការប្រកួត​ជ្រើសរើស​ជើងឯក​វាយ​សី​ថ្នាក់ជាតិ​ប្រចាំឆ្នាំ២០១៥នេះ ក្នុង​គោលបំណង​ធំ​ជ្រើសរើស​អត្ត​ព​លិ​ក ដើម្បី​បណ្តុះបណ្តាល ពង្រឹងសមត្ថភាព និង​ដើម្បី​ត្រៀមខ្លួន​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៅពេល​ខាងមុខនេះ។
 
សម្រាប់​ការប្រកួត​បែងចែក​ជា ២ ក្របខ័ណ្ឌ​គឺ ក្របខ័ណ្ឌ​ក១ និង​ក២ ប្រកួត​ក្នុង​វិញ្ញាសា​វាយ​ទោល​បុរស(ក១) វាយ​គូ​បុរស(ក១)  វាយ​ទោល​បុរស(ក២) អាយុ១៩ឆ្នាំ​ឡើង វាយ​ទោល​បុរស​អាយុ​ក្រោម១៩ឆ្នាំ​ក្របខ័ណ្ឌ​ក២ វាយ​ទោល​បុរស​អាយុ​ក្រោម១៦ឆ្នាំ វាយ​គូ​បុរស​អាយុ​ក្រោម១៩ឆ្នាំ វិញ្ញាសា​វាយ​ទោល​បុរស​អាយុ​ក្រោម១៣ឆ្នាំ វាយ​គូ​បុរស​អាយុ​ក្រោម១៣ឆ្នាំ វិញ្ញាសា​វាយ​ទោល​នារី វិញ្ញាសា​វាយ​គូ​នារី និង​វិញ្ញាសា​ប្រកួត​ជា​ក្រុម។ 
 
ចំពោះ​ប្រាក់រង្វាន់​សម្រាប់​ការប្រកួត​នេះ ជើងឯក​ទទួលបាន១៥ម៉ឺន​រៀល លេខ២បាន១០ម៉ឺន​រៀល និង​លេខ៣បាន៨ម៉ឺន​រៀល សម្រាប់​អត្ត​ព​លិ​ក​ដែល​វាយ​ជា​លក្ខណៈ​ឯកត្តជន។ ចំណែកឯ​វាយ​ជា​គូ និង​វាយ​ជា​ក្រុម​វិញ បើ​ឈ្នះម្នាក់ៗនឹង​ទទួលបាន​ប្រាក់រង្វាន់​ដូច​វិញ្ញាសា​ឯកត្តជន៕
 
 
 
 

Tag:
 វាយ​សី
© រក្សាសិទ្ធិដោយ thmeythmey.com