កីឡាជាតិ
កីឡាករថៃ Watcharalek បង្ហាញចរិតមិនប្រក្រតីនៅលើសង្វៀនបាយ័នស្ទឹងមានជ័យ 19, Oct 2015 , 12:15 pm
×
កីឡាករថៃ Watcharalek បានដោះហ្កង់ដៃរួចដើរចេញពីសង្វៀនអំឡុងពេលប្រកួត ដោយសារមិនពេញចិត្តនឹងការព្រមានរបស់លោកអាជ្ញាកណ្តាល នៅក្នុងជំនួបជាមួយកីឡាករ បឺត ខាំ ក្នុងកម្មវិធីប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ។
នៅក្នុងជំនួបរវាងកីឡាករថៃ Watcharalek និងកីឡាករ បឺត ខាំ កាលយប់មិញបានបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតធ្វើឱ្យទស្សនិកជនគប់ដបទឹកសុទ្ធទៅលើកីឡាករ ថៃ ដោយសារមិនពេញចិត្តនឹងទង្វើរបស់គេ ដែលដើរចេញពីសង្វៀន ក្នុងកំឡុងពេលការប្រកួត។
ក្នុងការប្រកួតយ៉ាងស្វិតស្វាញតាំងពីទឹកទី១ ដល់ទឹក៣ កីឡាករទាំងពីរ បានវាយសម្រុកយ៉ាងខ្លាំង និងប្តូរកណ្តាប់ដៃ កែង ជង្គង់ដាក់គ្នាទៅវិញទៅមក។ រហូតដល់ទឹកទី៤ កីឡាករ ថៃ ហាក់ដូចជាមានការច្រឡោតបន្តិច ដោយសារត្រូវកីឡាករ បឺត ខាំ ម៉ាត់ និងប្រើកែងចំផ្ទៃមុខពេញៗនៅលើខ្លួន។ នៅពាក់កណ្តាលទឹកទី៤ កីឡាករ ថៃ ត្រូវបានអាជ្ញាកណ្តាលព្រមានដោយសារបោកកីឡាករ បឺត ខាំ ឱ្យដួលដោយការប៉ែងជើងខុសបច្ចេកទេស ខណៈនោះកីឡាករ ថៃ រូបនេះបានដោះហ្កង់រួចដើរចេញពីសង្វៀនប្រកួត ខណៈពេលនោះទស្សនិកជនបាននាំគ្នាគប់ដបទឹកសុទ្ធទៅលើកីឡាករ ថៃ រូបនេះ បង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើសង្វៀន។
បន្ទាប់ពីមានការឃាត់ និងសម្រុះសម្រួល ពីគណៈកម្មការរៀបចំការប្រកួត កីឡាករ Watcharalek បានដើរចូលសង្វៀនរួចប្រកួតធម្មតាវិញ ប៉ុន្តែសម្រាប់ប្រកួតលើកនេះកីឡាករ ថៃ រូបនេះមានការច្រឡោតខ្លាំងទៅលើកីឡាករ កម្ពុជា។ ចំណែកកីឡាករ កម្ពុជា វិញ ហាក់ដូចជាមិនញញើតនឹងការច្រឡោតនោះឡើយ ថែមទាំងធ្វើកាយវិការដឺដងដាក់កីឡាករ ថៃ រូបនេះទៀតផង។ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៥ទឹក ជាលទ្ធផលអាជ្ញាកណ្តាលបានសម្រេចឱ្យ កីឡាករ បឺត ខាំ ឈ្នះលើកីឡាករ ថៃ Watcharalek ដោយពិន្ទុ។
© រក្សាសិទ្ធិដោយ thmeythmey.com