កីឡាជាតិ
ជាតិ
ជំនួប បឹងកេត-Lao Toyota នាំឲ្យលោក ប្រាក់ សុវណ្ណារ៉ា ប៉ះអតីតគូប្រជែង MCL លោក David Booth 31, Oct 2015 , 4:15 pm
លោក David Booth និងលោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់ជួបគ្នាបីលើកក្នុងការប្រកួតនៅ MCL ខណៈពួកលោកដឹកនាំភ្នំពេញក្រោន និងណាហ្គាខប រៀងៗខ្លួន
× ជំនួបបឹងកេតអង្គរ និង Lao Toyota FC នៅវគ្គជម្រុះ Toyota Mekong Club Championship 2015 នៅទីក្រុង វៀង ចន្ទន៍ ប្រទេសឡាវ ផ្តល់ឱកាសដល់លោក ប្រាក់ សុវណ្ណារ៉ា និងលោក David Booth ជួបគ្នាសារជាថ្មីក្នុងនាមជាគ្រូបង្វឹក បន្ទាប់ពីពួកលោកធ្លាប់ជួបគ្នា៣លើកកន្លងមកហើយ នៅក្នុងការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីក (MCL) របស់កម្ពុជា។
គ្រូបង្វឹកក្លិបបឹងកេតអង្គរ លោក ប្រាក់ សុវណ្ណារ៉ា ដែលត្រូវប្រារព្ធខួបកំណើត៤៣ឆ្នាំនៅសប្តាហ៍ក្រោយ ធ្លាប់ដឹកនាំក្លិបណាហ្គាខប (បច្ចុប្បន្នណាហ្គាវើល) តទល់ជាមួយក្លិបភ្នំពេញក្រោនក្រោមការដឹកនាំបង្វឹករបស់គ្រូបង្វឹកអង់គ្លេស លោក David Booth ចំនួន៣លើក កាលពីអំឡុងឆ្នាំ២០១១ និងឆ្នាំ២០១២ ។
លោក David Booth វ័យ៦៧ឆ្នាំធ្លាប់បានដឹកនាំភ្នំពេញក្រោននៅពាក់កណ្តាលរដូវកាលឆ្នាំ២០១១ និងពេញមួយរដូវកាលឆ្នាំ២០១២ ។ លោកបានជួយឲ្យភ្នំពេញឈ្នះតំណែងជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១១ ដោយការប្រកួតចុងក្រោយ បញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ជាមួយណាហ្គាខបរបស់លោក ប្រាក់ សុវណ្ណារ៉ា។
ការប្រកួតពេលនោះ មិនសូវមានលក្ខណៈតឹងតែងនោះឡើយ ដោយសារសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កំណត់ក្រុមដែលមានពិន្ទុខ្ពស់ត្រូវក្លាយជាម្ចាស់ជើងឯក ខណៈភ្នំពេញក្រោនមានពិន្ទុនាំមុខក្រុមលេខពីរណា ហ្គាខប ដល់ទៅ៤ពិន្ទុ។ ក្រោយលទ្ធផលស្មើ ៣-៣ ភ្នំពេញក្រោនក្រោមការដឹកនាំរបស់លោក Davith Booth ក្លាយជាម្ចាស់ជើងឯកដោយមាន៤៥ពិន្ទុ ខណៈណាហ្គាខបក្លាយជាជើងឯករងដោយមាន៤១ពិន្ទុ ប៉ុន្តែនៅពេលនោះ លោក ប្រាក់ សុវណ្ណារ៉ា បានជាប់ជាគ្រូបង្វឹកឆ្នើមប្រចាំរដូវកាល។
ឈានដល់រដូវកាលឆ្នាំ២០១២ ក្រុមណាហ្គាខបក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា បានយកឈ្នះ ២-១ នៅជើងទីមួយ ហើយនៅជើងទី២ ក្រុមភ្នំពេញក្រោនដែលដឹកនាំដោយលោក Booth បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៥ ក្រោយស្មើ ១-១ ជាមួយណាហ្គាខប។ នៅពេលនោះ FFC ដាក់រូបមន្តឲ្យមានការខ្វែងរវាងក្រុមកំពូលទាំងបួន ប៉ុន្តែនៅពេលនោះ ណាហ្គាដែលបញ្ចប់ចំណាត់ថ្នាក់កំពូលតារាង បានចាញ់ចម្ការកៅស៊ូបឹងកេត ឈ្មោះដើមរបស់បឹងកេតអង្គរ នៅវគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ជំនួបរវាងបឹងកេតអង្គរ និង Lao Toyota FC ក្នុងការប្រកួតជម្រុះ Toyota Mekong Club នាវេលាម៉ោង ៦ល្ងាចនៅកីឡដ្ឋាន Chao Anouvong National Stadium ទីក្រុងវៀងចន្ទន៍ គ្រូបង្វឹកអង់គ្លេសលោក David Booth ក៏នឹងជួបជាមួយអតីតកីឡាកររបស់ខ្លួន គឺ ហុង ផេង, សុខ ផេង, ធុល សុធារិទ្ធ និងសុខ សុវណ្ណ រួមទាំងលោក ហៅ សុជាតិ ដែលជាអតីតគ្រូជំនួយរបស់ខ្លួននៅក្លិបភ្នំពេញក្រោនផងដែរ។
ក្លិបបឹងកេតអង្គរមានឈ្មោះតំណាងឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍ Toyota Mekong Club ដោយសារពួកគេបញ្ចប់នៅលេខរៀងទីមួយក្រោយយកឈ្នះភ្នំពេញក្រោន ៤-២ នាការប្រកួតសប្តាហ៍ចុងក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ រូបមន្តប្រកួតខ្វែង តម្រូវឲ្យបឹងកេតអង្គរនៅមានបេសកកម្មប្រជែងយកពានមិត្តហ្វូនខេមបូឌានលីកជាលើកទីពីរ ខណៈការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយ ពួកគេបានចាញ់ណាហ្គាវើល ៣-១ ។
សម្រាប់ Lao Toyota FC ពួកគេតំណាងឲ្យប្រទេសឡាវ បន្ទាប់ពីលោក David Booth ដឹកនាំឲ្យដណ្តើមបានជើងឯក Lao Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ កាលពីឆ្នាំមុន ឡាវតំណាងដោយក្លិប Hoang Anh Attapeu FC ខណៈកម្ពុជាតំណាងដោយភ្នំពេញក្រោន ដោយមាន អ្នកចាំទី ស៊ូ យ៉ាទី និងខ្សែបម្រើ ហុង ផេង ស្ថិតនៅក្លិបនាពេលនោះ៕
រូបថត៖ Toyota Mekong Football
© រក្សាសិទ្ធិដោយ thmeythmey.com