កីឡាជាតិ
ជាតិ
កម្ពុជា​ឈ្នះ​ប្រ៊ុយណេ ៦-១ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ
03, Nov 2015 , 10:34 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានទទួល​ជ័យជម្នះ ៦-១ លើ​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ល្ងាច​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។


ខ្សែប្រយុទ្ធ​ប្រ៊ុយណេ Ali Rahman បា​នរក​គ្រាប់​បញ្ចូល​ទី​នាំ​មុន​នៅ១០នាទី​ដំបូង ហើយ១០នាទី ជា​បន្តបន្ទាប់​ក្នុង​តង់​ទីមួយ កម្ពុជា​វាយបក​វិញ​បាន​ចំនួន៣គ្រាប់ ដែល​សម្រេចបាន​ដោយ ប្រាក់ មុន្នី​ឧ​ត្ត​ម ២គ្រាប់ និង  វ៉ា សុខ​ថន ១គ្រាប់។

ឈានចូល​ដល់​តង់​ទី​ពីរ ខ្សែបម្រើ កែវ សុខ​ផេង រកបាន២គ្រាប់ជាប់ៗគ្នា ខណៈ​ខ្សែការពារ សឿ​យ វិសាល បន្ថែម១គ្រាប់​ទៀត​នៅក្នុង​នាទី​បន្ថែម។ ជ័យជម្នះ ៦-១ ក្នុងការ​ប្រកួត​មិត្តភាព​នេះ ក៏​ជា​ជោគជ័យ​លើកដំបូង​ផងដែរ​របស់​កម្ពុជា បើ​គិត​ចាប់តាំងពី​បាន​យកឈ្នះ​ប៊ូ​តង់ ២-០ នា​ជំនួប​មិត្តភាព​នៅ​រាជធានី​ភ្នំពេញ​ដូចគ្នា កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ។

កម្ពុជា​បាន​រង​បរាជ័យ​ចំនួន៦លើកជាប់ៗគ្នា ដោយ​ចាញ់​ឡាវ ២-១ ក្នុងការ​ប្រកួត​មិត្តភាព​នៅក្នុង​ទីក្រុង​បាងកក និង​ចាញ់​ទាំង៥ប្រកួត​ក្នុងជំនួប​វគ្គ​ជម្រុះ​ពូ​ល E ប្រចាំ​តំបន់​អាស៊ី​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ World Cup ។

ការប្រកួត​ចុងក្រោយ​កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ កម្ពុជា បាន​ចាញ់​សឹង្ហ​បុរី ២-១ ដោយ​ខ្សែបម្រើ​ភ្នំពេញ​ក្រោ​ន សុះ ស៊ូ​ហា​ណា ក្លាយជា​កីឡាករ​ទីមួយ​របស់​ក​ម្ពុ​ជា​ដែល​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​ការប្រកួត​ជម្រុះ World Cup ឆ្នាំ២០១៨ ។

កម្ពុជា​ដែល​បាន​ហាលអាវ​រួចទៅហើយ​នោះ ត្រូវ​ប៉ះ​អា​ហ្វ​ហ្គា​នី​ស្ថាន នា​ថ្ងៃទី១២ ខែវិច្ឆិកា នៅក្នុង​ទីក្រុង Masshad ប្រទេស​អ៊ីរ៉ង់ មុននឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ទទួលភ្ញៀវ​សា​មួ​រៃ​ជប៉ុន នា​ថ្ងៃទី១៧ ខែវិច្ឆិកា។

សម្រាប់​ជំនួប​មិត្តភាព​ជាមួយ​ប្រ៊ុយណេ និង​ត្រូវបាន​កត់ត្រា​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នេះ គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon បានផ្តល់​ឱកាស​ច្រើន​ដល់​កីឡាក្មេងៗ ជាពិសេស​សមាសភាព​ម​ក​ពី​ក្លិប​ក្រសួងការពារជាតិ និង​ក្លិប​ស្វាយរៀង។

កីឡាករ​ដែល​បាន​ចូល​លេង​ក្នុង​ការប្រកួត៖ អ៊ុំ សេរី​រ័ត្ន​ន៍ (អ្នកចាំទី), សឿ​យ វិសាល, សំអឿន ពិដោរ (ស៊ុន វណ្ណ​ដេ​ត ៨៦), ប្រាក់ មុន្នី​ឧ​ត្ត​ម, កែវ សុខ​ផេង (ទូច រ៉ូ​ម៉ា ៧១ ), សុះ ស៊ូ​ហា​ណា (ទិ​ត្យ ឌី​ណា ៦១ ), ណុប តុលា, ឈិន ឈឿន (រឿ​ម ចាន់​រឿន ៧៦ ), វ៉ា សុខ​ថន (ហួយ ផល្លី​ន ៦១), ប៊ិន ធា​រី (ប្រធាន​ក្រុម) (ច្រឹង ពលរដ្ឋ ៦១ ) ៕



Tag:
 ជម្រើស​ជាតិ​កម្ពុជា
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com