កីឡាជាតិ
ជាតិ
ប៉េតង់​យុវជន​កម្ពុជា ខកចិត្ត​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​
04, Nov 2015 , 2:32 pm        
រូបភាព
​ក្រុមកីឡា​ប៉េតង់​យុវជន​ជម្រើសជាតិ​កម្ពុជា មិនបាន​ទទួល​មេដាយ​ឡើយ​ក្នុង​ព្រឹត្តិការណ៍ Juniors Petanque World Championships លើក​ទី​១៥​នៅ ទីក្រុង​បាងកក ប្រទេស​ថៃ ពីថ្ងៃ​ទី​៣១ ខែតុលា ដល់​ថ្ងៃទី​៣ ខែវិច្ឆិកា កន្លងមកនេះ​។ ក្រុមយុវជន​កម្ពុជា បាន​ចូលរួម​ប្រកួត​ក្នុង​វិញ្ញាសា​ជា​ក្រុម និង​វិញ្ញាសា​វាយយក​ពិន្ទុ ហើយ​សុទ្ធតែ​បាន​ធ្លាក់​ចេញ​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល​ដែល​មិន​អស់ចិត្ត​។


​ការប្រកួត​វិញ្ញាសា​ជា​ក្រុម​ដែល​ប្រព្រឹត្តទៅ​នៅលើ​ទីលាន​សាកលវិទ្យាល័យ Bangkok Thoburi ក្រុមយុវជន​កម្ពុជា ដែលមាន កីឡាករ មួង ទិ​ត្យ​ម៉ា​ណែ​ត​, ទីវ រដ្ឋា​, ផង់ ហាស់​សិទ្ធិ​ទេវរាជ និង​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១២​ក្នុងចំណោម​ក្រុម​ទាំង​៣៤  ដោយ​ឈ្នះ ស្វី​ស ១៣-១២ ឈ្នះ​តួ​ក​គី ១៣-៥ ឈ្នះ​ជប៉ុន ១៣-១ តែ​ចាញ់​ម៉ា​ដា​ហ្គា​ស្កា ១-១៣ និង​ចាញ់​ម៉ា​រ៉ុ​ក ៤-១៣ ។​

​ឈានដល់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ក្រុមកីឡា​យុវជន​កម្ពុជា បាន​យកឈ្នះ​ក្រុម​អេ​ស្ប៉ា​ញ ១៣-១០ ហើយ​បាន​ហាលអាវ​ទាំង​មិន​អស់ចិត្ត បន្ទាប់ពី​ចាញ់​ក្រុម​ឡាវ​ក្នុង​លទ្ធផល ១២-១៣ យ៉ាង​ប្រផិតប្រផើយ​។​

​សម្រាប់​ពានរង្វាន់​ជា​ក្រុម​ផ្នែក​យុវជន ក្នុង​ព្រឹត្តិការណ៍ Juniors Petanque World Championships លើក​ទី​១៥​នេះ ក្រុម​បារាំង​បានឈ្នះ​មេដាយមាស ក្រោយ​ជ័យជម្នះ ១៣-៧ លើ​ក្រុម​ម៉ា​ដា​ហ្គា​ស្កា ខណៈ​ក្រុម​ឡាវ និង​ថៃ បាន​មេដាយ​សំរឹទ្ធ​។​

​ដោយឡែក​ក្នុងការ​ប្រកួត​លើ​វិញ្ញាសា​វាយយក​ពិន្ទុ (Shooting) ផ្នែក​យុវជន កីឡាករ មួង ទិ​ត្យ​ម៉ា​ណែ​ត ធ្វើបាន​យ៉ាង​ល្អ​នៅ​វគ្គ​ជម្រុះ ដោយ​រកបាន​៤៧​ពិន្ទុ និង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​ពីរ បន្ទាប់ពី​កីឡាករ​ម៉ា​ដា​ហ្គា​ស្កា Ratianarison Judichael Anjaraniaiana ដែល​រកបាន​៥២​ពិន្ទុ​។ កីឡាករ​របស់​ម៉ា​ដា​ហ្គា​ស្កា កម្ពុជា អាល្លឺម៉ង់ និង​ថៃ ឈានទៅ​កាន់​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ ខណៈ​បារាំង ម៉ា​រ៉ុ​ក ម៉ា​ណា​កូ និង​ចិន​-​តៃប៉ិ ឈានចូល​វគ្គ​១/៤ ដោយសារ​ឈ្នះ​ការប្រកួត​ជម្រុះ​ជាមួយ​១២​ក្រុម​ផ្សេងទៀត​។​

​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ កីឡាករ មួង ទិ​ត្យ​ម៉ា​ណែ​ត បាន​ខកចិត្ត​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ដោយ​ចាញ់​កីឡាករ​ម៉ា​រ៉ុ​ក Jose Riviere ១៦-២៧ ។ សម្រាប់​ពានរង្វាន់​យុវជន​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​នេះ កីឡាករ ម៉ា​ដា​ហ្គា​ស្កា Ratianarison Judichael Anjaraniaiana ក្លាយជា​ម្ចាស់​មេដាយមាស ក្រោយ​ឈ្នះ​កីឡាករ​អាល្លឺម៉ង់ Kurbanov Temur ៣៤-១១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​កីឡាករ​ថៃ Pasom Titiphong និង​កីឡាករ​ម៉ា​រ៉ុ​ក Jose Riviere បាន​មេដាយ​សំរឹទ្ធ​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រុមកីឡា​ការិនី​កម្ពុជា​នឹង​ចាប់ផ្តើម​យុទ្ធនាការ​របស់ខ្លួន ដោយ​ក្នុងនោះ កីឡាការិនី កែ ឡេង រំពឹង​ស្វែងរក​មេដាយ​សម្រាប់​កម្ពុ​ជា​បន្ថែមទៀត បន្ទាប់ពី​គាត់​ដណ្តើមបាន​មេដាយមាស​លើ​វិញ្ញាសា​វាយយក​ពិន្ទុ និង​មេដាយ​សំរឹទ្ធ​ក្នុង​វិញ្ញាសា​ជា​ក្រុម​ដោយ​ចាប់ដៃ​ជាមួយ​កីឡាការិនី​អ៊ុក ស្រីមុំ​, អ៊ុំ ចន្ទ្រា និង​អ៊ុន ស្រី​យ៉ា នា​ព្រឹត្តិការណ៍​ប្រកួត​នៅ​ទីក្រុង Montauban ប្រទេស​បារាំង​កាលពី​ឆ្នាំ​២០១៣ ។​

​សូមបញ្ជាក់​ផងដែរ​នា​ការប្រកួត ដណ្តើមពាន​រង្វាន់​កីឡា​ប៉េតង់​ពិភពលោក​លើក​ទី​១៥​នេះ​ទាំង​ផ្នែក​នារី​និង យុវជន​មាន​បេក្ខជន​មកពី​ជាង​៤០​ប្រទេស​ដែលជា​សមាជិក​សហព័ន្ធ​កីឡា​ប៉េតង់ អន្តរជាតិ​។ យោងតាម​តារាង​ចំណាត់ថ្នាក់​រួម​បើ​គិត​ត្រឹម​ព្រឹត្តិការណ៍ ប្រកួត​នៅ​ទីក្រុង​Montauban​ប្រទេស​បារាំង​កាលពី​ឆ្នាំ​២០១៣​កម្ពុជា ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៣​លើ​ពិភពលោក​ក្រោយ​ទទួលបាន​មេដាយមាស​១​និង សំរឹទ្ធ​៕



Tag:
 ​ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com