ពីនេះ ពីនោះ
យុវជនផុសផុលរឿងសង្គម តែមិនសូវផុសផុលបញ្ហាផ្ទាល់ខ្លួន! 04, Apr 2020 , 7:59 am
× ភ្នំពេញ៖ នៅក្នុងបណ្ដាញសង្គម វេទិការសាធារណៈ សិក្ខាសាលា កិច្ចពិភាក្សាកម្រិតយុវជន និងវេទិកានានាជាច្រើន គេតែងសង្គេតឃើញថា យុវជន បានចូលបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការតាមដានសង្គមយ៉ាងសកម្ម។ ការបង្ហាញឆន្ទៈខ្វល់ខ្វាយពីសង្គមមិនគ្រប់គ្រាន់ទេ យុវជនថែមទាំងបង្ហាញទាំងគំនិត ទស្សនៈ និងការបញ្ចេញមតិ យោបល់ ទាំងខ្លាំងទាំងស្រាល ទៅលើអ្នកដឹកនាំប្រទេស មន្ត្រីរដ្ឋ អាជ្ញាធរ អ្នកនយោបាយ អ្នកជំនួញ និងប្រជាពលរដ្ឋទូទៅពីទង្វើនិងសកម្មភាពរបស់អ្នកទាំងនោះក្នុងការរស់នៅប្រចាំថ្ងៃ។
ជាការពិតក្នុងស្ថានភាពសង្គមកំពុងដំណើរការឆ្ពោះទៅរកការគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យពេញលេញមួយ ការចូលរូមរបស់យុវជនក្នុងការរិៈគន់សង្គម រិៈគន់អ្នកដឹកនាំ មន្ត្រីរដ្ឋ អាជ្ញាធរ អ្នកនយោបាយ អ្នកជំនួញក្នុងគោលបំណងស្ថាបនា ដើម្បីឲ្យសង្គមអាចអនុវត្តន៍បានពេញលេញលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គឺជាកិច្ចការដ៏ល្អប្រសើបំផុតរបស់យុវជនជំនាន់ថ្មី។
តែគេសង្គេតឃើញថា សន្ទុះរបស់យុវជនពេលខ្លះហាក់មានល្បឿនហួសការកំណត់ ឬអាចនិយាយបានថា ទៅលឿនជាងអ្វីដែលខ្លួនមាន។ យុវជនមួយចំនួនបានប្រើប្រាស់ការមើលសង្គមរបស់ខ្លួនតាមរយៈការមើលឃើញដោយភ្នែក ដោយពិសោធន៍ជីវិត និងការគិតពិចារណា ដើម្បីរិះគន់ ដោយឥតសំចៃ រហួតដល់មានការជេប្រមាថគ្នា ព្រោះតែស្ថិតនៅក្រោមឥទ្ធិពល នៃមនោគមន៍វិជ្ជានយោបាយបក្ស ដែលខ្លួនគាំទ្រ ហើយរិះគន់អ្នកនយោបាយបក្សផ្សេងៗក្រៅពីបក្សខ្លួនថាមិនល្អជាដើម។
បើទោះបីជាយ៉ាងណាការខ្វល់ខ្វាយទាំងអស់នោះ គឺជាសញ្ញាណល្អមួយសម្រាប់ប្រទេសជាតិ ព្រោះសង្គមចាប់ផ្ដើមមានកម្លាំងហ៊ានក្រោកឈរយ៉ាងពេញមុខពេញមាត់ ក្នុងចេតនាបង្ហាញស្មារតីជាតិនិយម។
ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺនៅត្រង់ថា យុវជនមានគំនិតជួយជាតិ ជួយកែប្រព័ន្ធដឹកនាំប្រទេស ជួយកែឥរិយាបថមន្ត្រីរដ្ឋ ជួយកែអ្នកនយោបាយ តែយុវជនខ្លួនឯងហាក់នៅមិនទាន់ព្យាយាមរិះរកមធ្យោបាយដើម្បីកែប្រែខ្លួនឯង អភិវឌ្ឍន៍ខ្លួនឯង និងកែប្រែស្ថានភាពរស់នៅរបស់ខ្លួនឲ្យបានល្អប្រសើជាមុនសិននោះទេ។ យុវជនមួយចំនួនហាក់ចំណាយពេលច្រើនដើម្បីរិះគន់គេ ខ្លាំងជាងការព្យាយាមចំណាយពេលដើម្បីកែប្រែជីវភាពខ្លួន និងគិតពីផែនការជីវិតរបស់ខ្លួននោះឡើយ។ កត្តានេះគឺជាចំណុចមួយដែលយុវជនត្រូវថ្លឹងថ្លែងគ្នាឲ្យបានច្បាស់លាស់ក្នុងការចំណាយពេលវេលា។ ព្រោះថាដើម្បីជួយជាតិពិតប្រាកដគឺផ្ដើមចេញពីការជួយខ្លួនឯង ចូលរួមអភិវឌ្ឍន៍ជាតិពិតប្រាកដគឺចូលរួមអភិវឌ្ឍន៍ខ្លួន ចង់បានសង្គមរីកចម្រើនពិតប្រាកដគឺផ្ដើមពីការធ្វើយ៉ាងដើម្បីឲ្យខ្លួនមានជីវភាពធូធារសមរម្យក្នុងសង្គម។ ព្រោះមនុស្សគឺជាធាតុរបស់សង្គម នៅពេលមនុស្ស ឬប្រជាពលរដ្ឋនៅក្នុងសង្គមកាន់តែមានជីវភាពសមរម្យសង្គមក៏មានការរីកចម្រើនលូតលាស់ឆាប់រហ័ស។ ប៉ុន្តែប្រសិនបើយុវជនចេះតែនិយាយ ចេះតែរិះគន់ និងវាយតម្លៃអ្នកដ៏ទៃ តែមិនព្រមកែប្រែចាប់បីខ្លួនឯងជាមុនទេ គឺជាភាពបរាជ័យរបស់ប្រទេសជាតិនៅពេលប៉ុន្មានឆ្នាំខាងមុខទៅវិញនោះទេ។ ព្រោះអនាគតទំពាំងស្នងឬស្សី មិនអាចសង្ឃឹមបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com