អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត ផ្អាក​ការហោះហើរ និង​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​
05, Jan 2016 , 3:48 pm        
រូបភាព
ដោយ:
​អា​រ៉ា​ប៊ី​សា​អូឌីត ប្រកាស​ផ្អាក​រាល់​ជើងហោះហើរ​ទាំងអស់​ដែលមាន​ទិសដៅ​ទៅកាន់​អ៊ីរ៉ង់​និង​សកម្មភាព​ពាណិជ្ជកម្ម​ទ្វេភាគី​។ វិធានការ​នេះ​ត្រូវបាន​ដាក់ចេញ​មួយថ្ងៃ​ក្រោយ​ប្រទេស​នេះ​ប្រកាស​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់ នៅ​ថ្ងៃទី​៣ ខែមករា កន្លងមក ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។


​ទំនាក់ទំនង​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អ៊ីរ៉ង់ កាន់តែ​ធ្លាក់​ដុនដាប​ទៅហើយ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​របស់​អា​រ៉ា​ប៊ី​សា​អូឌីត បន្ត​ដាក់ចេញ​វិធានការ​ថ្មី​ដោយ​ប្រកាស​ផ្អាក​ទំនាក់ទំនង​ទាំងឡាយ​ជាមួយ​អ៊ីរ៉ង់ ។

​នោះ​គឺ​អា​រ៉ា​ប៊ី​សា​អូឌីត​សម្រេច​កាត់ផ្ដាច់​ចរាចរណ៍​ផ្លូវអាកាស ក៏ដូចជា​រាល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់ ។ ហើយ​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏បាន​ដាក់​លក្ខខណ្ឌ​ដល់​អ៊ីរ៉ង់​ដោយ​ត្រូវធ្វើ​ខ្លួន​ឲ្យ​ដូច​គេ​ដូច​ឯង ប្រសិនបើ​ចង់​ស្ដារ​ទំនាក់ទំនង​ជាមួយ​ខ្លួន​ឡើងវិញ​នោះ ។ 

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuter  រដ្ឋមន្ត្រីការបរទេស អា​រ៉ា​ប៊ី​សា​អូឌីត លោក Adel al-Jubeir បញ្ជាក់ថា​៖ « យើង​នឹង​ផ្អាក​ជើងយន្តហោះ ដែលមាន​ទិសដៅ ទៅនឹង​មក​អ៊ីរ៉ង់ ក៏ដូចជា​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​ផងដែរ ។ ហើយ​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​ដាក់​បម្រាម​ដល់​អ្នកណា​ដែល​ធ្វើដំណើរ​ទៅកាន់​អ៊ីរ៉ង់​ដែរ​»​។ 

​យ៉ាងណាមិញ អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​នៅតែ​ស្វាគមន៍​ប្រជាជន​អ៊ីរ៉ង់​ដែលមាន​បំណង​ធ្វើដំណើរ​មកកាន់​ទឹកដី​របស់ខ្លួន ដើម្បី​ទៅកាន់​ទឹកដី​ពិសិដ្ឋ​របស់​ឥស្លាម​នៅ​ទីក្រុង Mecca និង​ទីក្រុង Medina  ។  ពួកគេ​នៅតែ​អាចធ្វើ​ធម្ម​យាត្រា​ប្រចាំឆ្នាំ Haj ឬក៏​ចូលរួម​ក្នុង​ធម្ម​យាត្រា Umrah បាន​ដដែល ។ 

​លើសពីនេះ រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត​លោក Adel al-Jubeir ក៏បាន​ទាមទារ​ឲ្យ​អ៊ីរ៉ង់​ទទួលខុសត្រូវ​លើ​ទំនាក់ទំនង​ដែល​កំពុងតែ​ធ្លាក់ចុះ​រវាង​ប្រទេស​ទាំងពីរ ។ លោក al-Jubeir ក៏បាន​បន្ត​ចោទប្រកាន់ថា អ៊ីរ៉ង់​បាន​បញ្ជូន​អ្នក​ប្រយុទ្ធ​ទៅកាន់​ប្រទេស​អារ៉ាប់​នានា​និង​បានរៀបចំ​ផែនការ​វាយប្រហារ​ក្នុង​ទឹកដី​អា​រ៉ា​ប៊ី​សា​អូឌីត ព្រមទាំង​ប្រទេសជិតខាង​របស់ខ្លួន ។

​ឆ្លៀតពេល​នោះដែរ រដ្ឋមន្ត្រីការបរទេស​រូបនេះ ក៏បាន​ថ្លែង​ការពារ​ការសម្រេចចិត្ត​របស់​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​បាន​ដាក់ទោស​ប្រហារជីវិត​មេដឹកនាំ​និកាយ​ស៊ី​អ៊ី​ត​លោក Nimir al-Nimir ។ លោក al-Nimir ត្រូវបាន​ចោទប្រកាន់​ពីបទ​រៀបចំ​បណ្ដាញ​ក្រុម​បះបោរ និង​ផ្ដល់​លុយកាក់​ក៏ដូចជា​អាវុធ​ដល់​ពួកគេ ។ ក្រោយ​ប្រហារជីវិត​ហើយ លោក Adel al-Jubeir បាន​និយាយថា​៖« យើង​គួរ​អបអរ​ចំពោះ​រឿងនេះ មិនមែន​រិះគន់​នោះទេ​»៕ 


Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com