អន្តរជាតិ
លោកស្រី​ស៊ូ​ជី​៖ បើ​ប្រទេស​គ្មាន​សន្តិភាព​នោះទេ រដ្ឋាភិបាល ក៏​មិន​អាចធ្វើ​អ្វី​បានដែរ​
06, Jan 2016 , 10:16 am        
រូបភាព
ដោយ:
​ទោះបីជា មី​យ៉ាន់​ម៉ា បានទទួល​ឯករាជ្យ​ពី​អង់គ្លេស​រយៈពេល​ជាង​៦​ទសវត្សរ៍​ក៏ដោយ សន្តិសុខ និង​សន្តិ ភាព នៅតែ​ជា​បញ្ហា​ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ត្រូវ​ដោះស្រាយ​។ ជាមួយគ្នា​នោះ លោក​ប្រធានាធិបតី​ជិត ផុត​អាណត្តិ ថេ​ន សេន ក៏បាន​ព្យាយាម​ចរចា​ស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព តែ​បញ្ហា​នៅតែ​មិនទាន់​ត្រូវ បានបញ្ចប់​។ ហើយ បន្ទុក​នេះ នឹងត្រូវ​ធ្លាក់​មកលើ​រដ្ឋាភិបាល​ថ្មី​នៃ​បក្ស​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដែល​នឹង ឡើងកាន់​អំណាច​នៅ​ខែកុម្ភៈ​ខាងមុខនេះ​។


​មេបក្ស​ឈ្នះឆ្នោត​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី​អ៊ុង​សាន ស៊ូ​ជី បានប្រកាសថា​ការកសាង សន្តិភាព គឺជា​វិស័យ​អាទិភាព​មួយ​ដែល​រដ្ឋាភិបាល​ថ្មី​នៃ​បក្ស​លោកស្រី​ត្រូវតែ​ធ្វើ​។ លោកស្រី ថា សន្តិភាព ពិតជា​សំខាន់​ណាស់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។  នេះ គឺជា​សុន្ទរកថា ដំបូង​ហើយ​ដែល​លោកស្រី លើកឡើង​ទាក់ទង​នឹង​បញ្ហា​ការកសាង​សន្តិភាព ក្រោយពី​បក្ស​លោកស្រី បានទទួល​សំឡេងគាំទ្រ​លើសលប់​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​០៨ ខែវិច្ឆិកា ២០១៥​កន្លងទៅ​។​

​គឺ​រយៈពេល​៦៨​ឆ្នាំ​ហើយ​ដែល​មី​យ៉ាន់​ម៉ា បានប្រកាស​ឯករាជ្យ​ពី​ម្ចាស់​អាណានិគម​អង់គ្លេស តែ​មី​យ៉ាន់​ម៉ា នៅ​មិនទាន់​ស្វែងរក​សន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស​បានឡើយ ដ្បិត មាន​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​ជាច្រើន នៅតែ​ប្រយុទ្ធ​ទាមទារ​យក​ស្វ័យភាព​គ្រប់គ្រង​ដែនដី​។ រដ្ឋាភិបាល​ជាច្រើន​អាណត្តិ​ហើយ បាន​ព្យាយាម​ចរចា​ស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព តែ​នៅតែ​មិនអាច​ទាញយក​គ្រប់​ភាគ​គី​នៃ​ជម្លោះ​បាន​។​

​ជាមួយគ្នានេះ លោក​ប្រធានាធិបតី​ថេ​ន សេន ដែល​បាន​ឡើងកាន់​អំណាច​តាំងពី​ឆ្នាំ​២០១១ បាន​ព្យាយាម​ចរចា​ជាមួយនឹង​ក្រុម​ឧទ្ទាម​ស្ទើរតែ​ពេញ​មួយ​អាណត្តិ​ប្រធានាធិបតី​របស់លោក​។ ជា​លទ្ធផល នៅ​ខែតុលា ឆ្នាំ ២០១៥ រដ្ឋាភិបាល​លោក ថេ​ន សេន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ស្តី​ពីបទ​បាញ់​ជាមួយនឹង​ក្រុម​ជនជាតិភាគតិច​ចំនួន​៨​ក្រុម​។

​យ៉ាងណាក៏ដោយ នៅមាន​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​ប្រដាប់អាវុធ​ជាច្រើន​ក្រុម​ផ្សេងទៀត មិនទាន់បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​នៅឡើយ​នោះទេ​។ ហើយ​ថ្មីៗ​នេះ កងកម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ទើបតែ​ប៉ះទង្គិច​គ្នា​ជាមួយនឹង​ក្រុម​ឧទ្ទាម​នៅក្នុង​ខេត្ត​សាន ដែល​បាន​បណ្តាល​ឲ្យ​ទាំង​ក្រុម​ឧទ្ទាម និង​កងកម្លាំង​រងរ​បួស​ទាំងសងខាង​។​

​ជុំវិញ​បញ្ហា​នេះ លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​សន្យា​នៅ​ថ្ងៃទី​០៤ ខែមករា ក្នុងឱកាស​បុណ្យ​ឯករាជ្យ​ថា កិច្ចការ​ចម្បង​ដែល​រដ្ឋាភិបាល​បក្ស​លោកស្រី នឹងត្រូវ​ធ្វើ​ដំបូង​គេ​គឺ​ការកសាង​សន្តិភាព​។ លោកស្រី បាន​សង្កត់​ថា « បើ​ប្រទេស​គ្មាន​សន្តិភាព​នោះទេ រដ្ឋាភិបាល ក៏​មិន​អាចធ្វើ​អ្វី​បានដែរ​» ។​

​យ៉ាងណាក៏ដោយ វា​មិនមែនជា​រឿង​ដែល​ងាយស្រួល​នោះទេ សម្រាប់​រដ្ឋាភិបាល​បក្ស​លោកស្រី​ស៊ូ​ជី ក្នុង​ការដឹកនាំ​រដ្ឋាភិបាល​ជា​លើកដំបូង និង​ព្រមទាំង​មានបទពិសោធន៍​តិចតួច​ក្នុងការ​ដឹកនាំ​ក្នុងការ ចរចា​នោះ​។ ជាពិសេស​នោះ ការចរចា ក៏​ទាមទារ​ជាមួយនឹង​យុទ្ធសាស្ត្រ​យោធា​ទៀតផង​។ បញ្ហា​នេះ ហើយ​ដែល​ក្រុម​យោធា​យក​លេស ដើម្បី​បន្ត​កាន់អំណាច​នៅក្នុង​កិច្ចការ​នយោបាយ​មី​យ៉ាន់​ម៉ា​៕


Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com