អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការ​កំពូល​បង់​ក្លា​ដែ​សរ​ក្សា​ទោស​ប្រហារជីវិត​លើ​មេដឹកនាំ​កំពូល​បក្សប្រឆាំង​
06, Jan 2016 , 2:57 pm        
រូបភាព
​តុលាការ​កំពូល​បង់​ក្លា​ដែ​ស​ បានសម្រេច​រក្សា​ទោស​ប្រហារជីវិត​មេដឹកនាំ​កំពូល​បក្សប្រឆាំង លោក Motiur Rahman Nizami ដែល​រង​ការចោទប្រកាន់​ចំពោះ​បទឧក្រិដ្ឋ​ កាលពី​សម័យ​សង្គ្រាម​ដណ្ដើម​ឯករាជ្យ​ក្នុង​ឆ្នាំ១៩៧១។ ជាមួយ​ការសម្រេច​នេះ លោក Nizami នឹងត្រូវ​ព្យួរ​កនៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ។
 
​តុលាការ​កំពូល​បង់​ក្លា​ដែ​ស នៅ​ថ្ងៃ​ពុធ ទី​៥ ខែមករា​នេះ បានសម្រេច​រក្សា​ទោស​ប្រហារជីវិត​មេបក្ស​ប្រឆាំង​លោក Motiur Rahman Nizami ដែល​​រកឃើញថា​មាន​កំហុស​ឧក្រិដ្ឋ ​ប្រព្រឹត្តិ​កាលពី​សម័យ​សង្គ្រាម​ឯករាជ្យ​នៅ​ឆ្នាំ​១៩៧១។  មេដឹកនាំ​គណបក្ស Jamaat-e-Islami ដែលជា​បក្សប្រឆាំង​ដ៏​ធំ​របស់​ប្រទេស​បង់​ក្លា​ដែ​ស អាច​នឹងត្រូវ​ប្រហារជីវិត​ដោយ​ព្យួរ​កនៅ​ពេលខាងមុខ ។ 
 
​ក្នុងពេល​សវនា​ការ ប្រធាន​តុលាការ​កំពូល​លោក S.K. Sinha បាន​ទាត់ចោល​ការប្ដឹង​ ប្រឆាំងនឹង​ការដាក់ទោស​របស់​តុលាការ​ថ្នាក់ក្រោម ​របស់លោក Motiur Rahman Nizami។ លោក Nizami ត្រូវ​ដាក់ទោស​ប្រហារជីវិត ក្រោម​បទ​រំលោភ ឃាតកម្ម និង​រៀបចំ​ការសម្លាប់​បុគ្គល​ល្បីៗ នៅពេល​លោក​មាន​តំណែង​ជា​ប្រមុខ​កងកម្លាំង​ក្នុងសម័យ​សង្គ្រាម។ 
 
​ក្នុងពេល​នោះដែរ រដ្ឋអាជ្ញា​បង់​ក្លា​ដែ​សលោក Tureen Afroz បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​ថាតុលាការ​បាន​រក្សា​បទ​ចោទ​ចំនួន​បី ​ក្នុងចំណោម​ការ​កា​ចោទប្រកាន់​ទាំង​៤​។

​លោក Motiur Rahman Nizami មាន​វ័យ​៧២​ឆ្នាំ ក្លាយ​ប្រមុខ​បក្ស​ឥស្លាម​ធំជាងគេ តាំងពី​ឆ្នាំ​២០០០ ហើយ​លោក​ក៏​ធ្លាប់ជា​រដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​ឥស្លាម ​ក្នុង​ឆ្នាំ​២០០១​ដល់​២០០៦​ផងដែរ។ យ៉ាងណាក៏​ដោយ វាសនា​របស់លោក​បាន​ប្រែប្រួល​ខ្លាំង លោក​ប្រឈមមុខ​នឹង​ការប្រហារជីវិត​ដោយ​ព្យួរ​ក ប្រសិនបើ​លោក​មិនអាច​ស្វែងរក​ការលើកលែងទោស​ណាមួយ​ពី​ប្រធានាធិបតី​បាន​នោះ។ 
 
​នេះ​ជាការ​វាយប្រហារ​ថ្មី​មួយទៀត​ទៅលើ​គណបក្សប្រឆាំង បន្ទាប់ពី​តុលាការ​កំពូល​បង់​ក្លា​ដែ​ស បាន​ដាក់ទោស​ប្រហារជីវិត​លើ​សមាជិក​ជាន់ខ្ពស់​គណ​បក្សប្រឆាំង ដោយ​បទ​ចោទ​ស្រដៀង​គ្នា​នេះ​ផងដែរ។ ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន ​បាន​រិះគន់​ការសម្រេចចិត្ត​របស់​តុលាការ ដោយបាន​លើកឡើងថា ដំណើរការ​កាត់ក្ដី​មិនបាន​ប្រព្រឹត្តិ​ទៅតាម​ច្បាប់ ​និង​មានការ​លូកដៃ​ចូល​ពី​សំណាក់​រដ្ឋាភិបាល ​របស់​នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina​។ ប៉ុន្តែ​រដ្ឋាភិបាល​បង់​ក្លា​ដែ​សបាន​បដិសេធ​ការចោទប្រកាន់​នេះ​៕
  
 
 
 
 

Tag:
 បង់​ក្លា​ដែ​ស​
© រក្សាសិទ្ធិដោយ thmeythmey.com