អន្តរជាតិ
ចិន ក្រពុលមុខ​នឹង​កូរ៉េខាងជើង​ដែល​ហ៊ាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​
06, Jan 2016 , 4:49 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ថ្កោលទោស​រដ្ឋាភិបាល​ព្យុងយ៉ាង​ដែល​បាន​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ដែលជា​អាវុធ​ដ៏​មាន​ឥទ្ធិពល និង​គ្រោះថ្នាក់​បំផុត​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្រសួងការបរទេស​ចិន ដែល​ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​កូរ៉េខាងជើង បានប្រកាសថា​ខ្លួន​បាន​បាញ់​គ្រាប់បែក​អ៊ីដ្រូសែន​ដោយ​ជោគជ័យ​។


​ក្រសួងការបរទេស​ចិន បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថ្កោលទោស​រដ្ឋាភិបាល​កូរ៉េខាងជើង ដែល​ហ៊ាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ដែល​បាន​ល្មើស​នឹង​បម្រាម​របស់​ក្រុមប្រឹក្សាសន្តិសុខ ។  ចិន ប្រហែលជា​កំពុងតែ​ក្ដៅស្លឹកត្រចៀក​ខ្លាំង​ហើយ ដ្បិត កូរ៉េខាងជើង​មិនបាន​ប្រាប់​ខ្លួន​ជាមុន​ពី​ការសាកល្បង​នៃ​ការបាញ់​គ្រាប់បែក​នេះ ។​

​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បានចេញ​ផ្សាយ​ថា កូរ៉េខាងជើង បានទទួល​ជោគជ័យ​ក្នុងការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយពី​មាន​គ្រោះ​រញ្ជួយ​ដី​មួយ​ដែលមាន​រង្វាស់​ប្រមាណ​៥.១ វិចទ័រ ដែល​អ្នកជំនាញ​ជាច្រើន​បាន​ចាត់​ថា កើតឡើង​ដោយសារតែ​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​នោះឯង ។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ទីក្រុង​ព្យុងយ៉ាង មិន​សប្បាយចិត្ត​ចំពោះ​រឿងនេះ​នោះទេ ។ ហើយ​នេះ បាន​បញ្ជាក់ថា ទំនាក់ទំនង​ស្អិតល្មួត​រវាង​ប្រទេស​កុ​ម្មុយ​នី​ស​ទាំងពីរ មិន​ផ្អែមល្ហែម​ដូច​មុន​នោះឡើយ ។ គេ​សង្កេតឃើញថា រយៈពេល​ចុងក្រោយ​នេះ ចិន​ហាក់ដូចជា​មិនសូវ​ខ្វល់ខ្វាយ​នឹង​កូរ៉េខាងជើង​ប៉ុន្មាន​នោះទេ ជាពិសេស​នោះ​គឺ ចាប់តាំងពី​ការឡើង​កាន់អំណាច​រប​ស់មេ​ដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន នៅ​ឆ្នាំ​២០១២ ។

​មួយវិញទៀត​នោះ ប្រទេស​ទាំងពីរ ហាក់​កាន់តែ​ឃ្លាត​ពីគ្នា នៅពេលដែល​ចិន​ផ្ដោត​ការយកចិត្តទុកដាក់​ខ្លាំង​លើ​គោលនយោបាយ​ពង្រឹងកម្លាំង​យោធា​របស់​ខ្លួន ។ ជាពិសេស​នោះ ចិន ក៏បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​កាន់តែ​ជិតស្និទ្ធ​ទៅទៀត ។ ជាក់ស្ដែង នោះ​គឺ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង (Li Keqiang) ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

​ចំណែកឯ​កូរ៉េខាងជើង​វិញ ចាប់ពី​ការឡើង​កាន់អំណាច​រប​ស់លោក គីម ជុង​អ៊ុន មក ក៏​មិនសូវ​យកចិត្តទុកដាក់​ជាមួយនឹង​សម្ព័ន្ធមិត្ត​ចិន​ប៉ុន្មាន​ដែរ ពោល​គឺជា កូរ៉េខាងជើង ព្យាយាម ពង្រឹងសមត្ថភាព​ដោយ​ខ្លួនឯង​៕


Tag:
 ចិន​
  កូ​រ៉​ខាងជើង​
  គ្រាប់បែក​អ៊ីដ្រូសែន​
© រក្សាសិទ្ធិដោយ thmeythmey.com