អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អង់គ្លេស​នឹង​បាត់​១​ពាន់​លាន​ដុល្លារ បើ​ហាម ដូ​ណា​ល់ ត្រាំ មិន​ឲ្យ​ចូល​អង់គ្លេស
07, Jan 2016 , 3:21 pm        
រូបភាព
​បេក្ខជន​ប្រធានាធិបតី​បក្ស​សា​ធាណរ​ដ្ឋ លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ព្រមាន​ថា​នឹង​ដក​ទុនវិនិយោគ​១​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​អង់គ្លេស បើ​សមាជិកសភា​អង់គ្លេស​សម្រេច​ជា​ផ្លូវការ​ហាមប្រាម​ដំណើរ​ទស្ស​កិច្ច​របស់លោក​ទៅ​អង់គ្លេស​។ ការជជែក​ដេញដោល​គ្នា​រវាង​សមាជិកសភា​ពាក់ព័ន្ធ​វិធានការ​បែបនេះ កើតឡើង​ដោយ​សេដ្ឋី​អចលនទ្រព្យ​អាមេរិក​នេះ​ប្រើ​សម្តី​ញុះញង់ និង​រើសអើង​ខ្លាំងពេក​។

លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ​



​បេក្ខជន​ប្រធានាធិបតី​នាំមុខ​ក្នុង​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ហើយ​ថា ក្រុមហ៊ុន​លោក​នឹង​លុបចោល​គម្រោង​វិនិយោគ​នៅ​អង់គ្លេស​មាន​ទំហំ​ប្រហែល ១​ពាន់​លាន​ដុល្លារ​អាមេរិក បើសិន​សភា​អង់គ្លេស​ហាម​លោក​មិន​ឲ្យ​ចូល​ទឹកដី​របស់ខ្លួន​។   
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ដូ​ណា​ល់ ត្រាំ​មាន​ទីលាន​វាយ​កូន​ហ្គោល​ចំនួន​ពីរ​នៅ​ស្កុ​តឡែ​ន ហើយ​លោក​គ្រោង​នឹង​ចំណាយលុយ​វិនិយោគ ៧០០​លាន​ផោន​ស្មើ​១​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ពង្រីក​ជំនួញ​របស់ខ្លួន​។ ប៉ុន្តែ​បើសិន​ចក្រភព​អង់គ្លេស​ហ៊ាន​ហាម​លោក​មែន​នោះ លោក​នឹង​លុបចោល​គម្រោង​នេះ​ភ្លាម​។     
 
​សភា​អង់គ្លេស​គ្រោង​នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ ១៨​មករា ខាងមុខ ដើម្បី​ជជែក​ដេញដោល​គ្នា​ជុំវិញ​ការចេញ​វិធាន​ការហាម​បេក្ខជន​ប្រ​ធានា​ធិ​ប​តិ​អាមេរិក​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់​ត្រាំ មិន​ឲ្យ​ចូលមក​អង់គ្លេស​បាន​។ 
 
​សភា​បើក​កិច្ចប្រជុំ​ក្រោយ​ពេលដែល​ប្រជាជន​អង់គ្លេស​ច្រើនជាង​៥​សែន​នាក់​បានដាក់​ញត្តិ​ស្នើសុំ​ទៅកាន់​សភា​ឲ្យ​ដាក់ចេញ​ចំណាត់ការ​ប្រឆាំង​លោក ដូ​ណា​ល់ ត្រាំ ដោយសារ​មូលហេតុ​ថា អ្នកនយោបាយ​អាមេរិក​នេះ​ប្រើប្រាស់​ពាក្យសម្តី​រើសអើង និង​ញុះញង់​។ ជាធម្មតា​កាលណា​បើ​មាន​ប្រជាជន​១​សែន​នាក់​ដាក់​ញត្តិ​ហើយ​នោះ សភា​អាច​បើក​កិច្ចប្រជុំ​ដើម្បី​ជជែក​ពិភាក្សាគ្នា​តាម​ការស្នើសុំ​របស់​ប្រជាជន​បាន​។ 
 
​លោក ដូ​ណា​ល់ ត្រាំ បន្ត​ថ្លែង​សារ​បង្កប់​ដោយ​ភាព​រើសអើង​ពូជសាសន៍ និង​សាសនា មិនចេះចប់​មិនចេះហើយ​។ ដូចដែល​ឃើញស្រាប់​លោក បានស្នើ​ឲ្យ​មានការ​ហាមឃាត់​ប្រជាជន​ម៉ូ​ស្លី​ម​ចូលមក​ទឹកដី​អាមេរិក ក្រោយ​មានការ​វាយប្រហារ​នៅ San Bernardino ។ ក្រៅពីនេះ លោក​ក៏បាន​ធ្វើ​ត្រាប់​ក្នុងន័យ​ប្រមាថ​អ្នកសារព័ត៌មាន និង​មាក់ងាយ​ជនអន្តោប្រវេសន៍​ម៉ិចស៊ីកូ​ដែល​ចូលមក​រស់នៅ​អាមេរិក​ជាដើម​។  
 
​កន្លងមក​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មេ​រ៉ូ​ន បាន​ថ្កោលទោស​ពាក្យសម្តី​របស់លោក ដូ​ណា​ល់ ត្រាំ ដែរ ប៉ុន្តែ​លោក​មិន​គាំទ្រ​ឲ្យ​មានការ​ហាមប្រាម​អ្នកនយោបាយ​អាមេរិក​បែបនេះ​ទេ​។ អាច​ថា វា​ប៉ះពាល់​ដល់​ទំនាក់ទំនង​អាមេរិក និង​អង់គ្លេស បើសិន​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​នោះ​។​
 
​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​អ្នកនយោបាយ​មួយរូប​ដែលមាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុងចំណោម​សមាជិក​បក្ស​សាធារណរដ្ឋ ហើយ​លោក​ក៏​ជា​បេក្ខជន​នាំមុខគេ​ដែរ​ក្នុងការ​ប្រជែង​ក្នុង​បក្ស​ដើម្បី​ឆ្ពោះទៅរក​ការបោះឆ្នោត​ប្រធានាធិបតី​ខាងមុខ​៕
 

Tag:
 ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com