អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Brad Adams ស្នើ​អូ​បា​ម៉ា​ដាក់​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​
06, Feb 2016 , 11:57 am        
រូបភាព
 ប្រធាន​ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​លោក Brad Adams បាន​ផ្ញើរ​លិខិត​មួយច្បាប់​ទៅកាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​ស្នើសុំ​ឲ្យ​លោក​លើក​បញ្ហា​សិទ្ធិមនុស្ស​មក​ជជែក​ជាមួយ​មេដឹកនាំ​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​កាលី​ហ្វ​រ​នីញ៉ា​ខាងមុខ​។ មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​សង្កត់ធ្ងន់ថា ទោះ​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ជា​ប្រយោជន៍​សំខាន់​កម្រិត​ណាក៏ដោយ អាមេរិក​មិនត្រូវ​ភ្លេច​បញ្ហា​ប្រជាធិបតេយ្យ​និង​តម្លៃ​សិទ្ធិមនុស្ស​ដែរ​។​


លោក Brad Adams បាន​ផ្ញើរ​លិខិត​មួយច្បាប់​ទៅកាន់​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា  ដោយ​បង្ហាញ​ក្តីកង្វល់​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​អាស៊ាន ហើយ​ស្នើ​ឲ្យ​លោក​លើក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​មេដឹកនាំ​អាស៊ាន​នា​កិច្ចប្រជុំ​អាមេរិក​-​អាស៊ាន​រៀបចំឡើង​តំបន់ Sunnylands នា​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា​ពីថ្ងៃ ១៥​ដល់​ថ្ងៃ ១៦​កុម្ភៈ​ខាងមុខ​ផង​។​

ក្នុង​លិខិត​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ ១៩​មករា​ឆ្នាំ ២០១៦ មន្ត្រី​សិទ្ធិមនុស្ស​ខាងលើ​បាន លើកឡើង ថា​លោក​ទទួលស្គាល់ថា​ប្រយោជន៍​អាមេរិក​គឺ​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាស៊ាន ប៉ុន្តែ​ស្របពេល​ជាមួយគ្នា លោក​ក៏​សួរ​ទៅ​លោក​អូ​បា​ម៉ា ថា​តើ​ការរៀបចំ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​នេះ​ពិតជា​បំពេញ​ប្រយោជន៍​អាមេរិក​ពិ​តឬ​អត់​។​

លោក Brad Adams បាន​ពន្យល់ថា មេដឹកនាំ​អាស៊ាន​ជាច្រើន​ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​រឹតត្បិត សេរីភាព​និង​សិទ្ធ​ជា​មូលដ្ឋាន ប្រើប្រាស់​ការគំរាមកំហែង និង​ហិង្សា​ដើម្បី​រក្សា​អំណាច​ពួកគេ ។ ហើយ​មេដឹកនាំ​ទាំងនោះ​តែង​ប្រើប្រាស់​វិធានការ​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម តែ​បន្ត​ការពារ​អំពើពុករលួយ និង​បញ្ហា​បក្សពួកនិយម​ទៅវិញ​។​

លោក​សង្កត់ធ្ងន់ថា កិច្ចប្រជុំ​កំពូល​នេះ​ផ្ទុយទៅនឹង​គោលនយោបាយ អាមេរិក​មុនៗ​ដែល​មិន​ចេញ លិខិតអញ្ជើញ​ផ្លូវការ​ដល់​មេដឹកនាំ​មួយចំនួន ដូចជា​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា ដែល​បាន​ដណ្តើម​អំ​ណា ច​ដោយ​រដ្ឋប្រហារ​យោធា​ខែឧសភា​ឆ្នាំ ២០១៤ និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​ចោទថា បានធ្វើ​រដ្ឋប្រហារ​ឆ្នាំ ១៩៩៧ និង​បន្ត​កាន់អំណាច​ជាង​៣០​ឆ្នាំ​។​

​ក្រៅពី​រិះគន់​កិច្ចប្រជុំ មន្ត្រី​ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​រូបនេះ​ក៏​បង្ហាញ​ការសោកស្តាយ​ខ្លាំង​ដែល​កិច្ចប្រជុំ​នេះ​នៅ​បន្ត​ទៅមុខ តែ​លោក​បាន​ទទូច​សុំ​ឲ្យ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ឲ្យ​ដាក់​បញ្ហា​សិទ្ធិមនុស្ស​ទៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​នេះ ដើម្បី​ធានាថា មេដឹកនាំ​ទាំងនោះ​នឹង​ប្រឹងប្រែង​កែប្រែ​និង​លើកកម្ពស់​ស្ថានភាព​សិទ្ធិមនុស្ស​ឡើងវិញ​។

លោក​បញ្ជាក់ថា បើ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា រៀបចំ​កិច្ចប្រជុំ​ដោយ​អញ្ជើញ​មេដឹកនាំ​ទាំង​នោះមក​ចូលរួម ហើយ​ទុក​រឿង​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដោយឡែក ដោយ​ជជែក​តែ​ពី​បញ្ហា​ប្រយោជន៍​សេដ្ឋកិច្ច​មិន​ចង់​ឲ្យ​មេដឹកនាំ​ទាំងនោះ​ឃ្នើសចិត្ត វា​មិន​ខុសពី​អាមេរិក​គាំទ្រ​របប​ផ្តាច់ការ ការរំលោភ​សិទ្ធិមនុស្ស​ឡើយ​។ ហើយ​វា​បញ្ជាក់ប្រាប់​មេដឹកនាំ​អាស៊ាន​ទាំងនោះ​ថា សិទ្ធិមនុស្ស​មិន​សំខាន់​ដូច​ប្រយោជន៍​នយោបាយ សេដ្ឋកិច្ច និង​បញ្ហា​សន្តិសុខ​ឡើយ​។​

ចុងក្រោយ លោក​ក៏​ផ្តល់យោបល់​សម្រាប់​ប្រធានាធិបតី​ផងដែរ​ថា ក្នុងករណី​ដែល​បញ្ហា​សិទ្ធិមនុស្ស​ដាក់បញ្ចូល​ក្នុង​រៀប​វារៈ​នៃ​កិច្ចប្រជុំ​នោះ ការបញ្ចប់​ការ​រឹតត្បិត​លើ​អង្គការ​សង្គម​ស៊ីវិល ការពារ​សេរីភាព​សារព័ត៌មាន និង​ការបញ្ចេញមតិ  កែទម្រង់​ការបោះឆ្នោត​ដើម្បី​ធានា​ពី​សេរីភាព​និង​យុត្តិធម៌ ការដោះលែង​អ្នកទោសនយោបាយ​ជាដើម គួរតែ​ជា​អ្វីដែល​អាមេរិក​ត្រូវ​លើកឡើង​៕

Tag:
 ​អាស៊ាន​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  Brad Adams
  Sunnylands
© រក្សាសិទ្ធិដោយ thmeythmey.com