អន្តរជាតិ
ឆ្នាំ​ចិន​៖ អូ​បា​ម៉ា​-​ស៊ី ឆ្លើយឆ្លង​តាម​ទូរ​សព្ទ ហើយ​សន្យា​ដោះស្រាយ​បញ្ហា​ពិភពលោក​រួមគ្នា​
06, Feb 2016 , 12:57 pm        
រូបភាព
ដោយ:
ខណៈ​ពិធីបុណ្យ​ប្រពៃណី​ចូលឆ្នាំ​ចិន​កំពុងតែ​ខិតជិត​មកដល់ មេដឹកនាំ​កំពូល​ពិភពលោក លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​សម​ភាគី​របស់លោក លោក​ស៊ី ជិន​ពីង បាន​ឆ្លើយឆ្លង​គ្នា​តាមរយៈ ទូរ​សព្ទ​ដើម្បី​ជូនពរ​គ្នា​ទៅវិញទៅមក​។ ក្នុង​កិច្ចសន្ទនា​នោះដែរ ប្រមុខ​ដឹកនាំ​កំពូល​ទាំងពីរ ក៏បាន​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​នឹង​គ្នា និង​បន្ត​ដោះស្រាយ​បញ្ហា​ពិភពលោក​រួមគ្នា​ផងដែរ​។


ថ្ងៃ​សុក្រ​ទី​០៥ ខែកុម្ភៈ ម្សិលមិញ លោក​ប្រធានាធិបតី​ស៊ី ជិន​ពីង (Xi Jinping) និង ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) បាន​ជូនពរ​គ្នា​ទៅវិញទៅមក​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ប្រពៃណី​ចូលឆ្នាំ​ចិន​។ ការសន្ទនា​នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ទូរ​សព្ទ​។ នេះ​បើ​យោងតាម​ភ្នា​ក់​ព័ត៌មាន Xinhau​។

ក្នុង​កិច្ចសន្ទនា​នោះ លោក​ស៊ី ជិន​ពីង បាន​អះអាងថា ចិន ពិត​ជាមាន​ឆន្ទៈ​ក្នុងការ​ចូលរួម​ជាមួយ​នឹង​ភាគី​អាមេរិក​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ពិត​ប្រាកដ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ និង​រឹតចំណង​ការទំនាក់ទំនង និង​ការសម្របសម្រួល​ផ្សេងៗ​លើ​បញ្ហា​អន្តរជាតិ ក្នុង​តំបន់ និង​បញ្ហា​ជា​សកល​ដើម្បី ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​ចំណង​ទ្វេភាគី​ដែល​ប្រកបដោយ​និរន្តរភាព និង រឹង​ម៉ាំ​។ នេះ​បើ​យោងតាម​ព័ត៌មាន​ដដែល​ដែល​បាន​ឲ្យ​ដឹងថា​ភាគី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​សម្តែង​នូវ​ភាពជា​រីករាយ​ចំពោះ​កិច្ចសន្ទនា​ជាមួយនឹង​លោក​ស៊ី ជិន​ពីង ក្នុងឱកាស​នៃ​ការ​ខិតជិត​មកដល់​នៃ​បុណ្យចូលឆ្នាំ​ចិន​ផងដែរ​។​

លោក អូ​បា​ម៉ា ក៏បាន​សង្ឃឹមថា​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​នឹង​បន្ត​វិ​វត្ត និង​ចូលរួម​ធ្វើការ​ជាមួយគ្នា​ក្នុង កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​និង បន្ត​រួមគ្នា​លើកកម្ពស់​សន្តិភាព សន្តិសុខ និង​ភាពរុងរឿង​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​សហគមន៍​អន្តរជាតិ​ផងដែរ​។​

ក្នុងឱកាស​នៃ​ការ​ជូនពរ​នោះដែរ លោក អូ​បា​ម៉ា និង​ស៊ី ក៏បាន​ឆ្លៀត​និយាយ​ពី​បញ្ហា​នៅ​ឧបទ្វីប​កូ​រ៉ ពោលគឺ​បញ្ហា​នៃ​ការអុកឡុក​របស់​កូរ៉េខាងជើង​ក្នុងការ​ត្រៀម​បាញ់​មី​ស៊ី​ល​ជាថ្មី បន្ទាប់​បាន​បាញ់​សាក ល្បង​ដោយ​ជោគជ័យ​នាពេល​បន្តបន្ទាប់​គ្នា​។

ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ សម្ព័ន្ធមិត្ត​អាមេរិក ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​ផាក ហ្គឺ​ន​ហេ​( Park Geun-hye) ក៏បាន​ជូនពរ​គ្នា​ជាមួយនឹង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​។ ភាគី​ទាំងពីរ សន្យា​លើក កម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​កម្រិត​ខ្ពស់​។

សូមបញ្ជាក់​ផងដែរ​ថា​ក្រៅពី​បញ្ហា​ដែល​បង្កឡើង​ដោយ​កូរ៉េខាងជើង រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ចិន និង​អាមេរិក មិនសូវ​មើលមុខ​គ្នា​ចំ​ប៉ុន្មាន​នោះទេ​។ ហើយ​នោះ ក៏​ព្រោះតែ​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដោយ​អាមេរិក​បាន​ប្រតិបត្តិការ​នាវាចម្បាំងរ​បស់​ខ្លួន​មក​ក្បែរ​តំបន់​កោះ​សិប្បនិម្មិត​របស់​ចិន​ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិ​ទិ្ធ​សេរី​ដែនសមុទ្រ​អន្តរជាតិ ខណៈ​ចិន ចោទថា​អាមេរិក បាន​បំពាន​ដែន​អធិបតេយ្យ​ខ្លួន និង​ទាមទារ​ឲ្យ​មាន​ការសុំ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ចិន​ជាមុនសិន​៕


Tag:
 ចូលឆ្នាំ​ចិន​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  ស៊ី ជិន​ពីង
© រក្សាសិទ្ធិដោយ thmeythmey.com