អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាអំណាច​ចិន​ពិតជា​ដាក់​អាណានិគម​បែប​ថ្មី​លើ​ទ្វីបអាហ្វ្រិក​?
06, Feb 2016 , 4:05 pm        
រូបភាព
ចិន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​សម្រាប់​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​។ កន្លងមក ក្រុមហ៊ុន​ចិន​ជាច្រើន​បន្តកន្ទុយ​គ្នា​ទៅកាន់​តំបន់​អាហ្វ្រិក​ដើម្បី​វិនិយោគ ហើយ​ក្រុមហ៊ុន​រាប់ពាន់​បាន​ប្រតិបត្តិការ​នៅ​ទីនោះ​រួចទៅហើយ​។ ក្រៅពី​វិនិយោគរដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានផ្តល់​កម្ចី​ផង​និង​ជំនួយ​ច្រើនសន្ធឹក​ទៅ​ឲ្យ​រដ្ឋ​អាហ្វ្រិក ហើយ​ឥទ្ធិពល​វប្បធម៌​របស់​ចិន​ក៏​សាយភាយ​នៅ​អាហ្វ្រិក​ខ្លាំង​ទៀត​។ ថ្វីបើ​ធ្វើ​ល្អ​យ៉ាងនេះ​ក៏ដោយ រដ្ឋាភិបាល​ចិន​ក៏​ត្រូវគេ​ចាត់ទុកថា​ជា​ម្ចាស់​អាណានិគម​ថ្មី​លើ​ប្រទេស​អាហ្វ្រិក​ដែល​សម្បូរហូរហៀរ​ដោយ ធនធាន​ថាមពល​មាន​ប្រេង​និង​ឧស្ម័ន​ទាំងនោះ​មិនមែន​ជួយ​ដោយ​សុទ្ធតែ​ចិត្ត​ឡើយ​។​


​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​មហាអំណាច​អាស៊ី​ចិន​នៅលើ​ដែនដី​ក្រីក្រ​អាហ្វ្រិក​កំពុង​ក្លាយជា​ប្រធានបទ​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ចម្រូងចម្រាស​បំផុត​ដែរ​។ ពីរ​មួយថ្ងៃ​ទៅមួយថ្ងៃ​គេ​ឃើញ​ចិន​ដើរតួនាទី​កាន់តែ​ធំ​និង​សំខាន់​នៅ​តំបន់​អាហ្វ្រិក ស្រប​ពេលដែល​ចំណង​ពាណិជ្ជកម្ម នយោបាយ សេដ្ឋកិច្ច​ទ្វេភាគី​រវាង​រដ្ឋ​អាហ្វ្រិក​និង​ប្រទេស​ចិន​ក៏​ចេះតែ​កើនឡើង​ឥត​ឈប់​។  ក្រុមហ៊ុន​ឯកជន ក្រុមហ៊ុន​រដ្ឋ​ចិន ស្កេ​ក​ស្កះ នាំគ្នា​ចូលទៅ​វិនិយោគ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ជា​ឧទាហរណ៍​ប្រទេស​អាហ្វ្រិក​ខាងត្បូង នី​ហ្សេ​រី​យ៉ា អ៊ូ​ហ្ក​ង់​ដា ស៊ូដង់ ស៊ូដង់​ខាងត្បូង អង់​ហ្កូ​ឡា​ជាដើម​។ និយាយ​ឲ្យ​ខ្លី​រដ្ឋ​ណា​ដែល​សម្បូរ​ធនធានធម្មជាតិ ជាពិសេស​ប្រេង​តែម្តង​។​តែ​នៅ​ឆ្នាំ ២០១៥​កន្លងទៅ ដោយសារ​សេដ្ឋកិច្ច​ចិន​កើន​យឺត​ទើបបានជា​ការវិនិយោគ​របស់​ចិន​នៅ​អាហ្វ្រិក​ថមថយ​តាម​នោះដែរ​។​

​និយាយ​ដល់​បញ្ហា​ឥទ្ធិពល​វប្បធម៌​របស់​ចិន​នៅ​អា​ហ្រិ្វ​ក​ក៏​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែរ​។ វិទ្យាស្ថាន​ខុង​ជឺ​របស់​ចិន​ដំណើរការ​ពេញ​ទ្វីបអាហ្វ្រិក​ដើម្បី​បង្រៀន​ភាសា​ចិន​និង​ផ្សព្វផ្សាយ​វប្បធម៌​ចិន ហើយ​ប្រទេស​មួយចំនួន​បានដាក់​ភាសា​ចិន​ក្នុង​ប្រព័ន្ធ​អប់រំ​របស់ខ្លួន​រួចទៅហើយ​។ ម្យ៉ាង​ប្រជាជន​រាប់ពាន់នាក់​រស់នៅ​និង​ធ្វើការ​ងារ​នៅ​អាហ្វ្រិក ដោយ​ពួកគេ​ក៏មាន​តួនាទី​ផ្សព្វផ្សាយ​ទំនៀមទម្លាប់ និង​ប្រពៃណី​ចិន​ដែរ​។ 

​ក្រៅពី​វិនិយោគ​នៅ​តំបន់​អាហ្វ្រិក​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ការទូត ព្រមទាំង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅលើ​តំបន់​អាហ្វ្រិក​ដោយ​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍ និង​ប្រាក់កម្ចី​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ​។  យោងតាម​របាយការណ៍​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ គ្រាន់តែ​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាហ្វ្រិក​ចិន កើនឡើង​ពី​ត្រឹម​៤៩១​លាន​ដុល្លារ រហូតដល់​១៤.៧​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​តាមពិតទៅ​បណ្តា​ប្រទេស​អាហ្វ្រិក​រំពឹង​ឃើញថា ទំនាក់ទំនង​ចិន និង​អាហ្វ្រិក​នឹង​ជួយ​ឲ្យ​បណ្តា​ប្រទេស​អាហ្វ្រិក​ដែល​ក្រីក្រ មាន​សេដ្ឋកិច្ច​ទន់ខ្សោយ​អាច​ទទួលបាន​ការអភិវឌ្ឍ ជាពិសេស​ការរីកលូតលាស់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ និង​មាន​កំណើនសេដ្ឋកិច្ច​ឆាប់រហ័ស​។​

​ទស្សនកិច្ច​នៅ​ចិន​កាលពី​ចុងឆ្នាំ​២០១៥ កន្លង​ទៅទៀត លោក ស៊ី ជិន​ពីង បាន​នាំ​កញ្ចប់​លុយរាប់​ពាន់​លាន​ដុល្លារ ដែល​ក្នុងនោះ​មាន​កម្ចី​ផង​និង​ជំនួយ​ផង​សម្រាប់​ជួយ​ដល់​អាហ្វ្រិក​ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​និង​ចូលរួម​ក្នុង​គម្រោង​របស់​ចិន​« ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​»​។ អ្វីដែល​សំខាន់​លោក ស៊ី ជិន​ពីង​បាន ទទួល​សិទ្ធិ​បើ​មូលដ្ឋាន​យោធា​ជើង​ទឹក​របស់​ចិន​លើកដំបូង​បំផុត​នៅ​ជី​ប៊ូ​ទី ដែលជា​តំបន់​យុទ្ធសាស្ត្រ​មួយ​។ វា​មិន​ត្រឹមតែ​ជួយ​ឲ្យ​ចិន​រក្សា​សុវត្ថិភាព​ចរាចរណ៍​នាវា​ពាណិជ្ជកម្ម​របស់​ខ្លូន​ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​ជួយ​ឲ្យ​ចិន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​កាន់តែ​ស្រួល​ដែរ​។​
 
មេដឹកនាំ​អាហ្វ្រិក​មិនដែល​ចាត់ទុកថា​ចិន​កេងប្រវ័ញ្ច​

​ត្រលប់​មកវិញ​ទោះ​មាន​ពាក្យ​ទិតៀន​ចិន ថា​ចិន​កេងប្រវ័ញ្ច​អាហ្វ្រិក ចិន​ខ្សែលើ​ក៏ដោយ  សម្រាប់​ប្រទេស​អាហ្វ្រិក ចិន​ជា​មហាអំណាច​ជាន់​ថ្មី​តែ​គួរ​ឲ្យ​ទុកចិត្ត​និង​អាច​ពឹងពាក់​បាន​។   តាំងពីដើម​មក ប្រទេស​អាហ្វ្រិក​ទាំងនោះ មិន​ដែរ​គិតថា​ចិន​ចង់​កេងប្រវ័ញ្ច​ខ្លួន​ឡើយ ហើយក៏​មិនដែល​ទាំង​គិតដល់​ថា​ចិន​នឹង​ក្លាយជា​ម្ចាស់​អាណានិគម​ថ្មី​ជំនួស​អឺរ៉ុប​ដែរ​។ ពួកគេ​មាន​សុទិដ្ឋិនិយម​ថា ចំណង​ពាណិជ្ជកម្ម​និង​សហប្រតិបត្តិការ​ចិន​អាហ្វ្រិក​ឈរលើ​គោលជំហរ​គោរព​ប្រយោជន៍​គ្នា​ទៅវិញទៅមក​។​

​មូល​ហេតុដែល​ប្រទេស​អាហ្វ្រិក​ចូលចិត្ត​មហា​យក្ស​ចិន​ព្រោះ​ចិន​មាន​វិធីសាស្ត្រ​និង​យុទ្ធសាស្ត្រ​ត្រជាក់​ហើយ​ផ្អែម​។ ចិន​ថ្វីបើ​កោងកាច​បន្តិច​មែន ចិន​គិតតែ​រឿង​រកស៊ី​ចំណេញ​ឬ​ខាត​ប៉ុណ្ណោះ ហើយ​ចិន​មាន​គោលការណ៍​មួយ​គឺ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គេ​ឡើយ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ដែរ​បញ្ជា​ឲ្យ​គេ​ធ្វើ​នេះ​ធ្វើ​នោះ មិន​បរិហារ រឿង​សិទ្ធិមនុស្ស មិន​ដាស់តឿន​អាហ្វ្រិក​ឲ្យ​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ និង​មិន​ដែរ​លូកលាន់​រឿងរ៉ាវ​ណាមួយ​ដែលជា​បញ្ហា​ផ្ទៃក្នុង​របស់​រដ្ឋ​អាហ្វ្រិក​ទេ វា​លែង​តែមាន​ការពឹង​ពាក់​ជាមុន​។    ស្រប​ពេលដែល​ប្រទេស​អាហ្វ្រិក​សម្បូរ​បញ្ហា​ស្រាប់​ផង​នោះ វា​មិនអាច​ចៀសផុត​ដែល​ពួកគេ​ត្រូវ​រត់​មក​តោង​ចិន​នោះ​។

 ជារួម មេដឹកនាំ​ចិន​បានប្រកាសថា ទំនាក់ទំនង​ចិន​អាហ្វ្រិក​ពិតជា​ប្រសើរ ដោយ​គ្មាន​ភាគី​ណាមួយ​ឡើយ​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​ស្អិតល្មួត​បច្ចុប្បន្ននេះ​។ វា​ជា​នយោបាយ​ឈ្នះ​ឈះ​ទាំងសងខាង​។

ទ្វីបអាហ្វ្រិក​និង​មហា​យក្ស​ចិន​ត្រូវ​ការគ្នា​ទៅវិញទៅមក​
​តាំងពី​យូរ​មកហើយ មាន​ការជជែក​គ្នាច្រើន​ដែរ​ពី​តួនាទី​របស់​ចិន​នៅ​តំបន់​អាហ្វ្រិក​។ នេះ​ក៏ដោយ​សារ​ចិន​ដើរតួនាទី​កាន់តែ​ធំ​និង​សំខាន់​នៅ​តំបន់​អាហ្វ្រិក  ហើយ​ចិន​បន្ត​ដើរតួនាទី​ជា​អ្នក​សង្គ្រោះ​អាហ្វ្រិក​ឲ្យ​ផុតពី​ភាពក្រីក្រ  បង្កើត​ការងារ​សម្រាប់​ប្រជាជន​អាហ្វ្រិក​តាម​ការវិនិយោគ ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដែលជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​ជ្រោមជ្រែង​ឲ្យ​រដ្ឋ​អាហ្វ្រិក​ឲ្យ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ទូទៅ និង​ជម្លោះ​ប្រដាប់អាវុធ​ផងដែរ​។​
  បើតាម​របាយការណ៍រ​ដ្ឋា​ភិ​បាល​ចិន ពី​ឆ្នាំ ២០០៤ ចិន​បាន​បន្ត​ផ្តល់​កម្ចី​សម្រាប់​អនុវត្ត​គម្រោង​យ៉ាងតិច ៤០ ហើយ​ក្នុងនោះ​មាន​កញ្ចប់​លុយ​កម្ចី ជាង​២​ពាន់​លាន​ដុល្លារ​ត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​សាងសង់​ផ្លូវជាតិ ផ្លូវ​រថភ្លើង រោងចក្រ​ថាមពល និង​ប្រព័ន្ធ​ទូរគមនាគមន៍​ជាដើម​ផង​។​

​ក្រុង​ប៉េកាំង​បានប្រកាស​បញ្ជូន​ទ័ព​របស់ខ្លួន​ជាច្រើន​នាក់​ផងដែរ​ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​ស៊ូដង់​ខាងត្បូង ក្រោម​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។ ស្របពេល​ជាមួយគ្នា​នោះ​ចិន​ក៏​ព្យាយាម​ពង្រីក​តួនាទី​របស់ខ្លួន​ក្នុងនាម​ជា​ប្រទេស​មហាអំណាច​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សន្តិសុខ ជម្លោះ​ប្រដាប់អាវុធ និង​សង្គ្រាមស៊ីវិល​នៅ​អាហ្វ្រិក​។

​តាមពិតទៅ អាច​និយាយ​ជារួម​ចិន​ត្រូវការ​ទ្វីបអាហ្វ្រិក ដូច​ទ្វីបអាហ្វ្រិក​ត្រូវការ​មហាអំណាច​ចិន​។​ដូច​ពេលបច្ចុប្បន្ន សេដ្ឋកិច្ច​ចិន​កំពុង​ប្រឈម​ការធ្លាក់ចុះ ព្រោះ​សេដ្ឋកិច្ច​ចិន​លែង​អាច​ពឹងពាក់​លើ​ការវិនិយោគ​ក្នុងស្រុក​ដូច​មុន​ហើយ​។ ដើម្បី​ធានាថា​សេដ្ឋកិច្ច​ចិន​នៅតែ​លូតលាស់​និង​មិន​ជួប​វិបត្តិ ចិន​ត្រូវការ​នាំចូល​វត្ថុធាតុដើម​ពី​បណ្តា​រដ្ឋ​អាហ្វ្រិក​ទាំងនោះ​រួមមាន​ទាំង​ប្រេង ឧស្ម័ន រ៉ែ​មានតម្លៃ​មាន ត្បូង មាស ប្រាក់ និង​សារធាតុ​ផ្សេងទៀត​ជាច្រើន​ផងដែរ​៕


Tag:
 ចិន​
 ​អាហ្វ្រិក​
 ​អាណានិគម​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com