អន្តរជាតិ
តើ​មាន​តំណម​ថ្ងៃ​ចូលឆ្នាំ​ចិន​ថ្ងៃ​ដំបូង​?
06, Feb 2016 , 8:59 pm        
រូបភាព
​ប្រជាជន​ចិន​ទូទាំង​ពិភពលោក​ចាប់ផ្តើម​រៀបចំ​ទទួល​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ចិន​។ នៅ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ចូលឆ្នាំ បងប្អូន​ប្រជាជន​ចិន​គួរ​ចៀសវាង​ចំនុច​មួយចំនួន ឬ​អាច​និយាយថា មាន​តំណម​មួយចំនួន​សម្រាប់​ប្រជាជន​ចិន​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ថ្ងៃ​ដំបូង​ដូចខាងក្រោម​៖

១. ​ថ្នាំ​៖ លេបថ្នាំ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ចូលឆ្នាំ​ចិន មានន័យថា មាន​អ្នកណាម្នាក់​នឹងត្រូវ​ឈឺ​ថ្កាត់​ពេញ​មួយឆ្នាំ​។​
២.​ អាហារ​ពេលព្រឹក​៖ មិនគួរ​ទទួលទាន​ប​បរ​ឡើយ ព្រោះ​វា​ជា​របស់​សម្រាប់​មនុស្ស​ក្រខ្សត់ ដែល​តែង​ហូប​បបរ​សម្រាប់​អាហារ​ពេលព្រឹក​។​
៣.​ បោក​ខោអាវ​៖ បងប្អូន​ប្រជាជន​ចិន​មិនគួរ​បោកគក់​សម្លៀកបំពាក់​នៅ​ថ្ងៃ​ដំបូង​និង​ថ្ងៃ ទី​២​នៃ​ថ្ងៃ​ចូលឆ្នាំ​ឡើយ ព្រោះថា ថ្ងៃ​ទាំងពីរ​នេះ​ត្រូវជា​ថ្ងៃ​ដែល​កំណើត​របស់​ទេវតា​ទឹក (Shuishen)
៤.​ កក់សក់​៖​ មិនត្រូវ​កក់សក់​នៅ​ថ្ងៃ​ដំបូង​ឡើយ​។ កក់សក់​ដូច​លាងជម្រះ​សំណាង​និង​ជោគជ័យ​សម្រាប់​ឆ្នាំ​ថ្មី​ដូច្នេះ​ដែរ​។​
៥.​ វត្ថុ​មុត​ស្រួច​៖ គួរ​ចៀសវាង​ការប្រើប្រាស់​កាំបិត​ឬ​កន្ត្រៃ​យ៍ ព្រោះ​បើ​មាន​គ្រោះថ្នាក់​កើតឡើង​វា​ត្រូវគេ​ចាត់ទុកថា​ជា​គ្រោះ​ចង្រៃ​និង​ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យធន​។​
៦.​ ចេញ​ដើរលេង​ក្រៅ​៖ ស្ត្រីភេទ​មិនគួរ​ចេញពីផ្ទះ​ឡើយ បើ​មិន​ដូច្នេះ​ទេ​គេ​អាច​នឹង​ប្រឈម​សំណាងអាក្រក់​នៅ​ឆ្នាំ​បន្ទាប់​។ កូនស្រី​ដែល​ការ​ហើយក៏​មិនអាច​ទៅលេង​ផ្ទះ​ម្តា​ឪពុក​នាង​បានដែរ ព្រោះ​គេ​មានជំនឿថា នាង​អាច​នាំយក​សំណាងអាក្រក់​ឲ្យ​ឪពុកម្តាយ និង​ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បតិ្ត​និង​ពិបាក​រកស៊ី​។​
៧.​ បោស​ផ្ទះ​៖ បើសិន​អ្នក​បោស​ផ្ទះ​នៅ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ចូលឆ្នាំ វា​ដូចជា​អ្នក​បោស​ទ្រព្យសម្បតិ្ត និង​លាប​សំណាង​ចេញពីផ្ទះ​ដូចគ្នា​។​
៨.​ ក្មេង​យំ​៖ គេ​មានជំនឿថា ក្មេង​យំ អាច​នាំយក​សំណាងអាក្រក់​សម្រាប់​គ្រួសារ​។ ដូច្នេះ​ឪពុកម្តាយ​ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​ក្មេង​មិន​សប្បាយចិត្ត​និង​យំ​នៅ​ថ្ងៃ​ចូលឆ្នាំ​។​
៩. ​ចោរ​៖ បើ​មាន​ចោរលួច​ឆក់​កាបូប​លុយ គេ​មានជំនឿថា ទ្រព្យសម្បត្តិ​ទាំងអស់​របស់​អ្នក​ក៏​នឹង​បាត់បង់​ទៅតាម​នោះដែរ​នៅ​ឆ្នាំ​បន្ទាប់​។​

​ដកស្រង់​ចេញពី​៖ The Telegraph
១០. ​បំណុល​៖ មិនគួរ​ឲ្យ​គេ​ខ្ចីលុយ​នៅ​ថ្ងៃ​ចូលឆ្នាំ​ឡើយ ហើយ​រាល់​បំណុល​ដែល​ជំពាក់​គេ​ក៏ត្រូវ​បង់​ឲ្យ​ហើយ​មុន​ថ្ងៃ​ចូលឆ្នាំ​ដែរ​។ ប្រសិនបើ​នរណាម្នាក់​ឲ្យ​ជំពាក់​លុយ​អ្នក ចូរ​កុំ​ទៅតាម​ទារ​គេ​ដល់ផ្ទះ ព្រោះ​វា​នាំ​ចង្រៃ​ដល់​អ្នក​រាល់​ឆ្នាំ​។
១១.​ ខោអាវ​រហែក​៖ ស្លៀកពាក់​ខោអាវ​ដែល​រហែក​រិច​រិល​នា​ថ្ងៃ​ចូលឆ្នាំ ធ្វើ​ឲ្យ​អ្នក​ជួបតែ​សំណាងអាក្រក់​។​
១២.​ សម្លាប់សត្វ​៖ ​ឈាម​ត្រូវគេ​ចាត់ជា​ប្រផ្នូល​មិនល្អ ដែល​នាំ​ឧបទ្រពចង្រៃ​ដល់​អ្នក​។​
១៣.​ ផ្តល់​អំណោយ​មួយចំនួន​៖ អំណោយ​មួយចំនួន​ដូចជា​នាឡិកា និង​កន្ត្រៃ​យ៍​សុទ្ធតែជា​វត្ថុ​តំណាង​ឲ្យ​សំណាង​មិនល្អ បើតាម​វប្បធម៌​ចិន​។
១៤.​ ការទទួល​ចូលឆ្នាំថ្មី​៖ បើតាម​ទំនៀមទម្លាប់​ចិន ប្រជាជន​ទាំងអស់​ត្រូវ​នៅ​ដល់​យប់​ដើម្បី​ស្វាគមន៍​ចួ​ល​ឆ្នាំ​ថ្មី  ហើយ​បាញ់​កាំជ្រួច ដុត​ផាវ​ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ​និង​សំណាង​មិនល្អ​ឲ្យ​ទៅ​ឲ្យ​ឆ្ងាយ​ផង​៕


Tag:
 ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com