អន្តរជាតិ
រដ្ឋ​អាហ្វ្រិក​ជាច្រើន​ក៏​រៀបចំ​បុណ្យចូលឆ្នាំ​ចិន​ដែរ​
07, Feb 2016 , 12:32 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ខណៈដែល​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​កាន់តែ​ខិតជិត​មកដល់​ហើយ​នោះ សហគមន៍​ចិន​នៅ​អាហ្វ្រិក​ចាប់ផ្តើម​ក៏​នាំគ្នា​រៀបចំ​ស្វាគមន៍​បុណ្យចូលឆ្នាំ​នេះ​ដូចគ្នា​។ នៅតាម​ទីក្រុង​ចិន​និង​ទីប្រជុំជន​នានា​គេ​ឃើញ​មានការ​តុបតែង​លម្អរ​តាមបែប​ចិន​មាន​ភ្លើងគោម​ក្រ​ហម លោត​ម៉ុង​សាយ និង​ការ​សែនព្រេន​ជាដើម​ផង​។ នេះ​បញ្ជាក់ថា ប្រពៃណី​ចិន​កំពុងមាន​ឥទ្ធិពល​ខ្លាំង​នៅលើ​ទឹកដី​ក្រីក្រ​អាហ្វ្រិក​ដែរ​។​


​ចាប់តាំងពី​យូរ​មកហើយ​អ្នកជំនួញ​ចិន​បន្ត​ដាក់ទុន​វិនិយោគ​នៅ​តំបន់​អាហ្វ្រិក​កាន់តែច្រើន ហើយ​ប្រជា ជន​ចិន​ច្រើនណាស់​ដែរ​ដែល​រស់នៅ​នៅ​ទ្វីបអាហ្វ្រិក​នេះ​។ ប្រជាជន​ចិន​ភាគច្រើន​ទៅធ្វើ​ការ និង​ធ្វើ​ជំនួញ​ជាដើម ហើយ​ខ្លះ​នាំ​គ្រួសារ​ទៅជា​មួយ ខ្លះទៀត​មានគ្រួសារ​ដោយ​ការ​ប្តី ប្រពន្ធ​ជាមួយ​ប្រជាជន​អាហ្វ្រិក​ផងដែរ​។ ប្រជាជន​ទាំងនោះ​ភាគច្រើន​រស់នៅ​ជា​សហគមន៍ និង​នៅ​ទីប្រជុំជន ហើយ​ឲ្យ​តែ​ជិត​ដល់ពេល​ចូលឆ្នាំ​ចិន​សហគមន៍​ចិន​ទាំងនោះ​ចាប់ផ្តើម​រៀបចំ​ទ​ទូល​បុណ្យចូលឆ្នាំ​ផងដែរ​។

ស្រប​ពេលដែល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​កាន់តែ​ជិត​មកដល់​ហើយ​នោះ ប្រជាជន​ចិន​រស់នៅ​ប្រទេសមួយ​ចំនួន​នៅ​ទ្វីប​អា​ហ្វ្រិ​ដូចជា​អ៊ូ​ហ្ក​ង់​ដា រ​វ៉ាន់ដា កេ​ន​យ៉ា អាហ្វ្រិក​ខាងត្បូង​ជាដើម​នោះ​នាំគ្នា​រៀបចំ​ស្វាគមន៍​បុណ្យចូលឆ្នាំ​ចិន​ទ្រង់ទ្រាយ​ធំ​ដែរ​។ ប៉ុន្តែ​ប្រទេស​អាហ្វ្រិក​មួយចំនួន​ទើបតែ​ចាប់ផ្តើម​ទទួលយក​វប្បធម៌ ទំនៀមទម្លាប់​ចិន​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ប៉ុណ្ណោះ​។​

អាហ្វ្រិក​ខាងត្បូង​

ប្រទេស​អាហ្វ្រិក​ខាងត្បូង​រៀបចំ​បុណ្យចូលឆ្នាំ​ចិន​អស់​រយៈពេល​យូរ​ឆ្នាំ​មកហើយ​។ ទីក្រុង Joburg ជា​សហគមន៍​ចិន​ធំជាងគេ​នៅ​ទីក្រុង Johannesburg ហើយ​សហគមន៍​នេះ​ចាប់ផ្តើម​រៀបចំ​ចូលឆ្នាំ​តាំងពី​ថ្ងៃ ៣០ ខែមករា​ម្ល៉េះ ហើយ​កម្មវិធី​នេះ​នឹង​បន្ត​រហូតដល់​សប្តាហ៍​ក្រោយ​ផង​។​គេ​ឃើញ​មានការ​រៀបចំ​តែង​លម្អ​តាម​ផ្ទះ តាមផ្លូវ ហើយ​មាន​ការអុជ​កាំជ្រួច លោត​ម៉ុង​សាយ និង​កា​រស​ម្តែ​របាំ​ប្រពៃណី​ចិន​ផងដែរ ដើម្បី​ទាក់ទាញ​អ្នក​ទេសចរណ៍​និង​ប្រជាជន​មូលដ្ឋាន​ផង​។ ចំណែក​នៅតាម​ផ្លូវ​ជាច្រើន​ក្នុង​ក្រុង លក់​ម្ហូបអាហារ ចំណីចំណុក​បែប​ប្រពៃណី​ចិន​ថែមទៀត​។​

​រ​វ៉ាន់ដា
​នៅរ​វ៉ាន់ដា ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​រៀបចំឡើង​តិចតួច​ប៉ុណ្ណោះ ហើយ​ការរៀបចំ​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​លើកកម្ពស់​ចំណងមិត្តភាព​រវាង​មហា​យក្ស​ចិន​និង​ប្រទេស​នេះ​ប៉ុណ្ណោះ​។ ភាគច្រើន​នៃ​កម្មវិធី​ដែល​រៀបចំឡើង​ត្រូវ​រៀបចំឡើង​ដោយ​ស្ថានទូត​ចិន​នៅ​ប្រទេសរ​វ៉ាន់ដា ហើយ​មាន​ខ្លះទៀត​រៀបចំ​ដោយ​សហគមន៍​ប្រជាជន​ចិន​។ គេ​ឃើញ​មានការ​រៀបចំ​ការសម្តែង​របាំ​ប្រពៃណី​ចិន ច្រៀង​ចម្រៀង ការតុបតែង​លម្អ និង​លោត​ម៉ុង​សាយ​ជាដើម​ផងដែរ​។ ប្រទេស​នេះ​ទើប​តៃ​ចាប់ផ្តើម​រៀបចំ​ស្វាគមន៍​ចូលឆ្នាំ​ចិន​កាលពី​ឆ្នាំ ២០១៣ ប៉ុណ្ណោះ​។​

​ចំណែក ស្ថានទូត​ចិន​ប្រចាំ​ប្រទេស Benin និង​ប្រទេស​សេ​ណេ​ហ្កា​ល់​ក៏បាន​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ផងដែរ ដោយ​ប្រទេស​ទាំងនេះ​រំពឹងថា ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​រៀបចំ​កម្មវិធីរ​ប្ប​ធម៌​ប្រពៃណី​ចិន​នឹង​ជំរុញ​និង​លើកកម្ពស់​ចំណងមិត្តភាព​ជាមួយ​ចិន​បាន​រឹងមាំ​។​

អ៊ូ​ហ្ក​ង់​ដា​
​នៅ​អ៊ូ​ហ្ក​ង់​ដា​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​អាហ្វ្រិក ក៏មាន​ការរៀបចំ​ចូលឆ្នាំ​ចិន​ដែរ ពោលគឺ​កម្មវិធី​នេះ​រៀបចំឡើង​តាំងពីដើម​ខែកុម្ភៈ​មក​។​ការរៀបចំ​ស្វាគមន៍​បុណ្យចូលឆ្នាំ​ចិន​នេះ ភាគច្រើន​រៀបចំឡើង​ដោយ​ប្រជាជន​ចិន​ដែល​ធ្វើ​ការងារ​ក្រុមហ៊ុន​ចិន​និង​កំពុង​សង់វា​រី​អគ្គិសនី នៅ​ប្រទេស​អ៊ូ​ហ្ក​ង់​ដា ។  ប្រជាជន​ចិន​ទាំងនោះ​ភាគច្រើន​តុបតែង​លម្អរ​សហគមន៍​របស់​ខ្លួន និង​ចាក់​ចម្រៀង និង​ការសម្តែង​តាម​ប្រពៃណី​ចិន​ផង ហើយ​ប្រជាជន​ក្នុងស្រុក​ក៏​ចូលរួម​ក្នុង​វិធី​ច្រើន​ដែរ​។ ប្រជាជន​ចិន​នៅ​អ៊ូ​ហ្ក​ង់​ដា​បាន​អះអាងថា ការរៀបចំ​បុណ្យចូលឆ្នាំ​នេះ​មិន​ត្រឹមតែ​ជួយ​ឲ្យ​ប្រជាជន​អ៊ូ​ហ្ក​ង់​ដា​ស្វែងយល់​ពី​ប្រពៃណី​ចិន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​ឲ្យ​ទំនាក់ទំនង​ចិន​និង​អ៊ូ​ហ្ក​ង់​ដា កាន់តែ​ប្រសើរឡើង​ដែរ​។​

​អ្នកវិនិយោគ​ចិន​កំពុងតែបន្ត​ប​ន្ទុ​យ​គ្នា​ដាក់ទុន​រកស៊ី​នៅ​អាហ្វ្រិក ហើយ​ផលិតផល​ចិន​កំពុង​វាយ​លុយ​ទីផ្សា​អាហ្វ្រិក​ថែមទៀត​។ បើ​និយាយ​ពី​ទំនាក់ទំនង​ចិន​និង​ប្រទេស​អ៊ូ​ហ្ក​ង់​ដា​កើនឡើង​រាល់​ឆ្នាំ ហើយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កើនឡើង​រហ័ស​ថែមទៀត​៕




Tag:
 ចូល​ឆ្នាំ​ចិន
  អាហ្វ្រិុក
© រក្សាសិទ្ធិដោយ thmeythmey.com